អាមេរិកផ្អាកការផ្ដល់ទិដ្ឋការ សម្រាប់មន្ត្រីការបរទេសខ្មែរ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 13, 2017
- ប្រធានបទ: ទិដ្ឋការ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតអាមេរិក ដែលទើបនឹងចេញផ្សាយនៅមុននេះ បានរៀបរាប់ឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ខែកញ្ញានេះ ស្ថានទូតនៃប្រទេសមហាអំណាចមួយនេះ «នឹងផ្អាកលែងចេញទិដ្ឋាការ ប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 (ដែលសុទ្ធសឹងជាប្រភេទ មិនមែនអន្តោរប្រវេសន៍) ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទី ចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូល នៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែង តិចតួចប៉ុណ្ណោះ»។
សេចក្ដីប្រកាសព័ត៌មាននោះ បានបញ្ជាក់ពីមូលហេតុ នៃការផ្អាកលែងផ្ដល់ទិដ្ឋការខាងលើថា ច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅត្រង់មាត្រា ២៤៣ (D) បានបញ្ជាឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក ត្រូវកំណត់ឲ្យមន្ត្រីកុងស៊ុល បញ្ឈប់លែងផ្តល់ទិដ្ឋាការទាំងនេះ បន្ទាប់ពីទទួលបានសំណើ ពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួន បានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេល ទទួលយកពលរដ្ឋ នៃប្រទេសរបស់ពួកគេវិញ។
ការផ្អាកលែងផ្ដល់ទិដ្ឋការនេះ នឹងមានសុពលភាព រហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិអាមេរិក ទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះ បានយល់ព្រម ទទួលយកពលរដ្ឋរបស់គេវិញហើយ។
ស្ថានទូតអាមេរិកបានបញ្ជាក់ទៀតថា៖ «ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុម ដែលត្រូវបានគេផ្អាក ការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្ត ដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការ ជូនបានទេ រហូតទាល់តែការផ្អាកនោះ ត្រូវបានលើកលែង។ សូមពិចារណាឲ្យបានដិតដល់ មុនពេលដាក់ពាក្យសុំទិដ្ឋាការ។» ខណៈ«ថ្លៃដាក់ពាក្យសុំទិដ្ឋាការ ដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ»។
មិនមានប្រតិកម្ម ពីក្រសួងការបរទេសកម្ពុជានៅឡើយ ក្នុងសំណុំរឿងផ្អាកផ្ដល់ទិដ្ឋការ ដល់មន្ត្រីជាន់ខ្ពស់របស់ខ្លួន។
ប៉ុន្តែក្នុងករណីទទួលយក ពលរដ្ឋខ្មែរ (ឬដែលមានដើមកំណើតខ្មែរ) ត្រឡប់មកកម្ពុជានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ស្នើសុំអាមេរិក ឲ្យធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខារួមគ្នា កាលពីឆ្នាំ២០០២។ នាយករដ្ឋមន្ត្រីិកម្ពុជា ចង់ឲ្យពលរដ្ឋខ្មែរដែលប្រព្រឹត្តិកំហុស នៅក្នុងទឹកដីអាមេរិក ត្រូវទទួលទោស ទៅតាមច្បាប់អាមេរិករួចរាល់ អាចរស់នៅអាមេរិកបន្តទៀត ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ ដែលរស់នៅទីនោះ ជាច្រើនឆ្នាំកន្លងមក។ លោក ហ៊ុន សែន បានចាត់ទុកការបញ្ជូនពួកគេ ត្រឡប់មកកម្ពុជាវិញ ថាជាការរំលោភសិទ្ធិមនុស្ស។
ការសម្រេចផ្អាក លែងផ្ដល់ទិដ្ឋការ ទៅដល់មន្ត្រីការបរទេសជាន់ខ្ពស់កម្ពុជា បើទោះជាមិនមែនកើតឡើង សម្រាប់តែប្រទេសកម្ពុជា តែ១នោះក៏ដោយ (ប្រទេស អេរីទ្រា ហ្គីណេ និងសៀរ៉ាឡេអូន បានរងទណ្ឌកម្មដូចគ្នា) ក៏ចំណាត់ការនេះ បានកើតឡើងតែមួយថ្ងៃ ក្រោយប្រតិកម្មរបស់ឯកអគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម ហេត (William Heidt) ជុំវិញភាពតានតឹងផ្នែកការទូត រវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញ ពីការចោទប្រកាន់ប្រឆាំងអាមេរិក ពីសំណាក់រដ្ឋាភិបាលកម្ពុជា ថាបាននៅពីក្រោយ លោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដើម្បី«ធ្វើបដិវត្តន៍ពណ៌» នៅកម្ពុជា។
សូមបញ្ជាក់ដែរថា ចំណាត់ការខាងលើនេះ មិនមានជាប់ទាក់ទង នឹងពលរដ្ឋកម្ពុជាសាមញ្ញផ្សេងទៀត របស់កម្ពុជា ដែលចង់ស្នើសុំទិដ្ឋការ ប្រភេទទេសចរណ៍ ឬប្រភេទអន្តោប្រវេសន៍ សម្រាប់ចូលទៅក្នុងទឹកដី អាមេរិក នោះទេ៕