ឱម យិនទៀង៖ គ្រាប់​បែក​ផ្ទុះ​នៅ​ស្រុក​គងពិសី និង​ក្បែរ​សាលា​ដំបូង​រាជធានី មាន​លក្ខណៈ​ដូច​គ្នា

«នេះគឺជាបញ្ហាភេរវកម្មក្នុងស្រុក តើក្រុមតែមួយ រឺក៏ក្រុមទាក់ទងគ្នាយ៉ាងម៉េច?» នេះជាការចោទជាសំនួរឡើង របស់ លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ នៅផ្ទាល់កន្លែង ដែលការបំផ្ទុះ​ទាំងកណ្ដាលយប់មួយ បានកើតឡើងនៅចំពីមុខទីស្នាក់ការ របស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: August 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កំពង់ស្ពឺ៖ «នេះគឺជាបញ្ហាភេរវកម្មក្នុងស្រុក តើក្រុមតែមួយ រឺក៏ក្រុមទាក់ទងគ្នាយ៉ាងម៉េច?» នេះជាការចោទជាសំនួរឡើង របស់ លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ ក្នុងថ្ងៃព្រហស្បត្តិ៍នេះ នៅផ្ទាល់កន្លែង ដែលការបំផ្ទុះ​ទាំងកណ្ដាលយប់មួយ បានកើតឡើងនៅចំពីមុខទីស្នាក់ការ របស់គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។


ផ្លាកតាំងបង្ហាញបុរសទាំងបី នៃគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ (រូបថត MONOROOM.info/ D.KEO

លោក ឃឹម សុផាន់រ៉ា អធិការស្រុកគងពិសី បានថ្លែងនៅខាងមុខកន្លែងកើតហេតុថា ការបំផ្ទុះគ្រាប់បែកច្នៃ បានកើតឡើង​ម៉ោងប្រមាណជា ៩និង ៤៥នាទីយប់ ថ្ងៃទី១៤ ខែសីហា នៅខាងមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដោយបាន​បំផ្លាញរបងជញ្ជាំង និងស្លាកគណបក្ស និងប៉ះពាល់តិចតួចដល់ទីស្នាក់ការ ប៉ុន្តែមិនបានបង្កឲ្យមានមនុស្ស​រងរបួស​នោះ​ទេ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពងស្ពឺ ក្បែរសាលាស្រុកគងពិសី។

លោកអធិការបានបន្តថា ៖«មន្ត្រីបច្ចេកទេស និងសមត្ថកិច្ចជំនាញ កំពុងស៊ើបអង្កេតករណីនេះ តែមិនទាន់អាច​កំណត់​ពី​មូលហេតុ និងជនដៃដល់បាននៅឡើយទេ ហើយក៏មិនទាន់ដឹងទេថាជាប្រភេទអ្វីទេ ខាងស៊ីម៉ាក់គេប្រមូល​បំណែក​អាសេសសល់ ទៅធ្វើការសន្និដ្ឋាន។ ខ្ញុំគិតថា គេប្រើនាឡិការដើម្បីបញ្ជារ ពីព្រោះយើងឃើញបំនែកនាឡិការ​នៅកន្លែង​កើតហេតុនោះ»។

លោកបានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៥ ខែសីហានេះផ្លូវ ឆ្លងកាត់កន្លែងកើតហេតុ បានបិទតាំងពីព្រឹកព្រលឹម ដើម្បី​ឲ្យ​មន្ត្រីជំនាញគេធ្វើការ រហូតដល់ម៉ោង១១ និង ៣០ នាទីទើបបើកឲ្យដំណើរការវិញ ។ ហើយនៅកន្លែងនេះ ជាធម្មតាគឺមាន​អ្នកយាម៤នាក់ ជាប្រចាំតែថ្ងៃនេះពួកគាត់ចេញទៅហូបបាយ ដូច្នេះហើយបានជាគ្មានអ្នកគ្រោះថ្នាក់។

