ហ៊ុន សែន៖ ការជួយពលករ មិនមែនជាការកេងចំណេញនយោបាយ
- ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៤ នេះបានច្រានចោលការចោទប្រកាន់ថា រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានទាញប្រជាប្រិយភាពពីពលករ ក្នុងន័យកេងចំណេញនយោបាយ ក្នុងពេលជួយសង្រ្គោះពលករខ្មែរកំពុងជួបការលំបាក។
លោក ហ៊ុន សែន នៅរដ្ឋសភា ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - បន្ទាប់ពីមានអ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានលើកឡើងថាអ្នកគ្រប់គ្រងអំណាចនៅកម្ពុជា បានឆ្លៀតប្រើប្រាស់កាតព្វកិច្ច ជួយសង្រ្គោះពលកររងគ្រោះ ដើម្បីកេងចំណេញនយោបាយមក លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដែលធ្វើឡើងនៅកោះពេជ្រ បានសម្ដែងការខកចិត្ត ចំពោះការចោទប្រកាន់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាថា កេងចំណេញនយោបាយពីពលករខ្មែរ។
តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលស្គាល់ថា រដ្ឋាភិបាលរបស់លោកពិតជាបរាជ័យ ក្នុងនយោបាយសេដ្ឋកិច្ច ទើបបណ្តាលឲ្យមានពលករខ្មែរចំណាកស្រុកយ៉ាងច្រើនបែបនេះ។
នៅពេលដែលពលករខុសច្បាប់ខ្មែរ ជាង២សែននាក់ ត្រូវរបបយោធាថ្មីថៃ បណ្តេញចេញពីប្រទេសគេ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញយ៉ាងគំហុកនោះ គណបក្សសង្រ្គោះជាតិ ត្រូវបានគេសង្កេតឃើញថា បានចូលរួមយកចិត្តទុកដាក់ផ្នែកមនុស្សធម៌ ដល់ពលករខ្មែរខុសច្បាប់ទាំងនោះផងដែរ តែគណបក្សជំទាស់នេះ ក៏ឆ្លៀតឱកាសចោទប្រកាន់ថា ឬសគល់នៃបញ្ហាទាំងនេះ គឺបណ្តាលមកពីបរាជ័យនយោបាយសេដ្ឋកិច្ច របស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
បើទោះគណបក្សប្រជាជនកម្ពុជា ក្នុងនាមរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ បានដុតដៃដុតជើងតាមលទ្ធភាពរៀងខ្លួន ជួយសម្រាលការលំបាករបស់ពលករខ្មែរក៏ដោយ ក៏អ្នកវិភាគនយោបាយឯករាជ្យ និងសង្គមកម្ពុជា ជាបន្តបន្ទាប់ បានពន្យល់ថា ត្រឹមហេតុផលមនុស្សធម៌ និងកាតព្វកិច្ចរបស់ពួកគេ គឺមិនគ្រប់គ្រាន់ទេ តែប្រាកដជាមានហេតុផល ទាញប្រជាប្រិយភាពនយោបាយ ពីពលករខុសច្បាប់ខ្មែរថែមទៀត ទើបអាចជំរុញឲ្យគណបក្សទាំងពីរ ជួយដល់ពលករខ្មែរយ៉ាងសស្រាក់សស្រាំបែបនេះ។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា គិតពីថ្ងៃទី០៦ ដល់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៤នេះ មានពលករខ្មែរជាង២២ម៉ឺននាក់ហើយ ដែលត្រូវបានរដ្ឋាភិបាលយោធាថៃ ចាប់បញ្ជូនមកកម្ពុជាវិញ ក្នុងនោះមានអ្នកស្លាប់៨នាក់ និងរបួស១៦នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ។ តែចំនួនពលករ ដែលត្រូវបញ្ជូនមកកម្ពុជាវិញ ក្នុងមួយរយៈពេលចុងក្រោយ នេះត្រូវគេសង្កេតឃើញថា មានការថយចុះពីមួយថ្ងៃទៅមួយថ្ងៃ៕