ប៉េកាំង​គាំទ្រ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់ ឌុយតែតេ

ប្រទេសចិនកុម្មុយនីស បានស្នើផ្ដល់ទៅប្រទេសហ្វីលីពីន នូវទឹក​ប្រាក់​ចំនួន ១៤លាន​ដុល្លា ដើម្បីទិញអាវុធ និង​សម្ភារៈ​ផ្សេង​ទៀត សម្រាប់​រួម​ចំណែក ក្នុង​យុទ្ធនាការ​ប្រឆាំង​ឧក្រិដ្ឋកម្ម និងភេរវកម្ម។ នេះ បើតាម​ការ​ប្រកាស របស់​​រដ្ឋមន្ត្រី​ការពារ​ជាតិ របស់កោះហ្វីលីពីន។
ប៉េកាំង​គាំទ្រ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់ ឌុយតែតេ
ពីឆ្វេងទៅស្ដាំ៖ លោក ហ្សី ជីងពីង ប្រធានាធិបតីចិន និងលោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន។ (រូបថត Getty)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 25, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសគាំទ្រ ជាសាធារណៈ នូវយុទ្ធនាការប្រឆាំងគ្រឿងញៀន ដ៏ចម្រូងចម្រាស់ របស់ប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្ស ច្រើនជាង៥៣០០នាក់ ក្នុងរយៈពេលមិនដល់៦ខែ រាប់​ចាប់​តាំង​ពី​ការស្បថ ចូលកាន់តំណែងថ្មីថ្មោង របស់ប្រធានាធិបតី រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ដែល​បាន​ជាប់​ឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី កាលពីពាក់កណ្ដាលឆ្នាំនេះ។ តែការគាំទ្ររបស់ចិន មិនបាន​ផ្ដល់​ការ​សប្បាយ​ចិត្ត ទៅ​ដល់​អង្គការ​សហ​ប្រជាជាតិ និងសហរដ្ឋអាមេរិកប៉ុន្មានឡើយ។

បើតាមរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក «Delfin Lorenzana» បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅ​រដ្ឋធានី ម៉ានីល លោក «Zhao Jianhua » បានស្នើផ្ដល់ទៅឲ្យប្រទេសហ្វីលីពីន នូវទឹកប្រាក់ប្រមាណជា ១៤​លាន​ដុល្លារ ដើម្បីឲ្យប្រទេសនេះ មានសមត្ថភាព អាចទិញអាវុធ និងសម្ភារៈចាំបាច់​ផ្សេង​ទៀត ពីប្រទេសចិន សម្រាប់​បម្រើ​ឲ្យយុទ្ធនាការ ប្រឆាំងឧក្រិដ្ឋកម្ម និងភេរវកម្ម។

សំណើររបស់ប្រទេសចិន បានធ្វើឡើង នៅក្នុងជំនួបកាលពីថ្ងៃចន្ទ សប្ដាហ៍មុន រវាង​លោក​ឯកអគ្គរដ្ឋទូត ជា​មួយ​នឹង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ និងលោករដ្ឋមន្ត្រីខ្លួនឯងផ្ទាល់។ លោក​រដ្ឋមន្ត្រី «Delfin Lorenzana» បាន​ស្រង់​សំដី​របស់លោក «Zhao Jianhua» មកបញ្ជាក់​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា៖ «ខ្ញុំ​បាន​ដឹង ពីបញ្ហារបស់អ្នកឯង ជុំវិញភេរវនិយម និងគ្រឿងញៀន ហើយយើង (រដ្ឋាភិបាលចិន) មាន​បំណង​ចង់​ជួយ​អ្នក​ឯង»។

សម្ភារៈដែលត្រូវទិញ ពីប្រទេសចិន ដោយទឹកប្រាក់ របស់ចិនខ្លួនឯងនេះ មានដូចជា អាវុធធុនស្រាល យាន​យន្ដ​ល្បឿន​លឿន និងវែនតាពាក់មើលឃើញ នៅពេលយប់ ជាដើម។

