ឡៅ ម៉ុងហៃ៖ បាតុកម្មអាចនឹងកើតមាន ប្រសិនបើគ្មានដំណោះស្រាយត្រឹមត្រូវ
រហូតមកដល់ថ្ងៃនេះ បញ្ហាមហាបាតុកម្មតវ៉ាពីភាពមិនប្រក្រតី នៅក្នុងការបោះឆ្នោតសកលនិតិកាលទី៥នេះ នៅតែស្ថិតនៅក្នុងភាពជាមន្ទិលនៅឡើយ។ ការប្រកាសថ្មីៗរបស់មេដឹកនាំគណបក្សប្រឆាំង ថានឹងដោះស្រាយវិបត្តិនយោបាយដោយសន្តិវិធីនោះ ត្រូវបានអ្នកវិភាគយល់ថា ទំនងជាមិនអាចមានផលវិជ្ជមានប៉ុន្មានទេ ខណៈគណបក្សកាន់អំណាច បានប្រកាសទទួលស្គាល់ពី«ជ័យជំនះ»របស់ខ្លួនរួចហើយនោះ។
លោក កឹម សុខា និងលោក សម រង្ស៊ី (ខាងស្ដាំ) ថ្លែងទៅកាន់អ្នកគាំទ្រនៅលើលានប្រជាធិបតេយ្យ ថ្ងៃទី០៦ខែសីហាឆ្នាំ២០១៣។ (រូបថត គណបក្ស)
លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងបានសរសេរ នៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក នៅថ្ងៃព្រហស្បត្តិ៍ទី១៥ ខែសីហា ឆ្នាំ២០១៣នេះ ថាលោកនឹងវិលត្រលប់មកកម្ពុជាវិញនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ហើយលោកបានបញ្ជាក់បន្តថា វត្តមានរបស់លោកនៅលើមាតុភូមិ គឺដើម្បីចូលរួមដោះស្រាយបញ្ហាវិបត្តិនយោបាយដោយ«សន្តិវិធី» ចំពោះបញ្ហាទាក់ទង ការបោះឆ្នោតថ្ងៃទី២៨កក្កដាកន្លងទៅនេះ។
បើទោះជាមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានបង្ហាញគោលជំហរដោះស្រាយបញ្ហាដោយសន្តិវិធីក្តី តែការរឹតបន្តឹងសន្តិសុខនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ នៅតែត្រូវបានគេសង្កេតឃើញ ថាមានភាពខ្លាំងក្លានៅឡើយ។ កន្លងមកលោក សម រង្ស៊ី ធ្លាប់ធ្វើការព្រមានថា នឹងដឹកនាំធ្វើបាតុកម្មទ្រង់ទ្រាយធំទូទាំងប្រទេស ប្រឆាំងលទ្ធផលបោះឆ្នោត ប្រសិនបើគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេត ពីភាពមិនប្រក្រតីក្នុងដំណើរការបោះឆ្នោត មិនអាចបង្កើតលេចចេញជារូបរាងទេនោះ។ គណបក្សរបស់លោក ថែមទាំងបានប្រកាសថា ជាអ្នកទទួលជ័យជំនះ លើគណបក្សប្រជាជនកម្ពុជា នោះទៀតផង។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យអំពីស្ថានការណ៍នយោបាយនៅកម្ពុជា បានថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូនៅថ្ងៃព្រហស្បត្តិ៍នេះថា៖«បាតុកម្មអាចនឹងកើតមាន ប្រសិនបើភាពមិនប្រក្រតីដែលបានកើតមានឡើង ក្នុងពេលបោះឆ្នោតកន្លងមក មិនបានដោះស្រាយត្រឹមត្រូវ»។ អ្នកវិភាគរូបនេះក៏បានសម្តែងការព្រួយបារម្ភ ខ្លាចក្រែងបាតុកម្ម ដែលបានកើតឡើងអូសបន្លាយពេលយូរ នឹងមានភាពធ្ងន់ធ្ងរ។ តែលោកវាយតម្លៃថាបាតុកម្មអាចប្រព្រឹត្តដោយសន្តិវិធី និងសន្តិភាព ប្រសិនបើកងកម្លាំងសមត្ថកិច្ចមានការគ្រប់គ្រងត្រឹមត្រូវ។
យ៉ាងណាក៏ដោយលោក ឡៅ ម៉ុងហៃ បានជម្រុញឲ្យអ្នកនយោបាយកម្ពុជា ត្រលប់ចូលមកតុចរចារដើម្បីត្រួសត្រាយផ្លូវ ឈានទៅបង្កើតគណៈកម្មការចម្រុះ ស៊ើបអង្កេតពីភាពមិនប្រក្រតីដោយសន្តិវិធី។
ភាពជាប់គាំងកើតមានជាបន្ត
