ខ្មែរនៅអ៊ឺរ៉ុបផ្ញើរញត្តិជូន ម៉ាក្រុង ស្នើប្រទេសមហាអំណាចកុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៥ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 05, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បដិសេធ មិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី និងដាក់ទណ្ឌកម្មរួមគ្នា ឲ្យបានខ្លាំងបំផុត ចំពោះទង្វើរបស់រដ្ឋាភិបាល លោក ហ៊ុន សែន។ នេះ ជាការស្នើសុំពីរចំណុច នៅក្នុងញត្តិមួយច្បាប់ មានពីរទំព័រ របស់ក្រុមបាតុករខ្មែរ និងមិត្តភ័ក្របរទេស របស់កម្ពុជា ដែលរស់នៅក្នុងប្រទេសបារាំង និងក្នុងទ្វីបអ៊ឺរ៉ុប ផ្ញើរទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។
ក្រុមបាតុករដែលបានជួបជុំគ្នា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើទីលានត្រូកាដេរ៉ូ (Trocadero - ទល់មុខតួអេហ្វែល) កណ្ដាលរដ្ឋធានី ប៉ារីស បានធ្វើការរំលឹក នៅក្នុងញត្តិនោះថា បើទោះជារដ្ឋាភិបាលបារាំង បាន«ទាមទារឲ្យអាជ្ញាធរកម្ពុជា ចាំបាច់ត្រូវគោរពសិទ្ធិពលរដ្ឋ ជាមូលដ្ឋានគ្រឹះទាំងឡាយ ដែលអនុញ្ញាតឲ្យធានាបាន នូវដំណើរការប្រជាធិបតេយ្យមួយ ដែលអាចទទួលយកបាន» នោះក៏ដោយ តែលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា មិនបានអើពើ និងផ្លាស់ប្ដូរធម្មជាតិ នៃការកាន់អំណាច របស់លោកទេ។
ញត្តិបន្តថា៖ «ជាថ្មីម្ដងទៀត ប្រជាជនកម្ពុជា ត្រូវការជំនួយអន្តរជាតិ ជាបន្ទាន់ ដើម្បីអាចឲ្យប្រទេសកម្ពុជា វិលត្រឡប់មករក មាគ៌ាប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ដែលធានាដោយកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១»។
ក្រុមបាតុករបានបញ្ជាក់ នៅក្នុងញត្តិដដែលថា៖ «ក្នុងស្ថានភាពបែបនេះ យើងស្នើសុំ (១) ឲ្យប្រទេសមហាអំណាចប្រជាធិបតេយ្យទាំងអស់ កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជាថ្មី ដែលកើតចេញ ពីការបោះឆ្នោតបោកបន្លំ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ (២) ឲ្យប្រទេសទាំងនោះ ដាក់ទណ្ឌកម្មរួមគ្នា ឲ្យបានខ្លាំងបំផុត ចំពោះទង្វើរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីបង្ខំឲ្យលោក ហ៊ុន សែន (A) ត្រូវគោរពកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ (B) ត្រូវដោះលែង ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ លោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត និង(C) ត្រូវរៀបចំការបោះឆ្នោត សារជាថ្មី ដែលមានលក្ខណៈសេរី យុត្តិធម៌ សម្រាប់គ្រប់ភាគី និងស្ថិតក្រោមការត្រួតពិនិត្យ របស់សហគមន៍អន្តរជាតិ។»។
ញត្តិរបស់បណ្ដាជនខ្មែរ ដែលរស់នៅឯនាយសមុទ្រ ទៅកាន់លោកប្រធានាធិបតីបារាំង មិនមែនទើបនឹងធ្វើឡើង ជាលើកទីមួយទេ ហើយក៏តែងទទួលបានការឆ្លើយតប មកវិញដែរ។ ការឆ្លើយតបនោះ ធ្វើឡើងតាមរយៈលោក ហ្វ្រង់ស័រ ហ្សាវីយ៉េង ឡូឆ៍ (François-Xavier Lauch) នាយកខុទ្ទកាល័យប្រធានាធិបតីបារាំង ដោយបានអះអាងថា លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាបានដឹងឮ ពីវិបត្តិនយោបាយ នៅក្នុងប្រទេសកម្ពុជា។
ដូចលិខិតមួយច្បាប់ របស់នាយកខុទ្ទកាល័យប្រធានាធិបតី ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបានបញ្ជាក់បន្ថែថា លោក អេម៉ានុយអែល ម៉ាក្រុង បានបញ្ជូនការព្រួយបារម្ភ ដ៏«ជ្រាលជ្រៅ» របស់លោក ទាក់ទងនឹងបញ្ហាកម្ពុជា ជូនទៅលោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេស របស់ប្រទេសបារាំង ដើម្បីចាត់វិធានការ និងឆ្លើយតបមកក្រុមបាតុករវិញ៕