បន្ថែមពីលើនេះ ប្រទេសចិនកុម្មុយនីស នៅបានស្នើផ្ដល់ប្រាក់កម្ចី ទៅឲ្យប្រទេសហ្វីលីពីន ប្រមាណ​ជា៥០០​លាន​ដុល្លាទៀត ដើម្បីប្រទេសនេះ យកមកប្រើប្រាស់ ក្នុងចម្បាំងប្រឆាំងគ្រឿងញៀន និងភេរវនិយម។ ទឹក​ប្រាក់​ទាំង​នោះ អាចនឹងត្រូវផ្ដល់ជូន (ឲ្យហ្វីលីពីនខ្ចី) នៅឆ្នាំ២០១៧ខាងមុខ។

លោកប្រធានាធិបតី រ៉ូឌ្រីចូ ឌុយតែតេ បានដឹកនាំនយោបាយងាកចេញ ពីសហរដ្ឋអាមេរិក ដែលធ្លាប់ធ្វើ​ជា​អាណានិគម  និងបច្ចុប្បន្នជាសម្ព័ន្ធមិត្ត របស់ប្រទេសហ្វីលីពីន ហើយលោកទំនង​ជាកំពុងដើរ​នយោបាយ ងាក​ទៅ​រកប្រទេសរ៉ូស្ស៊ី និងជាពិសេស ងាកទៅរកប្រទេសចិន បើទោះជា​កោះហ្វីលីពីន កំពុងមាន​ជម្លោះ​ដែន​សមុទ្រ ជាមួយ​​នឹង​មហា​អំណាច​តំបន់​​មួយ​នេះ​ក៏ដោយ។

លោក ឌុយតែតេ ធ្លាប់ជេរប្រមាថ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) យ៉ាងចាស់​មាត់​ នៅ​ក្នុង​ការ​ថ្លែ​ង​ជា​សាធារណៈមួយ បន្ទាប់ពីលោក អូបាម៉ា បានរិះគន់ ប្រឆាំងនឹងនយោបាយ នៃការ​វាយ​បង្ក្រាប របស់​រដ្ឋាភិបាល​ក្រុង ម៉ានីល។ កាលពីពេលថ្មីៗនេះ លោក ឌុយតែតេ ថែមទាំងទាំង​បាន​លប់ចោល ការ​បញ្ជា​​ទិញ​អាវុធ ប្រមាណជា២៧០០០ដើម ពីសហរដ្ឋអាមេរិក ក្រោយពីប្រព័ន្ធផ្សព្វផ្សាយ បាន​រាយការណ៍​ថា ការ​​ដឹក​​បញ្ជូន​​អាវុធ​​ទាំង​នោះ ទំនងជាអាចជួបបញ្ហា ដោយសារការខ្វាយខ្វល់ របស់សហរដ្ឋអាមេរិក ទាក់​ទង​​នឹង​​បញ្ហា​​សិទ្ធិ​​មនុស្ស ក្នុង​ប្រទេសហ្វីលីពីន។

គួរកត់សម្គាល់ដែរថា សហរដ្ឋអាមេរិក មិនបានបន្តផ្ដល់ ជំនួយទាំងឡាយ សម្រាប់បណ្ដាឆ្នាំខាងមុខ ទៅឲ្យ​ប្រទេស​ហ្វីលីពីន​​ទៀត​ទេ។ ជំនួយទាំងនោះ ដែលមានកម្រិត ច្រើនរយលានដុល្លារ ធ្លាប់​បាន​ជួយ​​រដ្ឋាភិបាល​ក្រុង ម៉ានីស នៅ​ក្នុង​វិស័យជាច្រើន ជាពិសេសការប្រឆាំងឧក្រិដ្ឋកម្ម និងភេរវនិយម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...