លោកម៉ែន នឿន ប្រធានបក្សប្រជាជនកម្ពុជាប្រចាំស្រុកគងពិសី បានថ្លែងឲ្យដឹងថា លោកស្នាក់នៅក្នុងទីស្នាក់ការ​នោះ​ដូចជាផ្ទះរបស់គាត់ តែនៅថ្ងៃនោះមន្ត្រីរបស់លោកពីរនាក់បានសុំច្បាប់ ហើយលោកក៏បានចេញទៅហូបបាយ រហូតដល់​ផ្ទុះហើយទើបលោកបានដឹង។ លោកបានឲ្យដឹងទៀតថា ៖ «ពេលផ្ទុះហើយនោះខ្ញុំមិនដឹងថានៅកន្លែងណានោះទេ ពីព្រោះលឺខ្លាំងណាស់ រហូតដល់មានគេទូរស័ព្ទប្រាប់ ទើបដឹងក៏ខ្ញុំមកមើល ហើយខ្ញុំក៏មិនដឹងថាសង្ស័យអ្នកណានោះដែរ ពីព្រោះនៅកន្លែងនេះពុំដែលមានហេតុការណ៍ដូច្នេះទេ ហើយពលរដ្ឋក៏ពុំហ៊ានមកមើលដែរ គឺមានតែមន្ត្រីប៉ូលីស​តែ​ប៉ុណ្ណោះ ពីព្រោះពួកគេខ្លាច»។

លោកឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើរពុករលួយ បានថ្លែងឲ្យដឹងនៅកន្លែងកើតហេតុថា លោកកំពុងតែប្រមូល​ព័ត៌មានថែមទៀត ដើម្បីសិក្សាមើលថា តើមានហេតុផលអ្វីខ្លះដែលបង្ករឲ្យមានបញ្ហានេះ ហើយក៏ត្រូវការពេលវេលា​ថែម​បន្តិចទៀតដែរ ដើម្បីពិនិត្យទៅលើបញ្ហាបច្ចេកទេស។ លោកបានសំណូមពរទៅអ្នកបច្ចេកទេស ឲ្យស៊ើបអង្កេត​ថែម​ទៀត ដើម្បីរកធាតុផ្សំ និងរបៀបច្នៃធ្វើគ្រាប់ផ្ទុះ IED នេះ ហើយក៏ជួយឲ្យដឹងថាវាចេញពីប្រភពណា ហើយក៏ដឹងថាតើរបៀប​ដែលប្រើនោះ តើកន្លងមកធ្លាប់ប្រើនៅកន្លែងណាដែររឺអត់។ លោកបានឲ្យដឹងទៀតថា ៖«នេះគឺជាបញ្ហាភេរវកម្មក្នុងស្រុក តើក្រុមតែមួយ រឺក៏ក្រុមទាក់ទងគ្នាយ៉ាងម៉េច ហើយគ្រឿងផ្ទុះច្នៃនេះមានលក្ខណៈដូចគ្នាច្រើនដែរ ទាក់ទិនទៅនិងការផ្ទុះ នៅក្បែររបងសាលាដំបូងភ្នំពេញ ប៉ុន្តែខុសគ្នារបៀបបំផ្ទុះ»។

អ្នកស្រី ថុល សុភី អាយុ ៣៣ ឆ្នាំដែលរស់នៅប្រមាណជា១០០ម៉ែត្រពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកស្រីបំរុងនិងដេក​ទៅហើយក៏លឺសម្លេងផ្ទុះ នៅពេលដែលលឺសំលេងផ្ទុះនោះ គឺធ្វើឲ្យគាត់ភ័យជាខ្លាំង ហើយគាត់យំដោយ​មិនដឹងថាត្រូវ​ធ្វើ​យ៉ាងម៉េច ពីព្រោះជាស្ត្រីមេម៉ាយនៅជាមួយកូនតូចៗបីនាក់។ អ្នកស្រីបានឲ្យដឹងថា ៖«លឺសម្លេងផ្ទុះខ្លាំង ​ហើយឡើង​រង្គើ​ផ្ទះខ្ញុំ ខ្ញុំស្មានតែផ្ទុះនៅមុខផ្ទះខ្ញុំ មិននឹកស្មានថានៅទីស្នាក់ការទេ។ ខ្ញុំខំទូរស័ព្ទទៅម៉ែឲ្យមកជួយ ពីព្រោះខ្ញុំខ្លាចហើយ​ខ្ញុំក៏​មិនហ៊ានបើកទ្វាចេញទេ ដោយខ្ញុំបិទរហូតទល់ភ្លឺ។»

