សមាជិកសភាអ៊ឺរ៉ុបសួរពីការធានាឲ្យ សម រង្ស៊ី វិលចូលប្រទេសវិញ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សំនួរជាលាយលក្ខណអក្សរទាំងបី ត្រូវបានសមាជិកសភាអ៊ឺរ៉ុប យ៉ាងហោចចំនួន៧រូប ដាក់ចូលទៅកាន់ស្ថាប័នកំពូលៗ របស់អ៊ឺរ៉ុប ទាក់ទងនឹងស្ថានការណ៍នយោបាយ នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានធ្វើឡើង ជាផ្លូវការ តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ តែសំនួរទាំងនេះ នៅតែជាបច្ចុប្បន្នភាព រហូតមកដល់ថ្ងៃនេះ ខណៈគេហទំព័ររបស់សភាអ៊ឺរ៉ុប បានដាក់បង្ហោះសំនួរខាងលើ ជាសាធារណៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧។
ស្ថាប័នកំពូលៗទាំងបី របស់សហភាពអ៊ឺរ៉ុបនោះ មាន (១) ប្រមុខការទូតអ៊ឺរ៉ុប អ្នកស្រី ហ្វេដើរីកា ម៉ូហ្គេរីនី (Federica Mogherini) ដែលជាតំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ (២) ឯកអគ្គអង្គទូត នៃសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា លោក ហ្សក អេហ្គា (George Edgar) និងការិយាល័យអ៊ឹរ៉ុប ដើម្បីកិច្ចការខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជាភាសាបារាំង SEAE)។
សមាជិកសភាទាំង៧រូប ដែលរួមមាន លោក Ramon Tremosa i Balcells (ALDE) លោក Petras Auštrevičius (ALDE) អ្នកស្រី Marisa Matias (GUE / NGL) អ្នកស្រី Norica Nicolai (ADLE) លោក Javier Nart (ADLE) អ្នកស្រី Cecilia Wikström (ALDE) និងលោក Jasenko Selimovic (ALDE) បានផ្ដើមសំនួររបស់ពួកគេ ដោយការវាយតម្លៃ លើការបោះឆ្នោត ជ្រើសតាំងក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំនេះ ថាមានលក្ខណៈ«ឆ្ងាយ» ពីការបោះឆ្នោតទាំងឡាយ ដែលមានលក្ខណៈ«សេរី និងយុត្តិធម៌»។ ការវាយតម្លៃនេះ ធ្វើឡើងដោយយោង ទៅលើបរិយាកាសដ៏អាក្រក់ បណ្ដាលមកពីកង្វះ ការប្រកួតប្រជែង ផ្នែកនយោបាយដ៏ពិតប្រាកដ និងគ្មានសេរីភាព នៃការបញ្ចេញមតិ។
7Members of @Europarl_EN ask @FedericaMog @EUAmbCambodia @eu_eeas to send observation mission to Cambodia @RainsySam https://t.co/80ZNVml2ja pic.twitter.com/tiHlQ4Dybv
— Umberto Gambini (@UGambini) July 7, 2017
បើតាមអត្ថបទសួរ-ឆ្លើយនោះដដែល បានបន្តរៀបរាប់ ពីលទ្ធផលដែលចេញពីការបោះឆ្នោត ឃុំ-សង្កាត់ ខាងលើនេះ ជុំវិញការកើនឡើងនូវសម្លេងគាំទ្រ របស់គណបក្សសង្គ្រោះជាតិ (CNRP) ដែលទទួលបានតំណែង មេឃុំ-ចៅសង្កាត់ ចំនួន៤៨៧ ជាមួយនឹងសម្លេងឆ្នោត៤៦ភាគរយ ខណៈការគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលកាន់អំណាច ដ៏ចាស់វស្សានៅកម្ពុជា បានថយចុះពីតំណែង មេឃុំ-ចៅសង្កាត់ ចំនួន១៥៩២ ទទួលបានក្នុងឆ្នាំ២០១២ មកត្រឹមចំនួន១១៥៨ ទទួលបានក្នុងឆ្នាំនេះ ជាមួយនឹងសម្លេងឆ្នោត តែ៥១ភាគរយប៉ុណ្ណោះ។
សមាជិកសភាទាំង៧រូប បានលើកឡើងទៀតថា សហភាពអ៊ឺរ៉ុបបានផ្ដល់ជំនួយ ប្រមាណជា១០លានអ៊ឺរ៉ូ (ត្រូវជា១១លានដុល្លារ) ដើម្បីរៀបចំការចុះឈ្មោះ នៃពលរដ្ឋកម្ពុជា ដែលមានសិទ្ធិបោះឆ្នោត។ អត្ថបទបានសរសេរថា៖ «ប៉ុន្តែ វាជារឿងដ៏សំខាន់ ដែលការបោះឆ្នោតសកល ក្នុងខែកក្កដា ឆ្នាំ២០១៨ ត្រូវមានលក្ខណៈ សេរី និងយុត្តិធម៌។ សហភាពអ៊ឺរ៉ុប មិនគ្រាន់តែមានសិទ្ធិ ក្នុងការបញ្ជូនអ្នកសង្កេតការណ៍ សម្រាប់ព្រឹត្តិការណ៍នេះទេ តែវាជាកាតព្វកិច្ច របស់សហភាពអ៊ឺរ៉ុប ដែលត្រូវធ្វើកិច្ចការនេះ។»។
ខាងក្រោមនេះ ជាសំណួរទាំងបី៖
១) តើសហភាពអ៊ឺរ៉ុប អាចបញ្ជាក់បានឬទេ ថាខ្លួននឹងបញ្ជូនបេសកកម្មឃ្លាំមើលមួយ សម្រាប់ការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ២០១៨?
២) តើសហភាពអ៊ឺរ៉ុប បានអំពាវនាវឲ្យមានការដោះលែង អ្នកទោសនយោបាយទាំងអស់ រាប់ទាំងមន្ត្រីសង្គមស៊ីវិល និងសកម្មជនស្និតនឹងគណបក្សប្រឆាំង ហើយឬនៅ?
៣) តើសហភាពអ៊ឺរ៉ុប ទទួលបានការធានាបែបណា ពីសំណាក់រដ្ឋាភិបាលកម្ពុជា ដើម្បីអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចត្រឡប់ចូលក្នុងប្រទេសកម្ពុជាវិញ ប្រកបដោយសុវត្ថិភាព និងទទួលបានភាពស្របច្បាប់ ក្នុងការធ្វើដំណើរដោយសេរី នៅមុនការបោះឆ្នោតជាតិ ក្នុងឆ្នាំក្រោយនេះ?