គណបក្ស​ប្រឆាំង​ដើរ​ចេញ មិន​ទទួល​យក​ដំណោះ​ស្រាយ​របស់​គ.ជ.ប ដើម្បី​​ដោះ​ស្រាយ​បណ្តឹង

តំណាងគណបក្សប្រឆាំងលោក គុយ ប៊ុនរឿន និងលោក កែវ ភីរម្យ ដែលជាម្ចាស់បណ្តឹងប្រចាំខេត្តក្រចេះ នៃ គណបក្សសង្គ្រោះជាតិ បាន ដើរចេញពី ទីស្ដីការ គ.ជ.ប បន្ទាប់ពី ស្ថាប័ននេះ មិនព្រមដោះស្រាយ លើពាក្យបណ្តឹងរបស់ ខ្លួន បែរជាធ្វើការផ្ទៀងផ្ទាត់តួលេខនៃចំនួនអ្នកបោះឆ្នោតនោះទៅវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ តំណាងគណបក្សប្រឆាំងលោក គុយ ប៊ុនរឿន និងលោក កែវ ភីរម្យ ដែលជាម្ចាស់បណ្តឹងប្រចាំខេត្តក្រចេះ នៃ គណបក្សសង្គ្រោះជាតិ បាន ដើរចេញពី ទីស្ដីការ គ.ជ.ប បន្ទាប់ពី ស្ថាប័ននេះ មិនព្រមដោះស្រាយ លើពាក្យបណ្តឹងរបស់ ខ្លួន បែរជាធ្វើការផ្ទៀងផ្ទាត់តួលេខនៃចំនួនអ្នកបោះឆ្នោតនោះទៅវិញ។


សកម្មភាពផ្ទៀងផ្ទាត់តួលេខ នៅទីស្ដីការគ.ជ.ប ថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

ដោយមិនឃើញមានការរៀបចំដោះស្រាយលើបណ្តឹង ដែលគណបក្សសង្គ្រោះជាតិបានដាក់មកនោះ លោក គុយ ប៊ុនរឿន បានសួររកអ្នកដែលទទួលបន្ទុកការដោះស្រាយនោះ ហើយបញ្ជាក់ថា បណ្តឹងរបស់លោកជាបណ្តឹងតវ៉ា លើលទ្ធផល​បណ្តោះអាសន្ន រាល់ការដោះស្រាយលើបណ្តឹងទាំងនេះ បើតាមច្បាប់ គ.ជ.ប ត្រូវធ្វើសវនាការជាសាធារណៈ។ លោកបន្ត​ថា គ.ជ.ប គួរតែធ្វើសវនាការជាសាធារណៈជាមុនសិន ដើម្បីឲ្យភាគីម្ចាស់បណ្តឹងគេបង្ហាញនូវភស្តុតាងនានា ដែលពាក់​ព័ន្ធនឹងការមិនពេញចិត្ត ឬមិនសុខចិត្តទៅលើអ្វីមួយនោះ ដែលប៉ះពាល់ដល់លទ្ធផលបណ្តោះអាសន្ននោះ មុននឹងឈាន​ទៅដល់ធ្វើការផ្ទៀងផ្ទាត់នោះ។

មន្ត្រីគណបក្សប្រឆាំងរូបនេះ បានបញ្ជាក់ថា «មាត្រា១៦ ចំណុច២៥ នៃច្បាប់បោះឆ្នោត រាល់បណ្តឹងតវ៉ាដែលទាក់ទងនឹង​ការបោះឆ្នោត គ.ជ.ប ត្រូវតែធ្វើសវនាការជាសាធារណៈ លើកលែងតែបណ្តឹងណាទាក់ទងនឹងតុលាការ។ (…) គ.ជ.ប ធ្លាប់តែអះអាងថាស្លួនធ្វើតាមច្បាប់ ឥឡូវច្បាប់បានបង្ហាញហើយ ត្រូវតែធ្វើតាមច្បាប់។ ខ្ញុំត្រូវការឲ្យគ.ជ.ប គោរពច្បាប់ កាលណាគ.ជ.ប ធ្វើខុសច្បាប់របៀបនេះ ខ្ញុំមិនត្រូវការចូលរួមនូវការខុសច្បាប់នោះទេ។»

ឯលោក កែវ ភីរម្យ ដែលជាម្ចាស់បណ្តឹងប្រចាំខេត្តក្រចេះ នៃគណបក្សសង្គ្រោះជាតិ ក៏បានបញ្ជាក់ថា ករណីនេះត្រូវធ្វើ​សវនាការសិន មុនធ្វើការផ្ទៀងផ្ទាត់ផ្សេងៗទៀត លោកក៏មិនចូលរួមចំពោះនីតិវិធីដែលមិនត្រូវ ចំពោះការពិនិត្យ និងផ្ទៀង​ផ្ទាត់នេះដែរ។

