កឹម សុខា៖ បាតុកម្មនឹងកើតចេញពីពលរដ្ឋម្ចាស់ឆ្នោត តែលោកនឹងនៅពីមុខបាតុករ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ វាមិនទាន់ដល់ពេល ដែលត្រូវសម្ដែងមតិតាមរយៈបាតុកម្មនោះនៅឡើយ តែប្រសិនជាឈានទៅដល់ដំណាក់កាលនោះ វាជាបាតុកម្មដែលផុសចេញ ពលរដ្ឋម្ចាស់ឆ្នោត។ នេះជាការអះអាងរបស់ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ខណៈពេលការព្រមានរៀបចំធ្វើមហាបាតុកម្មដោយអហិង្សា របស់គណបក្សប្រឆាំងមួយនេះ ស្ថិតនៅតែជាមន្ទិលសង្ស័យនៅឡើយ។
លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)
ក្នុងវេទិការសាធារណៈ ស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ ទាក់ទិនទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទីប្រាំកន្លងទៅនេះ ក្នុងទីស្នាក់ការគណបក្សសាខាទួលគោក ថ្ងៃទី១៥ខែសីហានេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានលើកឡើងពីការធ្វើមហាបាតុកម្ម ថាមិនទាន់ដល់ពេលវេលានោះទេ ព្រោះបច្ចុប្បន្នរាល់ការដោះស្រាយទាំងអស់ កំពុងស្ថិតនៅក្នុងចន្លោះច្បាប់ និងនីតិវិធីដែលត្រូវដោះស្រាយជាបន្តរបន្ទាប់។ លោកបន្ថែមថា ជាមួយគ្នានេះដែរ គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប នៅកំពុងតែស្វែងរកបន្តរនូវដំណោះស្រាយដ៏សមស្រប ដោយសន្តិវិធីមួយ។
ក្នុងឱកាសនោះដែរ លោកបានពន្យល់ថា បញ្ហាធ្វើបាតុកម្មអហិង្សានេះ មិនមែនរូបលោក និងគណបក្សសង្គ្រោះជាតិ ជាអ្នកផ្តួចផ្តើមនោះទេ តែវាជាគំនិតដែលផុសចេញពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត តែរូបលោក និងគណបក្សសង្គ្រោះជាតិ នឹងនៅពីមុខបាតុករ នៃបាតុកម្មដោយអហិង្សានេះ។
ស្របពេលជាមួយគ្នានេះ តាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ប្រជាពលរដ្ឋក្រៅប្រទេស ដែលគាំទ្រគណបក្សសង្គ្រោះជាតិនោះ បានរៀបចំគម្រោងធ្វើបាតុកម្មអហិង្សា នៅពីរកន្លែងទីទៃពីគ្នានាពេលខាងមុខនេះ។ បាតុកម្មអហិង្សាទីមួយនាថ្ងៃទី១៩ ខែសីហា ស្ថិតនៅមុខទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងបាតុកម្មអហិង្សាទីពីរនាថ្ងៃទី២៦ ខែសីហា នៅមុខវិមានអង្គការសហប្រជាជាតិក្នុងទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីស។
សូមបញ្ជាក់ថា បាតុកម្មអហឹង្សា ជាសិទ្ធិនៃការជួបជុំរបស់ប្រជាពលរដ្ឋ ដែលមានចែង និងការពារដោយេដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជា។ ពលរដ្ឋគ្រប់និន្នាការនយោបាយទាំងអស់ អាចធ្វើបាតុកម្មដោយអហិង្សាបាន ហើយមិនត្រូវបានក្រុមណាមួយ ឬបក្សណាមួយរារាំង ទប់ស្កាត់ មកបំភិតបំភ័យនោះបានឡើយ។ ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ច ត្រូវមានភារកិច្ចជួយសម្រួល ឲ្យការជួបជុំបញ្ចេញមតិនេះ បានប្រព្រឹត្តិទៅដោយគ្មានការប្រទាំងប្រទើស។
តាំងពីថ្ងៃបោះឆ្នោត ថ្ងៃទី២៨ខែកក្កដាមក បញ្ហាធ្វើបាតុកម្មអហិង្សាមួយនេះ បានក្លាយជាប្រធានបទមួយយ៉ាងក្ដៅគគុកមួយ រហូតដល់មានការចល័តកងទ័ព និងសម្ភារៈសិកធុនធ្ងន់ ចូលមកកាន់រាជធានី យ៉ាងសន្ធឹកសន្ទាប់នោះផង។ បញ្ហាដ៏រសើបនេះ ក៏បានធ្វើឲ្យបណ្តាអ្នកតាមដានស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា លើកយកមកធ្វើជាចំណោទ ក្នុងការសួរឆ្លើយយ៉ាងរស់រវើក នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុក (facebook) នោះដែរ។
អ្នកតាមដានស្ថានការណ៍ មួយភាគដែលផ្អៀងទៅរកគណបក្សប្រឆាំង និងមិនចូលចិត្តការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ ដែលបានកាន់អំណាចតាំងពី២៨ឆ្នាំមកហើយនោះ បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមនៅក្នុងបាតុកម្មនេះ។ មួយចំនួនទៀត បាននិយាយថា ចង់ឲ្យមានការដោះស្រាយដោយសន្តិភាព និងសន្តិវិធី ជាសវាងការធ្វើបាតុកម្មនេះ ដែលអាចនាំមកវិញ នូវការបែកបាក់ និងការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង។ ផ្ទុយទៅវិញ ក្រុមដែលស្និតនឹងគណបក្សប្រជាជានកម្ពុជាវិញ បានស្វែងរកគ្រប់វិធី និងហេតុផលគ្រប់បែបយ៉ាង ដើម្បីបញ្ជៀសកុំឲ្យមានមហាបាតុកម្មនេះកើតឡើង។
នៅក្នុងព្រឹត្តិការណ៍ចុងក្រោយបំផុត ក្នុងថ្ងៃទី១៥ខែសីហានេះដដែល មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លោកជៀម យៀប បានសរសេរលិខិតមួយ បដិសេធសំណើរតាមលិខិតរបស់លោក សុន ឆៃ មន្ត្រីការងាររបស់គណបក្សសង្គ្រោះជាតិ ដែលចង់ឲ្យមានការជួបគ្នា រវាងក្រុមការងារទាំងពីរគណបក្សជាបន្តទៅទៀត។ លិខិតលោកជៀម យៀប បានបញ្ជាក់ថា គណបក្សប្រជាជន សម្រេចយកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាអាជ្ញាកណ្តាល និងជាអ្នកសម្រេច ហើយថាការជួបគ្នារវាងគណបក្សទាំងពីរ ដែលគ្មានការចូលរួមពី គ.ជ.ប ក៏គ្មានលទ្ធផលល្អដែរ។ ការឆ្លើយឆ្លងគ្នានេះ បានធ្វើឲ្យគេមើលឃើញ ពីដំណើរឈានទៅបង្កើតគណកម្មាការចម្រុះឯករាជ្យនោះ ទំនងត្រូវបានជាជាប់គាំង ហើយដំណោះស្រាយដែលនឹងបញ្ជៀសការធ្វើមហាបាតុកម្ម កាន់តែរួមតូចចង្អៀតឡើង៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៥ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