សម្ភាស​ឌិន ផាណារ៉ា៖ ​ម៉ម សូណង់ដូ ជា​បេះដូង​របស់​វិទ្យុ​សំបុក​ឃ្មុំ (SBK)

ក្នុងករណីរបស់លោកម៉ម សូណង់ដូ មេធាវីការពារក្តីរបស់លោក នៅសាលាឧទ្ធណ៍ លោក ស សុវណ្ណ បានបញ្ជាក់ពីការទទួលសំណុំរឿងនេះ ហើយកំពុងដាក់ពាក្យ ដើម្បីសុំថតសំណុំរឿង មកពិនិត្យ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានស្វែងរកជួបសម្ភាស លោកស្រីឌិន ផាណារ៉ា​ ភរិយាលោកម៉ម​ សូណង់ដូ ដើម្បីដឹងពីដំណឹង ដែលទាក់ទងនឹងស្វាមីលោកស្រី។
Loading...
  • ដោយ: ភ្នំធំ
  • កែប្រែចុងក្រោយ: November 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងករណីរបស់លោកម៉ម សូណង់ដូ មេធាវីការពារក្តីរបស់លោក នៅសាលាឧទ្ធណ៍ លោក ស សុវណ្ណ បានបញ្ជាក់ពីការ​ទទួល​​សំណុំរឿងនេះ ហើយកំពុងដាក់ពាក្យ ដើម្បីសុំថតសំណុំរឿងមកពិនិត្យ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានស្វែង​រក​ជួបសម្ភាស លោកស្រី ឌិន ផាណារ៉ា​ ភរិយាលោកម៉ម​ សូណង់ដូ ដើម្បីដឹងពីដំណឹង ដែលទាក់ទងនឹង​ស្វាមី​លោកស្រី។


លោកស្រី ឌិន ផាណារ៉ា នៅក្នុងការិយាល័យ។ រូបថត SBK Radio

ជាដំបូង លោកស្រី ឌិន ផាណារ៉ា បានថ្លែងពីសុខភាព របស់ស្វាមីលោកស្រី លោក ម៉ម សូណង់ដូ នៅឯពន្ធនាគារ​ព្រៃស ថាចាប់តាំងពីមានការចាប់ខ្លួនលោក ម៉ម សូណង់ដូ មក លោកធ្លាក់ខ្លូនឈឺពីរដង។ លើកទីមួយ គឺគ្រុនក្តៅ ផ្តាសសាយធំ រលៀកបំពង់ករ និងមានប្រតិកម្មស្បែកជាមួយផ្សែងបារី។ លើកទីពីរ ក្តៅខ្លួនខ្លាំងរហូតព្យួសេរ៉ូម។ លោកស្រី​បានសម្ដែង នូវការ​ព្រួយបារម្ភខ្លាំង ពីសុខភាពរបស់ស្វាមីលោកស្រី ទៅថ្ងៃអនាគត ដោយសារតែលោកម៉ម សូណង់ដូ ដែល​មានវ័យ​ចំណាស់៧១ឆ្នាំរូបនេះ ងាយនឹងឆ្លងជំងីណាស់។ លោកស្រីបន្ថែមថា ក្នុងអំឡុងពេលនៃការឃុំខ្លួននេះ ស្វាមី​លោកស្រី​​ពុំ​មានការគំរាមកំហែង ផ្នែកផ្លូវកាយ និងផ្លូវចិត្តទេ ។

សូមរំលឹកឡើងវិញថា លោក ម៉ម សូណង់ដូ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក កាលពីព្រឹក​ថ្ងៃទី០១ តុលា ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់១០លានរៀល ចោទពីបទ ជាប់ពាក់ព័ន្ធ នឹងការបង្កើត​«តំបន់អប្បគមន៍»នៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។

លោកប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិតតេយ្យរូបនេះ បានត្រូវអាជ្ញាធរកម្ពុជាឃុំ នៅឯពន្ធនាគារ​ព្រៃសរ រហូតមកដល់បច្ចុប្បន្ន ហើយអវត្តមាន ពីវិទ្យុរបស់លោកនេះ បានធ្វើឲ្យកម្មវិធីសំខាន់ៗជាច្រើន របស់វិទ្យុសំបុកឃ្មុំ ត្រូវ​បាន​កែប្រែទាំងស្រុង ។ កម្មវិធីសំខាន់ៗ ដែលច្រើនជាកម្មវិធី ស្តីអំពីលទ្ធិប្រជាធិបតេយ្យ ច្បាប់ និងសិទ្ធិមនុស្សទាំងនោះ បានត្រូវផលិតឡើងដោយលោកម៉ម សូណង់ដូ ខ្លួនលោកផ្ទាល់ ហើយលោក ក៍ជាអ្នកធ្វើអត្ថាធិប្បាយឆ្លើយឆ្លង និងបក​ស្រាយ​នូវចម្ងល់ផ្សេងៗ របស់ប្រជាពលរដ្ឋដោយផ្ទាល់ផងដែរ។

លោកស្រី ឌិន ផាណារ៉ា បានបញ្ជាក់ថា «បច្ចុប្បន្ននេះ វិទ្យុសំបុកឃ្មុំមានបញ្ហាជាច្រើន បន្ទាប់ពីលោកម៉ម សូណង់ដូ ត្រូវ​បានឃុំខ្លួននៅក្នុងពន្ធនាគារ ដោយតុលាការបានសម្រេច ផ្តន្ទាទោសចំនួន២០ឆ្នាំ។»