ឆ្លើយតបទៅនឹងការទាមទាពីតំណាងគណបក្សសង្គ្រោះជាតិ ប្រធាននាយកដ្ឋានប្រតិបត្តិការបោះឆ្នោត នៃគ.ជ.ប លោក ហ៊ឺ រ៉ុង ដែលជាអ្នកដោះស្រាយលើបណ្តឹងនេះ បានលើកឡើងថា លោកធ្វើតាមតែ«ថ្នាក់លើបញ្ជា»ទេ។ ព្រោះឲ្យ​ធ្វើការ​ផ្ទៀងផ្ទាត់ទៅលើទូរលេខ ដែលមានក្នុងបណ្តឹង តើត្រឹមត្រូវ ដូចគ្នាឬទេ មុននឹងឈានដល់ការធ្វើសវនាការនោះ។ លោក​បន្តរថា លោកនឹងមិនខ្វល់ចំពោះការមិនចូលរួមនេះទេ ព្រោះនេះជាទម្លាប់របស់គាត់ទៅហើយ ។ លោកបញ្ជាក់ថា ការ​ដែលធ្វើការផ្ទៀងផ្ទាត់ជាមុននេះ ព្រោះចង់រកឲ្យឃើញថា តើតួលេខទាំងនោះពិតជាមានការក្លែងបន្លំមែនឬទេ។ «គោល​ការណ៍ថ្នាក់លើ ឲ្យផ្ទៀងផ្ទាត់ចំណុចទីពីរនេះ ដូច្នេះខ្ញុំធ្វើការតែលើចំណុចនេះទេ។ ការងារមានផ្សេងៗគ្នា (…) ដើម្បីឲ្យ​ច្បាស់ត្រូវធ្វើការផ្ទៀងផ្ទាត់មើល ក្រោយលទ្ធផលយ៉ាងណានោះ បើគាត់មិនខុសចិត្តទេ អាចប្តឹងជាបន្តរទៀតបាន។»

ជាមួយគ្នាននេះលោក ហ៊ឺ រ៉ុង បានបញ្ជាក់ថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងប្រើប្រាស់រយៈពេល​៤៨ម៉ោង ដើម្បីដោះស្រាយបណ្តឹងតវ៉ា ទៅនឹងលទ្ធផលបោះឆ្នោតបណ្តោះអាសន្នទាំងអស់ ចាប់ពីល្ងាចថ្ងៃសុក្រ​នេះ​តទៅ។ លោកបន្តរថា បណ្តឹងដែល គ.ជ.ប ទទួលបាន ហើយត្រូវធ្វើការដោះស្រាយទាក់ទងនឹងលទ្ធផលបោះឆ្នោត មាន​ចំនួន១៧បណ្តឹង ជារបស់គណបក្សសង្គ្រោះជាតិ។ ស្អែក គ.ជ.ប ធ្វើការដោះស្រាយសម្រាប់ខេត្តកណ្តាល បាត់ដំបង និងសៀមរាប។

ក្នុងការចាប់ផ្តើមដំណើរការ ក្នុងការដោះស្រាយបណ្តឹងនានា នៃថ្ងៃដំបូងទី១៥ ខែសីហានេះ ដែលបានប្តឹងដោយ​គណបក្ស​នយោបាយនោះ ក្រោមការដោះស្រាយដោយ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចនោះ នៅឯខាងអង្គការខុមហ្វ្រែល ដែលជាអង្គការសង្កេតការណ៍បោះឆ្នោតដែរនោះ បានចេញសេចក្តីប្រកាសព័ត៌មាន(កែតម្រូវ) មួយដោយអះអាងថា ភាព​មិនប្រក្រតីក្នុងថ្ងៃស ថ្ងៃបោះឆ្នោត និង ការរាប់សន្លឹកឆ្នោតនោះ មានជាងមួយម៉ឺនករណីនៅទូទាំងប្រទេស។

សូមបញ្ជាក់ថា នៅលើពាក្យបណ្តឹង ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ របស់លោក កែវ ភីរម្យ ពីខេត្តក្រចេះបានសរសេរថា «ប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទីប្រាំ នៅមណ្ឌលខេត្ត​ក្រចេះ»។ បណ្តឹងនោះបានប្តឹងឈរនៅលើមូលហេតុបីយ៉ាង ទីមួយប្រជាពលរដ្ឋបាត់ឈ្មោះពីបញ្ជីបោះឆ្នោតឆ្នាំ២០១២ ទីពីរក្នុងឃុំស្វាយជ្រះមានការក្លែងបន្លំតួលេខ លើទម្រង់១១០៤ទាំង១៣ការិយាល័យ និងសន្លឹកឆ្នោតមិនបានការចំនួន៩៤ នៅការិយាល័យលេខ០០១១ ក្នុងឃុំដំរីជុង។

បណ្តឹងនេះកើតមាន ក្រោយពេលប្រកាសលទ្ធផលផ្លូវការជាបឋម នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាល​ទី​៥ប្រាំ ដោយ គ.ជ.ប កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣ បានធ្វើឲ្យខាងគណបក្សសង្គ្រោះជាតិមិនពេញចិត្ត នឹងប្រកាស​ដាក់ពាក្យប្ដឹងទាស់នឹងលទ្ធផលបោះឆ្នោតនេះ ទៅគ.ជ.ប។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៥ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...