ត្រាំ៖ បញ្ជាទ័ពទី១ឲ្យវាយអាល់កៃដា ប្រែក្លាយជា«វិនាសកម្ម»
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ០២ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 03, 2017
- ប្រធានបទ: ភេរវនិយម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការវាយប្រហារនេះ ត្រូវបានរៀបចំឡើង តាំងពីច្រើនខែមកហើយ តែប្រធានាធិបតីផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា (Barack Obama) មិនបានបើកភ្លើងខៀវ ដើម្បីផ្ទុះអាវុធនោះទេ។ ក្រុមការងារក្រោមបញ្ជា របស់លោក អូបាម៉ា បានរៀបចំគម្រោងនេះឡើង ដើម្បីអនុញ្ញាត ឲ្យធ្វើការវាយសម្រុក ទៅលើផ្ទះមួយខ្នងសង់ពីឥដ្ឋ ស្ថិតក្នុងតំបន់ព្រៃភ្នំមួយ ភាគកណ្ដាលនៃប្រទេសយ៉េមេន ដែលគេបានដឹងថា ជាសម្បុករបស់បណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda) ប្រចាំនៅឧបទ្វីបអារ៉ាប៊ីសាអ៊ូឌីត ហៅកាត់ថា «AQPA»។
គោលបំណងសំខាន់ នៃគម្រោងវាយប្រហារនេះ គឹចង់រឹបអូសឲ្យបាន នូវប្រព័ន្ធកំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ដែលមាននៅក្នុងផ្ទះនោះ ដើម្បីអាចឲ្យដឹង ពីព័ត៌មាន ឬពីគម្រោងសំងាត់ទាំងឡាយ របស់បណ្ដាញភេរវនិយម នៅក្នុងតំបន់។
ប៉ុន្តែគម្រោងវាយលុក ដោយមានការបញ្ជូន កងកម្លាំងថ្មើរជើងអាមេរិក ទៅប្រយុទ្ធដោយផ្ទាល់នេះ ត្រូវបានប្រធានាធិបតី អូបាម៉ា និងក្រុមការងាររបស់លោក លើកពេលម្ដងជាពីដង។ លោក អូបាម៉ា បានគិតថា វានឹងមានហនិភ័យច្រើន ប្រសិនជាលោកបើកភ្លើងខៀវ ឲ្យផ្ទុះអាវុធ។ នេះ បើតាមការអះអាង របស់សារព័ត៌មាន «New York Times»។
ផ្ទុយទៅវិញ ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ (Donald Trump) ដែលទើបនឹងចូលមកកាន់តំណែង បានបើកភ្លើងខៀវ ឲ្យធ្វើការវាយលុក ទៅលើភូមិនោះ កាលពីថ្ងៃអាទិត្យទី២៩ ខែមករាកន្លងមក។ បើតាមក្រុមអ្នកជំនាញឯករាជ្យមួយ ដែលមានជំនាញ ខាងការសិក្សាទៅលើជម្លោះអន្តរជាតិ (ហៅជាភាសាអង់គ្លេសេ «International Crisis Group») បានអះអាងថា មានស្ត្រីនិងកុមារ យ៉ាងហោច១០នាក់ បានស្លាប់នៅក្នុងការវាយប្រហារខាងលើ។ ក្រុមអ្នកជំនាញ បានសម្ដែងការព្រួយបារម្ភបន្ថែមថា អាចនឹងមានជនស៊ីវិលស្និតនឹងបណ្ដាញភេរវនិយមច្រើននាក់ទៀត ក៏ត្រូវបានសម្លាប់ដែរ។
រីឯខាងអាមេរិកវិញ ទាហានម្នាក់បានស្លាប់ និងបីនាក់ផ្សេងទៀត បានរងរបួស។ មន្ទីរប៉ង់តាហ្គោន (Pentagone = ក្រសួងការពារជាតិអាមេរិក) បានទទួលស្គាល់ថា កងកម្លាំងភេរវនិយម យ៉ាងតិច១៤នាក់ (ដែលត្រូវបានសម្លាប់) ហាក់ដូចជាបានដឹងជាមុន ពីការវាយសម្រុកនេះ និងបានប្រយុទ្ធ តទល់នឹងកងទ័ពអាមេរិកវិញ យ៉ាងខ្លាំងក្លា។
ដោយឡែក នៅក្នុងការផ្សាយមួយ របស់សារព័ត៌មាន «The Guardian» បានឲ្យដឹងថា នៅក្នុងចំណោមជនរងគ្រោះ ជាជនស៊ីវិលទាំងនោះ មានកុមារីអាយុ៨ឆ្នាំម្នាក់ ជាជនជាតិអាមេរិក ដែលធ្វើឲ្យខាងអាមេរិក មានមនុស្សស្លាប់ឡើងដល់ពីរនាក់។ ជីតារបស់កុមារី បានអះអាងដោយខ្លួនឯងផ្ទាល់ ប្រាប់សារព័ត៌មានថា ចៅស្រីរបស់លោក ត្រូវបានទាហានអាមេរិកាំង បាញ់ចំក និងបានស្លាប់ នៅ២ម៉ោងក្រោយការវាយលុក។ ជីតារូបនេះ បានលើកឡើងថា៖ «ខ្ញុំមិនយល់ពីហេតុអ្វី បានជាកងទ័ពអាមេរិក បានប្រើប្រាស់កម្លាំងកុម្មង់ដូ (Commando) ដ៏សម្បើម ទៅលើភូមិដ៏តូចមួយ របស់ប្រទេសយ៉េមេន ដែលប្រៀបបាន ទៅនឹងការវាយសម្រុក ចូលសម្លាប់ អូសាម៉ា ប៊េនឡាដេន (Oussama Ben Laden) នៅក្នុងប្រទេសប៉ាគីស្ដង់ដូច្នេះ»៕
» កុមារី ដែលបានស្លាប់ នៅក្នុងហេតុការណ៍៖