ហ៊ុន សែន ឪបណ្ឌិត!
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០២ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 02, 2017
- ប្រធានបទ: សង្គមខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីបញ្ជាក់ថា លោកមានពូជពង្សវង្សត្រកូល ជាអ្នកចេះដឹងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងថ្លែងលើកឡើងជាច្រើនដង ពីសញ្ញាប័ត្របណ្ឌិត ដែលកូនរបស់លោកទទួលបាន។ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជា ដែលមិនរង្គើខ្លួនពីតំណែង តាំងពីជាង៣ទសវត្សន៍មក បានឆ្លៀតឱកាស នៃការគម្រាមជាពាក្យសំដី ទៅកាន់អ្នកវិភាគនយោបាយ វ័យចំណាស់ម្នាក់ គឺលោកបណ្ឌិត មាស នី នោះ ដើម្បីតាំងខ្លួនលោក ជា«ឪបណ្ឌិត» ព្រោះលោកមានកូន ជាបណ្ឌិតយ៉ាងហោច២នាក់។
បុរសខ្លាំងកម្ពុជា បានថ្លែងដូច្នេះ នៅចំពោះនិស្សិតរាប់សិបនាក់ ក្នុងពិធីចែកសញ្ញាប័ត្រមួយ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។ លោកបានលើកឡើងថា៖ «នែលោក មាស នី ខ្ញុំផ្តាំទៅលោក។ លោកឲ្យល្មមៗបានហើយ ខ្ញុំចេះដែរតើ ព្រោះខ្ញុំឪបណ្ឌិតដែរតើ ខ្ញុំមិនអួតខ្លួនឯងទេ ប៉ុន្តែកូនខ្ញុំវាមានបណ្ឌិត ហើយបណ្ឌិតហ្នឹងប្រហែលជាមិនអន់ ជាងលោកទេ សេដ្ឋកិច្ចក៏មាន នយោបាយក៏មាន ហើយបណ្ឌិតខាងផ្នែកយោធា មិនមែនវិភាគអីតែលោក។»។
លោក ហ៊ុន សែន មានកម្រិតសិក្សា រៀនមិនទាន់ចប់ ថ្នាក់អនុវិទ្យាល័យនៅឡើយ។ លោកធ្លាប់បានអះអាងថា លោកមានការសិក្សាតិចតួច ដោយសារលោកត្រូវចេញ ទៅធ្វើការតស៊ូនៅក្នុងព្រៃ ដើម្បីឆ្លើយតប នឹងការដង្ហើយហៅរបស់សម្ដេច នរោត្ដម សីហនុ នាទសវត្សន៍ឆ្នាំ៧០។ ប៉ុន្តែទោះជាលោក មិនបានចូលសាលា ឲ្យបានជាប់លាប់ ឬមានគ្រូបង្ហាត់បង្ហាញ ឲ្យបានពិតប្រាកដនោះក៏ដោយ ក៏លោក ហ៊ុន សែន ទទួលបានសញ្ញាប័ត្រជាច្រើន បន្ទាប់ពីលោក បានក្លាយជានាយករដ្ឋមន្ត្រី ជាពិសេសសញ្ញាប័ត្រ «បណ្ឌិតកិត្តិយស» ដ៏សន្ធឹកសន្ធាប់ រាប់ចាប់តាំង ពីឆ្នាំ១៩៩១ រហូតមកដល់សព្វថ្ងៃ។
កូនរបស់លោក ដែលលោកបានលើកឡើងថា សុទ្ធសឹងជាបណ្ឌិតនោះ ទំនងជាលោកសំដៅ ទៅដល់លោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សា ពីសាលាបណ្ឌិតសភាយោធា «West Point» របស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៩ ហើយលោក ម៉ាណែត ក៏បានទទួលសញ្ញាប័ត្របណ្ឌិត ខាងសេដ្ឋកិច្ច ពីសាកលវិទ្យាល័យ «Bristol» របស់ចក្រភពអង់គ្លេស ក្នុងឆ្នាំ២០០៧នោះដែរ។ កូនប្រុសម្នាក់ទៀត របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ត្រូវបានគេស្គាល់ថា ទទួលសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិ និងផ្នែកសន្តិសុខ ពិសេសប្រឆាំងភេរវកម្ម (ពីអាមេរិក និងអូស្ត្រាលី)។
ក្រៅពីកូនទាំងពីរ លោក ហ៊ុន សែន នៅមានភរិយា និងកូនប្រសាររបស់លោក ដែលសុទ្ធតែទទួលបាន សញ្ញាប័ត្របណ្ឌិត ឬសញ្ញាប័ត្របណ្ឌិតកិត្តិយស ពីបរទេសនោះទៀត។ កាលពីដើមខែមិនា ឆ្នាំ២០១៤ លោកនាយករដ្ឋមន្ត្រី បានប្រកាសឲ្យគេឯងដឹងថា អ្នកស្រី ពេជ ចន្ទមុន្នី ដែលជាភរិយារបស់លោក ហ៊ុន ម៉ាណែត ទើបនឹងបានទទួលសញ្ញាប័ត្របណ្ឌិត ផ្នែកសុខភាពសាធារណៈ (មុនការថ្លែងរបស់លោកប៉ុន្មានថ្ងៃ) ពីគ្រឹះស្ថានអប់រំមួយ ក្នុងចក្រភពអង់គ្លេស។
ការថ្លែងរំលឹក ពីសញ្ញាប័ត្របណ្ឌិត និងបណ្ឌិតកិត្តិយស របស់រូបលោកផ្ទាល់ និងរបស់សមាជិកក្រុមគ្រួសារលោកនេះ ក៏ត្រូវបានលោក ហ៊ុន សែន លើកឡើង ដើម្បីជាការប្រៀបធៀប ទៅនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែរ។ នៅចំពោះបណ្ដាជនខ្មែរ និងមានដើមកំណើតខ្មែររាប់រយនាក់ កាលពីខែតុលា ឆ្នាំ២០១៥ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង លោកនាយករដ្ឋមន្ត្រី បាននិយាយថា កូនៗរបស់ប្រធានគណបក្សប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង ថាមានសញ្ញាប័ត្រ មិនស្មើ និងមិនដូចកូនៗ របស់លោកនោះទេ៕
» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ព្រមាន សម រង្ស៊ី ឲ្យសុំទោស រឿងកាដាហ្វី