ផៃ ស៊ីផាន៖ កម្ពុជាយល់ឃើញថា អាមេរិកនៅពីក្រោយខ្នង កឹម សុខា តាមរយៈសំដី កឹម សុខា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 13, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាអាជ្ញាធររដ្ឋាភិបាលកម្ពុជា មិនមានទឡ្ហីករណ៍ ភស្ដុតាង ឬអំណះអំណាងផ្សេង ដែលរឹងមាំជាងនេះ មកបញ្ជាក់ទេ នោះព្រឹត្តិការណ៍នយោបាយ ក្នុងរយៈបន្មានថ្ងៃកន្លងមក គ្រាន់តែជាការចង្អុល មកអាជ្ញាធរខ្លួនឯងវិញ អំពីអសមត្ថភាពរបស់ខ្លួន ឬពីចរិតនយោបាយដ៏អាក្រក់មួយ។ នេះ បើតាមការលើកឡើង របស់អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានអះអាងថា អ្វីដែលកម្ពុជាយល់ឃើញ យ៉ាងច្បាស់នោះ គឺ«សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយខ្នង និងលូកដៃជ្រៀតជ្រែក ចូលបញ្ហាលទ្ធិប្រជាធិបតេយ្យកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ផ្ទាល់ របស់អ្នកតំណាងរាស្រ្ត កឹម សុខា» នៅក្នុងវីដេអូមួយ ដែលប្រធានគណបក្សប្រឆាំងរូបនេះ បានថ្លែងទៅកាន់អ្នកគាំទ្រ នៅក្នុងប្រទេសអូស្ត្រាលី កាលពីជិតបួនឆ្នាំមុន។
ការថ្លែងរបស់មន្ត្រីអ្នកនាំពាក្យ ធ្វើឡើងនៅក្នុងប្រតិកម្មតប ត្រឡប់ទៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាវិញ ជុំវិញការលើកឡើង របស់មន្ត្រីការទូត របស់ប្រទេសមហាអំណាច កាលពីរសៀល ថ្ងៃទី១២ ខែកញ្ញានេះ អំពីភាពតានតឹងផ្នែកការទូត រវាងអាមេរិក និងកម្ពុជា បន្ទាប់ពីការថ្លែងចោទប្រកាន់ ជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ពិសេសពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា«អាមេរិកជាបាតដៃទីបី ឬនៅពីក្រោយលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដូចក្នុងប្រទេសយូហ្គោស្លាវី ឬសែប៊ី»។
លោក ផៃ ស៊ីផាន បានចាត់ទុកការថ្លែង របស់មេដឹកនាំបក្សប្រឆាំង ថាជាការសារភាពមួយ ដែលបង្ក«ការរំខាន»។ លោកបានបញ្ជាក់ថា៖ «លទ្ធិប្រជាធិបតេយ្យ អាច[មាន]ដំណើរទៅមុខនេះ គឺជាគោលបំណងដ៏ធំធេង របស់ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមបោះឆ្នោត ជាង ៩០% ហើយរាជរដ្ឋាភិបាល បានប្រឹងប្រែងធ្វើឲ្យមានការបោះឆ្នោតនេះ [ជា]ទៀងទាត់។ ការវិវត្តន៏ ប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យដោយគ្មានការលូកលាន់ ពីសហរដ្ឋអាមេរិក ដូចដែរបានសារភាព ដោយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលយើងយល់ថា ជាការរំខាន និងធ្វើអោយលទ្ធិប្រជាធិបតេយ្យ ប្រាសចាកពីគោលបំណង និងផលប្រយោជន៏របស់ខ្មែរពិត។»។
ក្នុងជំនួប ជាមួយក្រុមអ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញានេះ លោក វីល្លៀម ហេត (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានចេញមុខធ្វើប្រតិកម្មខ្លាំងៗ បែបការទូត ច្រានចោលការចោទប្រកាន់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកមួយចំនួន ដែលបានចោទប្រកាន់សហរដ្ឋអាមេរិក ថាជាអ្នកនៅពីក្រោយខ្នង លោក កឹម សុខា ក្នុងការបង្កើតឱ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។
