បោះឆ្នោតប្រធានាធិបតីអាមេរិក៖ អូបាម៉ា វាយលុកខ្លាំងលើ រ៉ូមណី
មិនជាពិបាកប៉ុន្មានទេ សំរាប់លោកបារ៉ាក់ អូបាម៉ា នៅលើបញ្ហានយោបាយអន្តរជាតិនោះ។ ជាសេចក្ដីសង្កេត ធ្វើទៅលើ លោកប្រធានាធិបតីផុតអាណត្តិ ដែលលោកបានវាយលុកយ៉ាងច្រើន ទៅលើបេក្ខជនគូរប្រជែងរបស់គាត់ មកពីគណបក្សសាធារណរដ្ឋ ខណៈការជួបវែកញែកទល់មុខគ្នាមួយ ជាលើកចុងក្រោយ មុនថ្ងៃបោះឆ្នោត តែប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ។ រីឯលោក ម៉ាត៍ រ៉ូមណីវិញ បានត្រឹមតែការពារមុខមាត់របស់គាត់ នៅលើប្រធានបទនេះប៉ុណ្ណោះ។
ជារការជជែកតទល់មុខគ្នាជាលើកទី៣ ហើយក៏ជលើកចុងក្រោយបង្អស់ដែរ កាលពីយប់ថ្ងៃច័ន្ទទី២២តុលាកន្លងមកនេះ សំរាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅដើមខែវិច្ឆិការខាងមុខនេះ។ លោកប្រធានាធិបតីផុតតំណែង បារ៉ាក់ អូបាម៉ា បានបង្ហាញនូវភាពមោះមុតរបស់ខ្លួន នៅចំពោះមុខគូរប្រជែងរបស់ខ្លួន លោកម៉ាត៍ រ៉ូមណី។ មិនត្រឹមតែប៉ុណ្ណោះ លោកអូបាម៉ា ថែមទាំងបានធ្វើអោយគេឃើញ ពីអសមត្ថភាព ក្នុងកិច្ចការនយោបាយការបរទេស របស់បេក្ខជនមកពីគណបក្សសាធារណរដ្ឋអាមេរិករូបនេះថែមទៀតផង។
ជាមួយនឹងបរិយាកាស ពេលខ្លះតឹងតែង លោកអូបាម៉ា បាននិយាយចំមុខ និងបានសំលឹងមិនដាក់ភ្នែក ទៅគូរប្រជែងរបស់លោកថា «ជារៀងរាល់ពេល ដែលអ្នកឯងនិយាយអោយយោបល់ គឺអ្នកឯងធ្វើខុសរហូត»។ ជាមួយនឹងនយោបាយរបស់លោក ដែលថាបានដកកងទ័ពអាមេរិក ចេញពីប្រទេសអ៊ៀរ៉ាក់ នៅឆ្នាំ២០១១កន្លងទៅ លោកអូបាម៉ាបានបន្ថែមថា «អ្នកនិយាយថា យើង (អាមេរិក) ត្រូវតែទៅអ៊ៀរ៉ាក់ បើទោះជាគ្មានអាវុធប្រល័យលោកក៏ដោយ។ លោកបាននិយាយថា យើងត្រូវតែមានជារៀងរហូតទៅ នូវកងទ័ពរបស់យើង នៅប្រទេសអ៊ៀរ៉ាក់។»
យុទ្ធសាស្ដ្រវាយសម្រុក របស់លោកប្រធានាធិបតីផុតតំណែងនេះ មើលទៅទំនងជាបានបញ្ចុះបញ្ចូល ក្រុមប្រជាអ្នកទៅបោះឆ្នោត អោយងាកមកបោះឆ្នោតអោយលោកបានច្រើនជាមុន។ នៅក្នុងការស្ទង់មតិធ្វើឡើងភ្លាមៗ ដោយ CBS ៥៣% បោះអោយលោកអូបាម៉ា រីឯលោករ៉ូមណី មានចំនួនតែ ២៣%ប៉ុណ្ណោះ។ វិទ្យាស្ថានស្ទង់មតិ (PPP) មួយទៀត ក៏បានបញ្ជាក់ពីជ័យជំនះរបស់លោកអូបាម៉ា (៥២%) លើលោកម៉ាត៍ រ៉ូមណី (៤២%) ដែរ។ រីឯការស្ទង់មតិរបស់ CNN បានអះអាង ពីភាពនាំមុខតែបន្ដិចបន្តួច របស់លោកប្រធានាធិបតីផុតអាណត្តិ ប្រមាណតែ ៤៨% ទល់នឹងគូរប្រជែងសាធារណរដ្ឋ ៤០%។
