«មនុស្ស​បាក់​ក ដើរ​យ៉ាង​សង្ហា​នៅ​ផ្ទះ​សំណាក់»

វីដេអូចំនួនបី ដែលថតចេញ ពីកាម៉េរ៉ាសុវត្ថភាព របស់ផ្ទះសំណាក់មួយ នៅក្នុងប្រទេសថៃ ត្រូវបានយក​មក​បង្ហោះ​ផ្សាយ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ភ្ញាក់ផ្អើល ដោយ​សារ​តែ​មនុស្ស​ប្រុសម្នាក់ នៅក្នុងវីដេអូនោះ មានរូបរាងដំណើរទំនង ដូចលោក ឈាន ពិសិដ្ឋ មន្ត្រី​នគរបាល​ច្រក​ប៉ោយប៉ែត ដែល​អាជ្ញាធរ​និង​តុលាការកម្ពុជា និយាយថាបានប៉ះទង្គិចជាមួយរថយន្ដ បើកបរ​ដោយ​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។
«មនុស្ស​បាក់​ក ដើរ​យ៉ាង​សង្ហា​នៅ​ផ្ទះ​សំណាក់»
ពីឆ្វេងទៅស្ដាំ៖ លោក ឈាន ពិសិដ្ឋ ដែលដួលបោកក្បាល បាក់ក និងរូបថត​ផ្តិតយកពីកាមេរ៉ា​សុវត្ថិភាព។ (រូបលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 31, 2016
  • ប្រធានបទ: បទល្មើស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលជនរងគ្រោះ ដល់ថ្នាក់បោកក្បាលនឹងថ្នល់ បាក់ក  គ្រាំជើង និងចង្កេះ រហូតដល់ថ្នាក់សន្លប់ ត្រូវចេញទៅព្យាបាល ដល់ប្រទេសថៃ បែរជាត្រូវបានឃើញ ដើរយ៉ាងសង្ហា និងស្វាហាប់ ជាមួយស្ត្រី​កំណាន់ នៅក្នុងផ្ទះសំណាក់មួយទៅវិញ...

ប្រសិនជាគេជឿជាក់ ទៅលើវីដេអូចំនួនបី ដែលត្រូវបានថតចេញ ពីវីដេអូសុវត្ថិភាព របស់ផ្ទះ​សំណាក់​មួយ នៅក្នុងប្រទេសថៃ ហើយត្រូវបាន​យក​មកបង្ហោះ នៅលើបណ្ដាញសង្គម កាលពីម្សិលម៉ិញនេះ គេនឹង​យល់​ច្បាស់​ថា ជនរងគ្រោះម្នាក់នេះ មិនមានគ្រោះថ្នាក់ ឬឈឺថ្កាត់អ្វីទេ។ ជនម្នាក់ នៅក្នុងវីដេអូទាំងនោះ ត្រូវ​បាន​ក្រុមអ្នកប្រើប្រាស់​បណ្ដាញសង្គម ស្គាល់ថា គឺជាលោក ឈាន ពិសិដ្ឋ មន្ត្រីនគរបាល​ច្រកប៉ោយប៉ែត ដែល​អាជ្ញាធរ និងតុលាការកម្ពុជា និយាយថាបានដួលបោកក្បាល«ធ្ងន់ធ្ងរ ក្នុងការប៉ះទង្គិចមួយ ជាមួយរថយន្ដ​របស់​លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

វីដេអូទាំងបី ដែលមានការចែករំលែក ជាច្រើនពាន់ដង (មានវីដេអូមួយនោះ ទទួលបានការចែករំលែក រហូត​ដល់​ជាង១ម៉ឺនដង) ត្រូវបានថតចេញ ពីវីដេអូសុវត្ថិភាព ដែលដាក់ថ្ងៃខែ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។ វីដេអូទី​មួយ គេឃើញបុរសម្នាក់ អបដំណើរ ដោយស្ត្រីវ័យក្មេងម្នាក់ទៀត ចេញពីបន្ទប់ផ្ទះសំណាក់ យ៉ាង​ប្រយ័ត្ន​ប្រយ៉ែង ដោយងាកមើលឆ្វេងស្ដាំ។ រីឯវីដេអូទីពីរ បានបង្ហាញពីអ្នកទាំងពីរដដែល ដើរនៅក្នុង​សាល​ទទួល​ភ្ញៀវ របស់ផ្ទះសំណាក់។ ខណៈវីដេអូទីបី គេឃើញបុរសស្ត្រីទាំងគូ ដើរចុះតាមជណ្ដើរ។ ប៉ុន្តែវីដេអូទីបីនេះ បាន​បង្ហាញ​ពី​ភិនភាគមុខមាត់ របស់បុរសម្នាក់នេះច្បាស់ជាងគេ ដែលដូចទៅ​នឹងភិនភាគ មុខមាត់រាងរៅ របស់​លោក ឈាន ពិសិដ្ឋ ដ៏ល្បីឈ្មោះ តាំងពីមួយសប្ដាហ៍មកហើយ។

នៅក្រោយពេលកើតហេតុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ លោក​ឈាន ពិសិដ្ឋ ត្រូវបានដឹកទៅសង្គ្រោះ នៅ​គ្លីនិក សុខ វិសាល នៅ​ក្រុង​ប៉ោយ​ប៉ែត។ តែដោយសភាពធ្ងន់ធ្ងរ ទើបដឹកទៅ​សង្គ្រោះ​បន្ត នៅ​មន្ទីរពេទ្យ ក្នុង​​ខេត្ត​​ស្រះកែវ ប្រទេស​ថៃ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​មហាផ្ទៃ បំភ្លឺលើករណីនេះ ចុះថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ បន្ថែមពីលើនេះ គ្លីនិក សុខ វិសាល (ក្នុងក្រុងប៉ោយប៉ែត) ក៏បាន​ចេញ​​លិខិត​បញ្ជាក់​មួយ​ដែរ អះអាង​ពី​ស្ថានភាព​របួស របស់​មន្ត្រីនគរបាល ថា​មាន​អា​ការៈធ្ងន់ធ្ងរ ចាំបាច់មាន​ជំនួយការ​ដក​ដង្ហើម ដោយខ្យល់អុកស៊ីសែន ក្នុង​កម្រិត​១០​លីត្រ​/​នាទី​។

បើពិនិត្យតាមវីដេអូទាំងបីខាងលើ ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានសំដែងចំងល់របស់ពួកគេថា តើ​ស្ថានភាព​​របួសដ៏ធ្ងន់ធ្ង រ​​របស់​លោក​ ឈាន ពិសិដ្ឋ អាចនឹងជាសះស្បើយ ក្នុងរយៈពេល៥ថ្ងៃ (ពីថ្ងៃកើតហេតុ មកដល់ថ្ងៃ​ដែល​វីដេអូសុ​វត្ថិភាព ថតរូបភាព) ហើយចេញមកដើរ យ៉ាងសង្ហាស្វាហាប់ ជាមួយស្ត្រីកំណាន់​ដូច្នេះ​ឬ? ឬវិជ្ជាពេទ្យ​​នៅក្នុង​ប្រទេសថៃ ពូកែដល់ថ្នាក់​ព្យាបាល​មនុស្ស«បាក់ក» ឲ្យជាវិញ តែក្នុងរយៈពេលដ៏ខ្លី​យ៉ាង​​អញ្ចឹង...

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...