លោក វីល្លៀម ហេត បានថ្លែងឡើងថា លោកមានអារម្មណ៍ឈឺចាប់ និងភ្ញាក់ផ្អើល ចំពោះការចោទប្រកាន់ ទៅលើសហរដ្ឋអាមេរិក ទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា ដែលលោកអះអាងថា សុទ្ធតែជាការចោទប្រកាន់ «គ្មានមូលដ្ឋាន មិនត្រឹមត្រូវ និងខុសដោយចេតនា»។
មន្ត្រីការទូត របស់ប្រទេសមហាអំណាច បានព្រមានដោយប្រយោលឡើងថា ព្រឹត្តិការណ៍នៅក្នុងខែកន្លងទៅនេះ មិនប៉ះពាល់ ទៅលើសហរដ្ឋអាមេរិកទេ តែវាប៉ះពាល់ ទៅលើប្រទេសកម្ពុជាទៅវិញទេ។ លោកថា៖ «មួយជំហានម្តងៗ ព្រឹត្តិការណ៍ទាំងនេះ កំពុងតែធ្វើអោយប្រទេសកម្ពុជា ឯកោពីសហគមន៍អន្តរជាតិ ក្នុងពេលដែលកម្ពុជា ត្រូវការជំនួយគាំទ្រអន្តរជាតិ ដើម្បីលើកកំពស់សេដ្ឋកិច្ចរបស់ខ្លួនឲ្យឡើងមួយកំរិតទៀត ហើយប្រកួតប្រជែង ជាមួយប្រទេសជិតខាង នៅក្នុងសមាគមអាស៊ាន។»។
លោក វីល្លៀម ហេត បានបន្តទៀតថា៖ «សំដីប្រឆាំងអាមេរិក បានធ្វើឲ្យជនជាតិអាមេរិក និងអ្នកទេសចរណ៍លោកខាងលិចជាច្រើន មានអារម្មណ៍លែងកក់ក្តៅជាងមុន ពេលធ្វើដំណើរមកកម្ពុជា នាពេលបច្ចុប្បន្ន។ ឆ្នាំនេះ អ្នកទេសចរទាំងនោះ អាចទៅចាយលុយ នៅហាឡុងបេយ៍ ឬនៅភូកេត ជាជាងនៅអង្គរវត្ត។ (...) ក្រុមហ៊ុនអាមេរិក និងលោកខាងលិច ក៏មានអារម្មណ៍លែងកក់ក្តៅ ជាងមុនផងដែរ ហើយក្រុមហ៊ុនកាន់តែតិចថែមទៀត នឹងមកវិនិយោគនៅកម្ពុជា។»។
ប៉ុន្តែការលើកឡើងខាងលើ ត្រូវបានលោក ផៃ ស៊ីផាន បដិសេធថា មិនពិតទេ។ មន្ត្រីរដ្ឋាភិបាល បានអះអាងថា៖ «អ្នកទេសចរណ៍ និងពាណិជ្ជករ គេមិនមែនជាអ្នកបម្រើនយោបាយនោះឡើយ ហើយសុវត្ថិភាព ក៏ជាចំណុចទាក់ទាញផងដែរ នោះបើប្រៀបធៀបតំបន់ដទៃទៀត និងឬក៏សហរដ្ឋអាមេរិក។
លោក ផៃ ស៊ីផាន បានពន្យល់ទៀតថា៖ «កម្ពុជាគ្រាន់តែប្រើប្រាសសិទ្ធិ របស់ប្រជាជាតិអធិបតេយ្យ និងឯករាជ្យ ប្រាសចាកពីការលូកដៃជ្រៀតជ្រែកបញ្ហាលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា តែប៉ុណ្ណោះ ហើយពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ក្នុងការជ្រើសរើស និងទទួលខុសត្រូវ លើជោគវាសនាផ្ទាល់របស់ខ្លួន។»។
សម្រាប់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់មកពីប្រទេសកម្ពុជា បានយល់ថា រដ្ឋាភិបាលលោក ហ៊ុន សែន បានលេងល្បែង «ប្រកបដោយគ្រោះថ្នាក់» នៅក្នុងរឿងនេះ ដោយគ្រាន់តែយកការថ្លែង ផ្ទាល់មាត់របស់អ្នកនយោបាយម្នាក់ មកធ្វើជាបន្ទុក ដើម្បីដើរចាប់ចង និងចោទប្រកាន់ ថ្លែងជាសាធារណៈ ហើយបានធ្វើឲ្យល្អក់កករ ទៅដល់ទំនាក់ទំនងការទូត ជាមួយសហរដ្ឋអាមេរិក និងប្រទេសធំៗផ្សេងទៀត ដែលសុទ្ធសឹងជាដៃគូ ជួយអភិវឌ្ឍន៍ប្រទេសកម្ពុជា។
អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជារូបនេះ បានថ្លែងឡើងថា ប្រសិនជាលោក កឹម សុខា រអិលមាត់និយាយពីបញ្ហាទាំងនេះ ដើម្បី«លើក»ពីគុណសម្បត្តិរបស់ខ្លួន ទៅកាន់អ្នកគាំទ្រនោះ គឺការថ្លែងចោទប្រកាន់គេឯង ពីសំណាក់រដ្ឋាភិបាលកម្ពុជា ដោយគ្រាន់តែយកសំដីមនុស្សម្នាក់ មកធ្វើជាអំណះអំណាងនេះទៅវិញទេ ដែលបែរជាបង្ហាញ ពី«ភាពកម្សោយ» នៃការស្វែងរកភស្ដុតាងរឹង មកដាក់បន្ទុក ឬបែរជាធ្វើឲ្យអ្នកផងមើលឃើញថា ការចោទប្រកាន់នេះ មានចរិតនយោបាយ ដើម្បីអនុញ្ញាតឲ្យលោក ហ៊ុន សែន បន្តច្បាមយកអំណាច សឹងតែមិនចាំបាច់បោះឆ្នោត៕