មិនដល់បីសប្ដាហ៍ រដ្ឋសភាកម្ពុជាកែបានច្បាប់ថ្មីមួយ!
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 20, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គប្រជុំវិសមញ្ញ នាព្រឹកថ្ងៃចន្ទទី២០ ខែកុម្ភៈនេះ របស់រដ្ឋសភាកម្ពុជា ដែលមានការចូលរួម តែពីសំណាក់តំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជានោះ បានអនុម័ត្រក្នុងសម្លេង ៦៦ លើ ៦៦សម្លេង ការធ្វើវិសោធនកម្ម លើច្បាប់មួយ ស្ដីពីគណបក្សនយោបាយ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានថ្លែងនៅក្រោយអង្គប្រជុំនោះថា ច្បាប់នេះ ត្រូវបានដាក់ជាការប្រញាប់ ដើម្បីធ្វើការអនុម័ត្រ នាព្រឹកនេះ។ បន្ទាប់មក រដ្ឋសភានឹងបញ្ជូនច្បាប់ថ្មី ទៅកាន់ព្រឹទ្ធសភា នៅថ្ងៃនេះដដែល មុននឹងថ្វាយ ទៅព្រះមហាក្សត្រ ដើម្បីឡាយព្រះហស្ថលេខា ដើម្បីដាក់ឲ្យប្រើប្រាស់។
ការកែច្បាប់ជាថ្មី ដែលពោរពេញ ដោយភាពចម្រូងចម្រាស់ ត្រូវបានអនុម័ត្រ ដោយប្រើពេល មិនទាំងបានបីសប្ដាហ៍ ស្រួលបួលផងទេ បើគេរាប់ចាប់តាំង ពីការថ្លែងខ្លាំងៗ របស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជា កាលពីចុងខែមករា ទៅក្រុមតំណាងរាស្ត្រ មកពីគណបក្សរបស់លោក ឲ្យពិនិត្យសើរើច្បាប់នេះឡើងវិញ។
លោក ហ៊ុន សែន បានថ្លែងនៅពេលនោះថា៖ «ធ្វើវិសោធនកម្មច្បាប់ ស្ដីពីបក្សនយោបាយ ក៏ត្រូវតែធ្វើ។ វិសោធនកម្ម ៥០បូក១ ទេតើ។ ដាក់ថែម អ្នកដែលមានទោស អត់មានសិទ្ធិធ្វើគណបក្សនយោបាយ (...) ដើម្បីឲ្យវាអស់សិទ្ធិតែម្ដងទៅ នៅលោកប្រធានៗ អីទៀត។ អ្នកមានទោស គឺអត់មានសិទ្ធិ ធ្វើប្រធាន អនុប្រធានបក្សនយោបាយ អញ្ចឹងតែម្ដងទៅ។»។
ដោយឡែក អ្នកនាំពាក្យរដ្ឋសភាជាតិ លោក ឡេង ប៉េងឡុង បានលើកឡើង ហាក់ដូចជានាំពាក្យឲ្យគណបក្សប្រជាជនកម្ពុជា ចាត់ទុកអវត្តមាន របស់តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ ដែលមិនបានចូលប្រជុំ ក្នុងអង្គប្រជុំវិសមញ្ញ ថាមានបំណង ចង់បង្កើតព្រឹត្តិការណ៍ ដើម្បីចំណេញដល់នយោបាយ របស់គណបក្សខ្លួន។ លោកថា គណបក្សសង្គ្រោះជាតិ គ្មានចេតនាចង់ធ្វើការសន្ទនា ជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។
កាលពីម្សិលម៉ិញ គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសអះអាងថា ក្រុមតំណាងរាស្ត្ររបស់ខ្លួន នឹងមិនចូលរួមប្រជុំ ក្នុងរដ្ឋសភា ដើម្បីពិភាក្សាលើការធ្វើវិសោធនកម្ម នៃច្បាប់ខាងលើនេះទេ។
គណបក្សប្រឆាំងធំជាងគេមួយនេះ បានបង្ហាញមូលហេតុ នៃការធ្វើពហិកា របស់ក្រុមតំណាងរាស្ត្រ របស់ខ្លួនថា ខ្លឹមសារនៃការធ្វើវិសោធនកម្ម ទៅលើច្បាប់នេះ នឹងបង្កឲ្យមានការបែកបាក់ជាតិធ្ងន់ធ្ងរ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ផ្ទុយនឹងឆន្ទះប្រជាពលរដ្ឋខ្មែរ និងថាធ្វើឡើង ដោយប្រញាប់ប្រញាល់ ជាពិសេស ច្បាប់នេះ អាចត្រូវយកមកប្រើប្រាស់ ដើម្បីគាបសង្កត់ និងបំផ្លាញគណបក្សជាគូប្រជែង។
មាត្រា៣៨ នៃច្បាប់ថ្មីនេះ ចែងថា៖ «ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាព របស់គណបក្សនយោបាយនោះ ជាបណ្តោះអាសន្ន ក្នុងរយៈពេលជាក់លាក់។ ប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សនយោបាយនោះ ក្នុងករណីកំហុស មានលក្ខណៈធ្ងន់ធ្ងរ»។
ច្បាប់ថ្មីដដែល ត្រង់មាត្រា៦ ចែងពីទោសកំហុសថា៖ «គ្រប់គណបក្សនយោបាយ មិនត្រូវធ្វើសកម្មភាពណាមួយ ធ្វើឲ្យមានអបគមន៍ ដែលនាំឲ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពទឹកដី។ ធ្វើវិទ្ធំង្សនា ប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ ធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខនៃរដ្ឋ បង្កើតកម្លាំងប្រដាប់អាវុធ និងធ្វើការញុះញង់ ដែលអាចនាំឲ្យបែកបាក់ជាតិ។»។
គួរបញ្ជាក់ដែរថា នៅចំពោះការធ្វើវិសោធនកម្ម នៃច្បាប់នេះ លោក សម រង្ស៊ី បានប្រកាសលាលែង ចេញពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីសប្ដាហ៍មុុន។ មេដឹកនាំប្រឆាំងរូបនេះ បានអះអាងថា ការលាលែងរបស់លោក ធ្វើឡើងដើម្បីការពារ ភាពស្ថិតស្ថេរគង់វង្ស នៃគណបក្សសង្គ្រោះជាតិ ដើម្បីឈានទៅការបោះឆ្នោត នាពេលខាងមុខ៕