ចិន៖ «ស៊ី ជិនភីង» អធិរាជថ្មី និងជីវិតខ្លះៗ របស់គាត់

គេមិនសូវស្គាល់មុខ និងដំណើរទំនងនៃទស្សនវិស័យ របស់លោក ស៊ី ជាំងភីង ប៉ុន្មានទេ។ នៅពីក្រោយស្នាមញញឹម​ ដ៏​មានមហិច្ឆតា រដ្ឋបុរសអាយុ៥៩ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើន ដ៏មានឥទ្ធិពលដទៃទៀត នៅ​លើ​ផែនដី។ លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការ កាន់កាប់តំណែងជា ប្រធានបក្យនៃគណបក្សកុម្មុយនីសចិន ដែល​មហាសន្និបាតទី ១៨បានធ្វើកាលពីថ្ងៃព្រហស្បត្តិ៍ ទី០៨វិច្ឆិកាកន្លងទៅ នៅទីក្រុងប៉េកាំង និងនៅខែមិនាខាងមុខ លោក​នឹង​បន្តតំណែងពី លោកហូ ជីនតាវ ក្លាយជាប្រធានាធិបតី នាំប្រទេសមួយដែលមានប្រជាជន ១,៣កោដនាក់ ច្រើនជាង​គេ​ក្នុងពិភពលោក និងជាមហាអំណាចសេដ្ឋកិច្ចទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 11, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មហាសន្និបាតបក្សកុម្មុយនីសចិន កាលពីថ្ងៃព្រហស្បត្តិ៍ទី០៨វិច្ឆិកា បានជ្រើសតាំងលោក ស៊ី ជិនភីង ជាមេដឹកនាំរបស់​ខ្លួន។ គ្មានអ្វីគួរអោយភ្ញាក់ផ្អើលទេ ដោយនៅខែមិនាខាងមុខ លោកនឹងក្លាយជាប្រធានាធិបតីថ្មី ជំនួសលោកហូ ជីនតាវ នៃប្រទេសមហាអំណាចសេដ្ឋកិច្ចទីពីរ របស់ពិភពលោក។


លោក ស៊ី ជាំងភីង។ រូបថត AP។

គេមិនសូវស្គាល់មុខ និងដំណើរដើមទងនៃទស្សនវិស័យ របស់លោក ស៊ី ជិនភីង ប៉ុន្មានទេ។ នៅពីក្រោយស្នាមញញឹម​ ដ៏​មានមហិច្ឆតា រដ្ឋបុរសអាយុ៥៩ឆ្នាំរូបនេះ គឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សជាច្រើន ដ៏មានឥទ្ធិពលដទៃទៀត នៅ​លើ​ផែនដី។ លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការ កាន់កាប់តំណែងជា ប្រធានបក្យនៃគណបក្សកុម្មុយនីសចិន ដែល​មហាសន្និបាតទី ១៨បានធ្វើកាលពីថ្ងៃព្រហស្បត្តិ៍ ទី០៨វិច្ឆិកាកន្លងទៅ នៅទីក្រុងប៉េកាំង និងនៅខែមិនាខាងមុខ លោក​នឹង​បន្តតំណែងពី លោកហូ ជីនតាវ ក្លាយជាប្រធានាធិបតី នាំប្រទេសមួយដែលមានប្រជាជន ១,៣កោដនាក់ ច្រើនជាង​គេ​ក្នុងពិភពលោក និងជាមហាអំណាចសេដ្ឋកិច្ចទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ សូមលើកយក ចំនុចសំខាន់ៗ ចំនួន៥ ដែលនឹងនិយាយពីខ្សែរជីវិត និងប្រវត្តិរបស់លោក មកជំរាបជូន។

