នៅពេល ត្រាំ បង្កើតព្រឹត្តិការណ៍ភេរវកម្ម នៅប្រទេសស៊ុយអែដ...
- ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ២២ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 23, 2017
- ប្រធានបទ: ហួសចិត្ត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីចុងសប្ដាហ៍កន្លងមកនេះ ពិភពលោកបានទទួលការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងដំណឹងមួយ ធ្លាយចេញពីមាត់ប្រធានាធិបតីអាមេរិក ដែលបានអះអាង ពីអំពើភេរវកម្ម នៅក្នុងប្រទេសស៊ុយអែដ។ បញ្ហានៅត្រង់ថា គ្មានអំពើភេរវកម្មណាមួយ សូម្បីតែបន្តិច ដែលបានកើតឡើង នៅក្នុងប្រទេសអ៊ឺរ៉ុបភាគខាងជើង មួយនេះទេ។ តែសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) វិញ បែរជាបានអះអាងថា ករណីនេះបានកើតឡើង និងហើយថា ហេតុការណ៍ដ៏អភ័ព បានសម្លាប់មនុស្ស ជាច្រើននាក់នោះទៀត។
លោក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ នៅចំពោះមនុស្សច្រើននាក់ ក្នុងរដ្ឋផ្លរីដា (Florida) ដើម្បីការពារនយាបាយ ប្រឆាំងអន្តោប្រវេសន៍ របស់លោក យ៉ាងដូច្នេះថា៖ «សូមក្រឡេកមើល អ្វីដែលបានកើតឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ សូមងាកទៅមើល អ្វីដែលបានកើតឡើង កាលពីយប់ម្សិលម៉ិញ (ត្រូវជាយប់ថ្ងៃសុក្រ បើធៀបនឹងថ្ងៃ ដែលលោកបានធ្វើសុន្ទរកថា) នៅក្នុងប្រទេសស៊ុយអែដ។ ប្រទេសស៊ុយអែដ ដែលធ្លាប់គិតថា ខ្លួនត្រូវរងគ្រោះដូច្នេះឬទេ? ប្រទេសស៊ុយអែដ! ពួកប្រទេសទាំងនេះ បានទទួលជនអន្តោប្រវេសន៍យ៉ាងច្រើន តែឥឡូវនេះ ពួកគេកំពុងជួបនូវបញ្ហារាប់ភ្លេច ដែលពួកគេមិនដែលបានគិតដល់។»។
ការលើកឡើង របស់ប្រធានាធិបតីមហាអំណាចរូបនេះ បានបង្កឲ្យមានប្រតិកម្ម មកពីគ្រប់ទិសទី ជាពិសេសមកពីប្រទេសស៊ុយអែដ ផ្ទាល់តែម្ដង។ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ឺរ៉ុបខាងជើងមួយនេះ បានធ្វើប្រតិកម្មជាផ្លូវការ កាលពីដើមសប្ដាហ៍នេះ ដោយបញ្ជាទៅស្ថានទូតស៊ុយអែដ ប្រចាំនៅរដ្ឋធានី វ៉ាស៊ីនតោន ឲ្យធ្វើការពន្យល់លំអិត អំពើបញ្ហានេះ។ អ្នកនាំពាក្យក្រសួងការបរទេសស៊ុយអែដ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «យើងបានទាក់ទង ទៅ(ក្រសួងការបរទេស)អាមេរិក ដើម្បីយល់ និងសុំការបំភ្លឺ លើបញ្ហានេះ»។
ប៉ុន្តែមជ្ឈដ្ឋានអ្នកនយោបាយ ស៊ុយអែដ ក៏បានលូកមាត់ក ចូលក្នុងរឿងដ៏គួរឲ្យហួសចិត្តនេះដែរ។ ជាពិសេស អតីតនាយករដ្ឋមន្ត្រីស៊ុយអែដ លោក «Carl Bildt» បានសរសេរសំដែងចំងល់ និងចំអកឲ្យលោក ត្រាំ ដូច្នេះថា៖ «ប្រទេសស៊ុយអែដ? មានអំពើភេរវកម្ម នៅឯណា? តើគាត់ (លោក ត្រាំ) បានជក់អ្វីខុសទេដឹង?»។
នៅចំពោះការផ្ទុះឡើង នូវការរិះគន់ដ៏សន្ធោសន្ធៅ លោក ដូណាល់ ត្រាំ បានចេញមុខមកបកស្រាយ នៅក្នុងទំព័រទ្វីសធើរ (Twitter) របស់លោកថា៖ «ការប្រកាសរបស់ខ្ញុំ ទៅលើអ្វីដែលបានកើតឡើង នៅក្នុងប្រទេសស៊ុយអែដ បានធ្វើឡើង ដោយយោងទៅលើបទយកការណ៍មួយ របស់ស្ថានីយ៍ទូរទស្សន៍ "FoxNews" ស្ដីពី"អន្តោប្រវេសន៍ និងប្រទេសស៊ុយអែដ"»៕