អង់គ្លេសថាទង្វើរដ្ឋាភិបាលកម្ពុជា នាំគ្រោះដល់លិទ្ធិប្រជាធិបតេយ្យ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 05, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងទិដ្ឋភាព ដើម្បីធ្វើឲ្យការបោះឆ្នោតជាតិកម្ពុជា ក្នុងឆ្នាំខាងមុខ មានលក្ខណៈសេរី និងយុត្តិធម៌ លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីទទួលបន្ទុក តំបន់អាស៊ី និងតំបន់មហាសាគរប៉ាស៊ីភិច នៃការិយាល័យការបរទេស និងកិច្ចការ ខមមិនវៀល (Commonwealth) របស់ចក្រភពអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍មួយ អំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវស្ដារស្ថានការណ៍ឡើងវិញ បន្ទាប់ពីចំណាត់ការជាច្រើន ត្រូវបានអាជ្ញាធរកម្ពុជា អនុវត្តន៍ ដើម្បីបិទ (ឬឈានទៅបិទ) ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយចុងក្រោយបង្អស់នេះ មេដឹកនាំបក្សប្រឆាំងមួយរូប ត្រូវបានចាប់ខ្លួនថែមទៀត។
នៅក្នុងសេចក្ដីថ្លែងការណ៍នោះ លោក ម៉ាក ហ្វៀល បានសំដែងការព្រួយបារម្ភ ដ៏ពន់ពេករបស់លោក នៅចំពោះ«វិធានការជាបន្តបន្ទាប់ និងវិធានការថ្មីបំផុត របស់អាជ្ញាធរកម្ពុជា ក្នុងការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង» កាលពីយប់រំលងអាធ្រាត ចូលមកព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា វិធានការទាំងនេះ របស់រដ្ឋាភិបាលកម្ពុជា រួមទាំងការរឹតបន្តឹង ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការបិទទ្វារវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងការបិទកាសែតបរទេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ទាំងអស់នេះ បាននាំឲ្យមានគ្រោះថ្នាក់ ដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការពិភាក្សា ដោយសេរីនៅកម្ពុជា។
លោក ម៉ាក ហ្វៀល បានថ្លែងឡើងថា៖ «ខ្ញុំទទូចឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាបន្ទាន់ ក្នុងការស្ដារស្ថានការណ៍ ឲ្យប្រសើរឡើងវិញ ដើម្បីធ្វើឲ្យការបោះឆ្នោតឆ្នាំ២០១៨ មានភាពសេរី និងយុត្តិធម៌។ ខ្ញុំសូមជំរុញឲ្យរដ្ឋាភិបាល បន្តអនុវត្តនូវចំណុចល្អប្រសើរ ដែលយើងបានសង្កេតឃើញ កាលពីអំឡុងពេលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងខែមិថុនា។»៕