ស្ថានទូតអាមេរិក៖ ឃាតកម្មលើ កែម ឡី ជាអំពើលីលានិងដ៏កំសាក

សម្រាប់ខួបមួយឆ្នាំ នៃការបាញ់សម្លាប់លោក កែម ឡី កណ្ដាលរាជធានីភ្នំពេញ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសចូលរួម ជាមួយ«ប្រជាជនកម្ពុជា» នៅក្នុងការរំលឹកឡើងវិញ នៃស្នាដៃរបស់អ្នកស្រាវជ្រាវ​ផ្នែកសង្គមរូបនេះ កាលពីលោកនៅមានជីវិត។ ស្ថានទូត នៅបានចូលរួមមរណទុក្ខសារជាថ្មី និងបានហៅឧក្រិដ្ឋកម្មនេះ ថាជា«អំពើលីលា» និង«ដ៏កំសាក»។
ស្ថានទូតអាមេរិក៖ ឃាតកម្មលើ កែម ឡី ជាអំពើលីលានិងដ៏កំសាក
លោក កែម ឡី (ស្ដាំបំផុត) ក្នុងការទទួលទានអាហារ ជាមួយមន្ត្រីទូតបរទេស។ ខាងឆ្វេងបំផុត៖ លោក ប៊ីល ឡងហ័ស្ត៍ ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 11, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញជំហរច្បាស់លាស់មួយរបស់ខ្លួន នៅចំពោះការបាញ់សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយដ៏ល្បី  កាលពី១ឆ្នាំមុន។ តំណាងការទូត របស់ប្រទេសមហាអំណាច បានហៅឃាតកម្មនេះ ថាជាអំពើលីលា និងដ៏កំសាក។

នៅក្នុងឱកាសនៃការរំលឹកខួប១ឆ្នាំ នៃការបាញ់សម្លាប់ដ៏សាហាវនេះ ស្ថានទូតអាមេរិក​បានបង្ហោះសារ​រ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះថា៖ «ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា សូមចូលរួមជាមួយប្រជាជនកម្ពុជា នៅក្នុងការអបអរជីវិត និងការងាររបស់លោក កែម ឡី»។

ទាក់ទងនឹងការស្វែងរកយុត្តិធម៌ ជូនលោក កែម ឡី និងក្រុមគ្រួសារវិញ ត្រូវបានស្ថានទូតអះអាងថា ជាអ្វីដែលពួកគេ «កំពុងរង់ចាំ»។ តំណាងការទូតរបស់ប្រទេសមហាអំណាច បានសរសេរថា៖ «យើងសូមសំដែងសមានទុក្ខសារជាថ្មី ចំពោះគ្រួសាររបស់លោក កែម ឡី ដែលកំពុងរង់ចាំ ហើយសង្ឃឹមថា អ្នកប្រព្រឹត្តនឹងត្រូវបានចាប់ ឲ្យទទួលខុសត្រូវពេញលេញ ចំពោះអំពើលីលា និងដ៏កំសាកនេះ»។

លោក កែម ឡី ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំទៅម៉ិញ នៅខណៈលោកកំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ។ នៅក្រោយឃាតកម្មនោះ និងរហូតមកដល់ថ្ងៃនេះ ជនសង្ស័យតែម្នាក់គត់ ឈ្មោះ អឿង អាង ដាក់រហស្សនាម «ជួប សម្លាប់» ត្រូវបានឃាត់ខ្លួន និងផ្តន្ទាទោស។

ក្នុងថ្ងៃទី៨ ខែកក្កដាកន្លងមកនេះ អង្គការសង្គមស៊ីវិល ច្រើនជាង១០០អង្គការសមាគម ក៏បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ អំពាវនាវឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ ទៅលើសំនុំរឿងបាញ់សម្លាប់​ដ៏រញ្ជួល ពេញមួយផែនដីនេះដែរ។

សម្រាប់អង្គការសង្គមស៊ីវិល ទាំង១០៧ស្ថាប័ននោះ បានបញ្ជាក់ថា យុត្តិធម៌សម្រាប់លោក កែម ឡី ក្រុមគ្រួសារ មិត្តភ័ក្រ និងសហការីរបស់លោក នៅមិនទាន់រកឃើញនៅឡើយ ខណៈការស៊ើបអង្កេត ទៅលើករណីបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃនេះ នៅមិនទាន់មានតម្លាភាព និងមានពោរពេញដោយមន្ទិសសង្ស័យជាច្រើន។ សេចក្ដីថ្លែងការណ៍បានអះអាងបន្តថា មន្ទិលសង្ស័យទាំងនោះ មិនទាន់មានការបកស្រាយ ឲ្យច្បាស់លាស់នោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...