សហភាពអន្តរសភាបង្ហាញជំហរ ឲ្យភាគីជម្លោះខ្មែរជួបជជែកគ្នា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៩ មីនា ២០១៨
- កែប្រែចុងក្រោយ: March 29, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណៈកម្មការទទួលបន្ទុក សិទ្ធិមនុស្ស នៃសហភាពអន្តរសភា ដែលហៅជាភាសាអង់គ្លេស «Inter-Parliamentary Union - IPU» បានចេញសេចក្ដីសម្រេចមួយ មាន៩ចំណុច កាលពីម្សិលម៉ិញ ជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា ស្ដារនីតិសម្បទារ ទៅឲ្យគណបក្សប្រឆាំង និងមន្ត្រីទាំង១១៨នាក់ ឡើងវិញ ដើម្បីឲ្យគណបក្សនេះ អាចចូលរួមការបោះឆ្នោតជាតិខាងមុខ សមស្របតាមឆន្ទះម្ចាស់ឆ្នោត និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
ជាពិសេស សេចក្ដីសម្រេចបានបញ្ជាក់ នៅក្នុងចំណុចទី៦ថា ស្ថាប័នអន្តរជាតិ ដែលមានទីស្នាក់ការកណ្ដាល នៅក្រុងហ្សឺណែវ ប្រទេសស្វីស និងមានសមាជិកពីតំណាងរដ្ឋសភាព និងព្រឹទ្ធសភា មកពី១៧៣ប្រទេសមួយនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួល ដល់ការជួបជជែកគ្នា និងធ្វើជាអាជ្ញាកណ្ដាល រវាងភាគីជម្លោះនយោបាយខ្មែរទាំងអស់។
សេចក្ដីសម្រេច ដែលនឹងត្រូវបញ្ជូន ដាក់ឲ្យអនុម័ត នៅក្នុងកិច្ចប្រជុំពេញអង្គ របស់ក្រុមប្រឹក្សាភិបាល នៃសហភាពអន្តរសភានោះ បានសរសេររៀបរាប់ពីចំណុចទី១ រហូតដល់ចំណុចទី៣ សំដែងពីការខ្វាយខ្វល់របស់សហភាពអន្តរសភា ជុំវិញការធ្វើទុក្ខបុកម្នេញ ទៅលើសម្លេងប្រឆាំង ជាពិសេសការរំលាយគណបក្សសង្គ្រោះជាតិ ការចាប់ខ្លួនប្រធានគណបក្ស ដាក់ពន្ធនាគារ និងការរឹបអូសយកកៅអី ពីក្រុមអ្នកតំណាងរាស្ត្រ ដែលជាប់ឆ្នោតដោយស្របច្បាប់ បង្ហាញឲ្យឃើញ យ៉ាងច្បាស់ក្រឡែត នូវការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិជាមូលដ្ឋាន នៃក្រុមសមាជិកសភាទាំងនោះ។
គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ដោយអំណាចសាលក្រមដ៏ចម្រូងចម្រាស់មួយ របស់តុលាការកំពូល កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧កន្លងមក។ ការរំលាយគណបក្សប្រឆាំង ដែលសំខាន់ជាងគេ និងការរឹបអូសយកអសនៈ របស់ក្រុមអ្នកតំណាងរាស្ត្រ របស់គណបក្សនេះ ទៅឲ្យបេក្ខជន មកពីគណបក្សផ្សេងនោះ ធ្វើឡើងដោយអនុលោម តាមច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្ម ជាច្រើនដង ដោយរដ្ឋសភាកម្ពុជា ដែលមានការចូលរួមប្រជុំ តែក្រុមតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា។
សេចក្ដីសម្រេច របស់គណៈកម្មការសិទ្ធិមនុស្ស នៃសហភាពអន្តរសភា បានសរសេរបន្ត នៅត្រង់ចំណុចទីបួន ជំរុញឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា ផ្ដល់អសនៈទាំង៥៥ នៅក្នុងរដ្ឋសភា ទៅឲ្យគណបក្សសង្គ្រោះជាតិវិញ ហើយវិលត្រឡប់ ទៅរកតុចរចានយោបាយ និងទាមទារជាថ្មីទៀត ឲ្យអាំជ្ញាធររដ្ឋាភិបាលកម្ពុជា ចាត់ចំណាត់ការជាបន្ទាន់ និងគ្មានពេលកំណត់ ក្នុងការបិទបញ្ចប់ នូវការយាយី ដែលធ្វើឡើងជាបន្តបន្ទាប់ ទៅលើគណបក្ស និងមន្ត្រីប្រឆាំង។
ស្ថាប័នអន្តរជាតិមួយនេះ បានសំដែងក្ដីមន្ទិល និងព្រមានជាមុន ចំពោះសុច្ចរិតភាព និងភាពស្របច្បាប់ នៃរដ្ឋសភាកម្ពុជា បណ្ដាលមកពីការវិវត្តិ ផ្នែកនយោបាយថ្មីៗ និងជាពិសេសកង្វះ នៃភាពត្រឹមត្រូវ យុត្តិធម៌ នៅក្នុងការបោះឆ្នោតជាតិខាងមុខ ដែលផ្ទុយពីគោលការណ៍ នៃរដ្ឋសភាប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស និងប្រព័ន្ធដឹកនាំ បែបនីតិរដ្ឋ។
នៅក្នុងចំណុចទី៧ សហភាពអន្តរសភា បាន«អញ្ជើញ» បណ្ដាសមាជិកសភា នៅក្នុងពិភពលោកទាំងមូល ជាពិសេសសមាជិកសភា ដែលតំណាងឲ្យរដ្ឋ ជាសមាជិករបស់សហភាពអន្តរសភា ក៏ដូចជាស្ថាប័នជាប់ពាក់ព័ន្ធផ្សេងទៀត ទាំងថ្នាក់ជាតិ តំបន់ និងថ្នាក់អន្តរជាតិ ឲ្យប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយវិបត្តិនយោបាយ នៅកម្ពុជា ក្នុងនោះ ជួយសម្រួលឲ្យភាគីខ្មែរ វិលត្រឡប់ទៅរកការជួយសន្ទនាគ្នាឡើងវិញ អនុម័តនូវសេចក្ដីថ្លែងការណ៍ ជាសាធារណៈ និងធ្វើជាតំណាង ឲ្យអាជ្ញាធរកម្ពុជា៕