អាមេរិក៖ ប្ដឹងទៅតុលាការ ពីករណី«ផ្ទុះបង្គន់»ក្នុងផ្ទះខ្លួន
អ្នករស់នៅក្នុងទីក្រុងញ៉ូយកមួយរូប បានសម្រេចចិត្តប្ដឹងឡើងទៅតុលាការ បន្ទាប់ពីគាត់បានរងរបួសស្រាល នឹងការផ្ទុះមួយនៃបង្គន់អនាម័យ ក្នុងផ្ទះរបស់គាត់។ នេះបើតាមការឲ្យដឹងរបស់ មេធាវីរបស់គាត់ កាលពីសប្ដាហ៍កន្លងមកនេះ។
រូបជំនួស បង្ហាញពីការផ្ទុះចេញពីបង្គន់។ (រូបថត ឯកសារ)
ទីក្រុងប៉ារីស - បុរសចំណាស់៥៨ឆ្នាំ ឈ្មោះ ម៉ៃឃើល ព្ចែរ (Michel Pierre) ដែលរស់នៅក្នុងសង្កាត់ ប្រ៊គ្លីន (Brooklyn) ដែលជាសង្កាត់អ្នកមានមួយ កណ្ដាលទីក្រុងញ៉ូយក បានជួបគ្រោះថ្នាក់ដែលបណ្ដាលមកពី ការផ្ទុះបង្គន់អនាម័យក្នុងផ្ទះរបស់លោក។ មេធាវីរបស់បុរសរូបនេះ បានរម្លឹកឡើងវិញថា លោក ម៉ៃឃើលបានចុចប្រអប់ទឹក ដើម្បី«សាកល្បង»ទឹកលាងចានបង្គន់របស់គាត់ បន្ទាប់មានការផ្ដាច់ជាបណ្ដោះអាសន្ន នូវចរន្តទឹកប្រើប្រាស់នៅក្នុងអាគារ កាលពីថ្ងៃទី២ ខែតុលាកន្លងទៅ។ រំពេចនោះ ស្រាប់តែចានបង្គន់របស់គាត់បាន«ផ្ទុះឡើង» បង្កជាបំណែកថ្មធ្វើឲ្យរបួសដល់ មុខ ដៃ និងជើងរបស់គាត់ ដែលរួមសរុបទាំងអស់មានចំនួន ៣០កន្លែង។
បង្គន់ចំនួន៤ ធ្លាប់បានផ្ទុះរួចមកហើយ !
ចាប់តាំងពីថ្ងៃនោះមក បទពិសោធន៍ដ៏អាក្រក់ បានធ្វើឲ្យលោក ម៉ៃឃើល ដែលមានមុខរបរជាអ្នកព័ត៌មានវិទ្យាផងនោះ មានការភ័យភិតណាស់ នៅពេលដែលលោកចូលបង្គន់ និងចុចលើប្រអប់ទឹកម្ដងៗ។ លោកមេធាវី សេនហ្វ័រ រូប៊េនស្តែន (Sanford Rubenstein) បាននិយាយថា «ការភ័យភិតនេះ ជាផ្នែកមួយតម្រូវឲ្យមានការសងជម្ងឺចិត្ត»។
លោកមេធាវីបានបន្តទៀតថា «នៅពេលគេចុចប្រអប់ទឹកបង្គន់ គេគិតថានឹងមានទឹកធ្លាក់មកលាងសម្អាតបង្គន់ តែមិនមែនជាការផ្ទុះមួយបែបនេះទេ»។ ដូច្នេះទាំងនេះហើយ ដែលជាមូលហេតុជំរុញឲ្យកូនក្ដីរបស់លោក បង្ខំចិត្តត្រូវប្ដឹងបណ្ដាម្ចាស់ផ្ទះ ដែលនៅក្នុងអាគារជាមួយនឹងលោក ឡើងទៅតុលាការ ដើម្បីសុំឲ្យចៅក្រមចេញសាលក្រមសងជម្ងឺចិត្តមួយ។ នៅមុខហេតុការណ៍ផ្ទុះបង្គន់ អាគារដែលមានកំពស់១៦ជាន់នេះ បានត្រូវអ្នកបច្ចេកទេសផ្ដាច់ចរន្ដទឹកប្រើប្រាស់ ដើម្បីធ្វើការជួសជុលកែលម្អ។
ចំណែកឯលោកស្រី តេរីស្សា រ៉ាឆ (Theresa Racht) មេធាវីការពារក្ដី ឲ្យខាងក្រុមម្ចាស់ផ្ទះដែលរស់នៅក្នុងអាគារនោះ បានពន្យល់ដូច្នេះវិញថា «វាជាគ្រោះថ្នាក់ដ៏រន្ធត់មួយ ដែលនរណាៗក៏មានអារម្មណ៍ភ័យខ្លាច ហើយមិនចង់ឲ្យកើតមានចំពោះខ្លួនដែរ»។ លោកស្រីបានបញ្ជាក់ថា មិនមែនត្រឹមតែលើកនេះទេ ព្រោះមានបង្គន់ចំនួនបួនហើយដែលបានផ្ទុះ តែរកកំហុសមិនឃើញ។
សម្រាប់លោកស្រី វាជារឿងគ្រោះថ្នាក់ដោយចៃដន្យមួយ ដែលបណ្ដាលមកពី សម្ពាធខ្យល់ដែលចេះតែកើនច្រើនឡើងៗ នៅក្នុងបំពង់លូ ជាពិសេសនៅពេលមានការជួសជុលកែលម្អ។ អ្នកដែលដឹងរឿងនេះ បានសរសើរពីសំណាងលោក ម៉ៃឃើល ថាជាលោកបានឆ្លងគ្រោះនេះដោយគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ចុះប្រសិនចានបង្គន់នោះបានផ្ទុះក្នុងខណៈពេលដែល លោកបានអង្គុយពីលើទៅវិ តើវានឹងមានហេតុភេទអ្វីកើតឡើង?
--------------------------------------------------
ដោយ ឈូករ័ត្ន - ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