លោកស្រីពន្យល់យ៉ាងក្បោះក្បាយថា «កម្មវីធីវិទ្យុសំបុកឃ្មុំមានពីរ។ ទីមួយជាកម្មវិធីចំរុះផ្សព្វផ្សាយអង្គការ គណបក្ស មិនប្រកាន់និន្នាការនយោបាយ និងកម្មវិធីទីពីរ គឺកម្មវិធីសកម្មភាពការងារ របស់លោកម៉ម សូណង់ដូ ផ្ទាល់ រួមជាមួយ​នឹង​កម្មវិធី ឆ្លងឆ្លើយតាមទូរស័ព្ទដោយផ្ទាល់ វាងលោកម៉ម សូណង់ដូ ជាមួយប្រជាពលរដ្ឋដែលបកស្រាយអំពីចម្ងល់ទូទៅ។ កម្មវីធីស្តីអំពីលទ្ធិប្រជាធិបតេយ្យ កម្មវិធីច្បាប់ កម្មវិធីសិទ្ធិមនុស្ស និងកម្មវិធីសកម្មភាពសប្បុរសធម៌ ចុះចែកអំណោយ​តាម​ខេត្ត គឺត្រូវបានផ្អាក។»

កម្មវីធីរបស់លោកម៉ម សូណង់ដូ ដែលមានរយៈពេល ២ម៉ោង៣០នាទីកន្លងមក មានការគាំទ្រយ៉ាងច្រើន ហើយពេលវេលា​នេះ​ ត្រូវបានជំនួសមកវិញ នូវការចាក់ផ្សាយកម្មវីធីចាស់ៗ ពីមុនរបស់លោក។ ការអាក់ខានផ្សាយនូវកម្មវិធីទាំងនោះ ត្រូវ​បានលោកស្រីអះអាងថា  មិន​បានធ្វើឲ្យមានការបាត់បង់ នូវចំនួនអ្នកស្តាប់នោះទេ បើទោះជាការអះអាងនេះ មិនមាន​ប្រភព​ណាបញ្ជាក់ក៏ដោយ។ លោកស្រីពន្យល់ថា «ចំនួនអ្នកស្តាប់ រិតតែមានការកើនឡើង ពីគ្រប់មជ្ឍដ្ឋានបងប្អូនប្រជាពលរដ្ឋ ព្រោះពួកគាត់ទន្ទឹងរង់ចាំ ស្តាប់ពត៌មាន ទាក់ទងជាមួយលោកប្រធានជារៀងរាល់ថ្ងៃ។»


លោកម៉ម​សូណង់ដូ ពេលថ្ងៃចូលមកស្ដាប់បទចោទរបស់តុលាការថ្ងៃទី ១៦កក្កដា ឆ្នាំ២០១២។

ចំណែកឯសំណុំរឿងក្ដីក្ដាំនៅតុលាការវិញ លោកស្រីបញ្ជាក់ថា លោកម៉ម សូណង់ដូ បានប្តឹងឧទ្ធណ៍ នៅថ្ងៃទី១២តុលា តែតុលាការ​បានទទួល នៅថ្ងែទី១៨ ខែតុលា ដោយសារមានការឈប់បុណ្យភ្ជុំផង និងការយាងសោយទីវង្គត់ របស់អតីត​ព្រះមហាវីរក្សត្រសម្តេច នរោត្តម សីហនុ ផង ហើយសំណុំរឿងនេះ លោកស្រីនៅមិនទាន់ដឹងថា នឹងមានចំណាត់ការ​នៅ​ពេលណា​នៅ​ឡើយ​ទេ។ តែទោះជាយ៉ាងណាក៏ដោយ ក៏លោកស្រីសង្ឃឹមយ៉ាងខ្លាំងថា ករណីរបស់ស្វាមីលោកស្រី នឹងត្រូវ​ព្រះមហាក្សត្រ ទ្រង់ព្រះរាជទាន នូវការលើកលែងទោស ព្រោះលោកស្រីជឿជាក់ថា ព្រះមហាក្សត្រ «ព្រះអង្គស្រលាញ់​យុត្តិធម៌ ស្រលាញ់កូនចៅ និងមានព្រះទ័យបង្រួមបង្រួមជាតិ និងគង់ជាម្លប់ដ៏ត្រជាក់សំរាប់កូនចៅទាំងអស់»។

ជាចុងក្រោយ លោកស្រីបានរំលឹកថា វិទ្យុសម្បុកឃ្មុំ ១០៥MHz ជាវិទ្យុពង្រឹងលិទ្ធិប្រជាធិបតេយ្យ មានភាពឯករាជ្យ និយាយ​ការពិតជូនប្រជាពលរដ្ឋ ហើយការពង្រឹងលិទ្ធិប្រជាធិបតេយ្យនេះ ជាគោលបំណងចំបងរបស់លោក ម៉ម សូណង់ដូ។ ដូច្នេះ​ហើយ ទើបលោកស្រីនិយាយថា «លោក ម៉ម សុណង់ដូ ជាបេះដូងនៃវិទ្យុសំបុកឃ្មុំ ហើយអវត្តមានរបស់គាត់ បានធ្វើឲ្យ​កម្មវិធីទាំងនោះ មិនមានភាពពេញលេញ»៕

---------------------------------------------------------
ដោយៈ ភ្នំធំ - ភ្នំពេញថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...