អ្នកស្រីបានឲ្យដឹងថា នៅពេលមុនផ្ទុះប្រមាណជា១៥ នាទីអ្នកស្រីក៏លឺសម្លេងម៉ូតូជិះពីកើតទៅលិច ហើយក្រោយមក​ក៏​លឺសម្លេងផ្ទះតែម្តង ហើយបើតាមការស្មាន ម៉ូតូនោះគឺប្រភេទវីវារឺក៏ស្មាស ហើយថ្មីទៀតពីព្រើសម្លេងល្អ។ អ្នកស្រីបាន​ឲ្យដឹងទៀតថា ៖ «ដំបូង ខ្ញុំគិតថាយប់នេះដឹងតែផ្ទះខ្ញុំបាត់មាន់ទៀតហើយ ពីព្រោះអីពេលមុនៗ មកឲ្យតែលឺសម្លេងម៉ូតូ​ពេលយប់ គឺខ្ញុំបាត់មាន់។ តែលើកនេះមិនបាត់មាន់ឯណា ភ័យឡើងព្រលឹងចុងសក់។»

ពលរដ្ឋម្នាក់ដែលរស់នៅក្បែរនោះលោក ស៊ឹម សើ អាយុ ៣៥ ឆ្នាំ បានថ្លែងឲ្យដឹងថា នៅពេលដែលលោក​លឺស្នូរសំលេង​ផ្ទុះលើកដំបូង លោកស្មានតែតែផ្ទុះគ្រាប់មីនតោន ពីព្រោះនៅកន្លែងនេះធ្លាប់មានមីនផ្ទុះ នៅពេលកន្លងមក តែលោកឆ្ងល់​ត្រង់ថាហេតុអ្វីបានជាលឺខ្លាំងម្ល៉េះ។ លោកបានថែមឲ្យដឹងទៀតថា ៖«ពលរដ្ឋនៅក្នុងភូមិខ្ញុំឲ្យតែម៉ោង ៨រឺ៩ដេកអស់ហើយ ហើយនៅពេលផ្ទុះនោះ គេមិនហ៊ានចេញមកមើលទេ ពីព្រោះគេខ្លាច»។

លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានថ្លែងឲ្យដឹងថា ក្នុងនាមសង្គមស៊ីវិល​លោកមានការព្រួយបារម្ភ ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងថ្មីៗនេះ នៅពេលដែលកំដៅនយោបាយ​កំពុងតែកើន​ឡើង។ លោកបានថ្លែងឲ្យដឹងថា ៖«ករណី(បែបនេះ)កំពុងតែកើតឡើងខ្លាំង រឺឯកំដៅនយោបាយក៏កើតឡើងខ្លាំង ដែល​ធ្វើឲ្យប្រជាពលរដ្ឋ ដែលមាននិន្នាការនយោបាយគណបក្សរៀងៗខ្លួន មានការបារម្ភកាន់តែខ្លាំង វាធ្វើឲ្យប៉ះពាល់​ផ្នែក​ស្មារតី»។

គួរបញ្ជាក់ថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បញ្ហា​អស្ថិរភាពសង្គមមួយចំនួន បានកើតមានឡើងជាបន្តបន្ទាប់ ដូចជា ករណីបំផ្ទុះគ្រាប់បែកច្នៃមួយ ដោយជនមិនស្គាល់មុខ នៅជាប់របងសាលាដំបូងរាជធានីភ្នំពេញ នៅយប់រំលងអាធាត្រ ឈានចូលថ្ងៃទី០៧ ខែសីហានេះ។ ករណីជន​មិនស្គាល់​មុខ ប្លុងចោលគ្រាប់បែកប្រភេទ M79 ចំនួនពីរគ្រាប់ នៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា។ ឃាតកម្មចំនួន ២ករណី ក៏កើតទ្បើង ទៅលើសកម្មជនរបស់​គណបក្ស​សង្គ្រោះជាតិ នៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៕

-----------------------------------------------------
ដោយ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...