ភាពប្រយ័ត្នប្រយែង របស់លោករ៉ូមណី
ដូចជារៀងរាល់ដង លោក គ្រីស្ដូហ្វើ អាធើតុន (Christopher Arterton) ជាជំនាញខាងនយោបាយនៅសកលវិទ្យាល័យ ហ្សក វ៉ាស៊ីនតោន បានបកស្រាយថា «លោក រ៉ូមណី មានលទ្ធភាពបញ្ជាក់ថា លោកមិនមែនជាអ្នកអភិរក្សនិយមមួយរូប ប្រកបដោយភាពគ្រោះថ្នាក់ និងភាពហឹង្សា ដូចអ្វីដែលលោកអូបាម៉ា ព្យាយាមនឹងទាញលោកនោះទេ។ រូបភាពនេះអាចជួយគាត់ ជាពិសេសនៅក្នុងបណ្ដារដ្ឋដែល គាត់មានប្រៀបជាង ដូចជា នៅផ្ល័រីដ (Floride) និងអូហៃយ៉ូ (Ohio) ជាដើម។»
ជារឿយៗ បេក្ខជនទាំងពីរ បានឈរនៅលើចំនុចរួមគ្នាខ្លះ ដូចជាជំហរជាអ្នកការពារ អ៊ីស្រ្តាអែល និងដាក់អោយមានការឃ្លាំមើល ប្រទេសអ៊ៀរ៉ង់ នៅក្នុងគម្រោងការអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ។ តែផ្ទុយទៅវិញ គេមិនសូវបានលឺជជែកគ្នាទេ ប៉ុន្មានពីអ៊ឺរ៉ុប ហើយរឹតតែអត់ទៅទៀត សំរាប់ទ្វីបអាហ្វ្រិក សំរាប់ការជជែកទល់មុខគ្នា មានពេលតែ៩០នាទីប៉ុណ្ណោះនេះ។
លោកសាស្ត្រាចារ្យ ខាងទំនាក់ទំនង របស់សកលវិទ្យាល័យអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន ឌឺ ស៊ី លោក ដូធី លីញឆ៍ (Dotty Lynch) បានរំពឹងគិតថា «នៅពេលដែលលោក រ៉ូមណី បានធ្លាក់ក្នុងការយល់ព្រម ជាមួយលោក អូបាម៉ា នៅចំនុចសំខាន់ៗជាច្រើន ទៅលើនយោបាយក្រៅប្រទេសនោះ លោករ៉ូមណី បានដើរតួយ៉ាងប្រយ័ត្នប្រយែងមួយ នៅយប់ថ្ងៃច័ន្ទនេះ ហើយបានសាកល្បង បង្វិលកិច្ចសន្ទនា ទៅរកប្រធានបទ សេដ្ឋកិច្ច ដែលលោកគិតថា លោកបានសមត្ថភាពខ្លាំងជាង។»
អ្នកជំនាញម្នាក់ទៀត បានលើកជាយោបល់ឡើងដែរថា «សហរដ្ឋអាមេរិក បានឃើញពី សមត្ថភាពបញ្ជាការ របស់ពួកគេ និងដឹងថា មាននរណាម្នាក់ ក្នុងចំណោមអ្នកទាំងពីរ មិនទាន់តៀមខ្លួននៅឡើយ ក្នុងកិច្ចបញ្ជាការនេះ។»
តែខាងក្រុមអ្នកសាធារណរដ្ឋវិញ បានបញ្ជាក់ពីភាពជឿជាក់របស់ពួកគេ ហើយថារាត្រីនៃការជជែកទល់មុខគ្នានេះ បានពង្រឹងបុគ្គលិកលក្ខណៈ ជាជើងឯង របស់ប្រធានាធិបតីសហរដ្ឋអាមេរិក។ ព្រឹទ្ធសមាជិកម្នាក់មកពីគណបក្សសាធារណរដ្ឋ លោក ម៉ាកូ រ៉ូប៊ីយូ នៃរដ្ឋផ្ល័រីដ បានចោទលោកអូបាម៉ា ថា «តូចទាប និង ខ្សត់ខ្សោយ ជាពិសេសនៅពេលនិយាយដល់ សំនុំរឿងធំៗ»។
----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
ប្រភព ៖ ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