ព័ត៌មានចុងក្រោយដែលមនោរម្យព័ងអាំងហ្វូទទួលបាន ឲ្យដឹងថា លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣នេះ បានផ្ញើរលិខិតមួយច្បាប់ទៅលោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ដោយទទូចឲ្យមានការចរចារបន្ត ដើម្បីសម្រេចនូវលក្ខខ័ណ្ឌមួយចំនួន ដែលមិនទាន់មានការឯកភាពគ្នា ក្នុងការបង្កើតឲ្យបាននូវគណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតី។
នៅល្ងាចថ្ងៃដដែល លោក ជាម យៀប ប្រធានក្រុមសមាជិករដ្ឋសភា នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមស្រាវជ្រាវរៀបចំរបាយការណ៍ ស្តីពីភាពមិនប្រក្រតីនៃការបោះឆ្នោត ក៏បានផ្ញើលិខិតតបត្រឡប់មកលោក សុន ឆ័យ វិញដែរ។ ក្នុងលិខិត បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងអនុវត្តតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីវិសោធនកម្មច្បាប់នេះ ហើយគណបក្សសម្រេចយកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាអាជ្ញាកណ្តាល និងជាអ្នកសម្រេច។
លិខិតរបស់លោក ជាម យៀប បន្តថា បើទាត់ចោល គ.ជ.ប នោះការប្រជុំរបស់គណបក្សទាំងពីរ ក៏មិនទទួលលទ្ធផលល្អទេ ព្រោះច្បាប់បានប្រគល់សិទ្ធិពេញទីឲ្យ គ.ជ.ប រៀបចំ និងដោះស្រាយការងារបោះឆ្នោតសកល និងអសកលនៅកម្ពុជា។ ស្ថាប័ន គ.ជ.ប ដែលអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងក្នុងរសៀលថ្ងៃព្រហស្បត្តិ៍ដដែល នៅទីស្នាក់ការគណបក្សទួលគោកថា ជាស្ថាប័នដែល«ឃុបឃិត»ជាមួយគណបក្សប្រជាជនកម្ពុជា។
មនោរម្យព័ងអាំងហ្វូ បានព្យាយាមស្វែងរកជួបដើម្បីសុំប្រតិកម្ម ពីមន្ត្រីជាន់ខ្ពស់របស់គណបក្សទាំងពីរនេះ តែមិនមានការឆ្លើយតបទេ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការជិតស្និតនឹងការបោះឆ្នោត បានទម្លាក់ការទទួលខុសត្រូវ ទៅលើ គ.ជ.ប ថាបានធ្វើការប្រកាសលទ្ធផលផ្លូវការបឋម ដ៏ចម្រូងចម្រាស់ ខណៈពេលដែលការចរចារបង្កើត គណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតី រវាងគណបក្សទាំងពីរកំពុងស្វែងរកដំណោះស្រាយ។ ប៉ុន្តែ គ.ជ.ប វិញ បានថ្លែងការពារខ្លួនថា ការប្រកាសលទ្ធផលនេះស្ថិតនៅក្នុងនិតិវិធី ដែលខ្លួនបានអនុវត្តន៍ ទៅតាមច្បាប់បោះឆ្នោតជាធរមាន។
ស្របពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងតានតឹងខ្លាំងនេះ ក្រុមអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋច្រើនជាង២៥០នាក់ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ បានជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ធ្វើពិធីបួងសួងសុំសន្តិភាព និងការឯកភាពជាតិក្រោយការឆ្នោត។ ពួកគេបានសើ្មរដល់អ្នកនយោបាយកម្ពុជា បន្តចរចារស្វែងរកដំណោះស្រាយដោយសន្តិវិធី ជៀងវាងឲ្យបាននូវការប្រើអំពើហឹង្សា៕
--------------------------------------------------------
ដោយៈ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