យុវវ័យមួយ ដ៏ស្មុគ្រស្មាញ

ជាកូនប្រុសរបស់អ្នកដើរតាម ម៉ៅ សេទុង រហូតមកនោះ លោក ស៊ី ជិនភីង បានឆ្លងកាត់វ័យកុមាររបស់លោក ដោយ​បាន​រស់នៅក្នុងវិមានដ៏ស្ដុកស្ដម្ភ នៃពួកអ្នកកាន់អំណាច និងបានចូលរៀននៅក្នុង សាលារៀនដ៏ល្អៗជាងគេ​ នៅទីក្រុង​ប៉េកាំង។ ឪពុករបស់លោក ដែលអោយលោកពាក់តែអាវកញ្ចាស់ៗ បានពន្យល់ប្រាប់លោកពី «គោលជំហរទាំងឡាយ​នៃបដិវត្តន៍»។ តែនៅឆ្នាំ១៩៦២ ឪពុករបស់លោក ដែលកាលនោះជា ឧបនាយករដ្ឋមន្ត្រីរបស់ម៉ៅ បានធ្លាក់ខ្លួន ធ្វើអោយ​បាត់ការ​ជឿទុកចិត្តពីបក្ស ហើយត្រូវបានដាក់នៅអោយឆ្ងាយ ជាមួយនឹងគ្រួសាររបស់លោក។

មិនខុសប៉ុន្មានពីយុវជនជាច្រើនលាននាក់ផ្សេងទៀត នៃបដិវត្តន៍វប្បធម៌ (១៩៦៦-១៩៧៦) កុមារ ស៊ី ជិនភីង ត្រូវបាន​បញ្ជូនទៅស្រុកស្រែចំការ ដើម្បីរៀនសូត្របំពាក់បំប៉ន ពីពួកអ្នកស្រែចំការនៅទីនោះ។ នៅពេលអាយុបាន១៥ឆ្នាំ យុវជន ស៊ី ជិនភីង បានត្រូវបញ្ជូនមកតំបន់ដ៏ក្រក្រីមួយ នៅភូមលៀងចាយហេ (Liangjiahe) នៃខេត្តសានស៊ី (Shaanxi) ដែល​​មានសុទ្ធតែជ្រលងភ្នំព័ទ្ធជុំជិត។ យុវជននេះនៅពេលនោះ បានសាកល្បងរត់គេច តែមិនបានសម្រេច ដែលជាហេតុ​ធ្វើ​អោយជាប់ទោសត្រូវធ្វើការ ក្នុងការដ្ឋានពលកម្ម ចំនួន៦ខែ មុននឹងធ្វើដំណើរ មកដល់ភូមិមួយទៀត ដែលយុវជន​មាន​អនាគតជាប្រធានាធិបតី រស់នៅជាប់ រហូតដល់ទៅ៧ឆ្នាំ។ បន្ទាប់ពីឆ្លងកាត់ការហាត់ពត់លត់ដំជាច្រើនឆ្នាំនេះ យុវជន​បាន​​ត្រូវជាប់ឈ្មោះ និងក្លាយជា «បុរសនៃប្រជាជន» នៅកៀកនឹងអ្នកជនបទ និងយល់ដឹងពីទុក្ខធុរះ របស់ប្រជាជន​ស្រទាប់​ទាប​ និង​រស់នៅដាច់ស្រយ៉ាល។

រៀបការនឹងតារាចម្រៀងដ៏ល្បី

បន្ទាប់ពីបានលែងលះ ជាមួយភរិយាទីមួយមក លោក ស៊ី ជិនភីង បានព្រមព្រៀងសារជាថ្មីទៀត នៅទស្សវត្តន៍ឆ្នាំ៨០ នូវ​អាពាហ៍ពិពាហ៍ ជាលើកទីពីរជាមួយ នឹងតារាចម្រៀងល្បី ចេញពីកងទ័ពចិន  នាង ប៉េង លីយ័ន (Peng Liyuan)។ លោកស្រី ប៉េង លីយ័ន កាលនោះ មានថានៈស្មើនឹងឧត្តមសេនីយ៍ និងមានឈ្មោះល្បីជាងលោក ជាពិសេសជាមួយ នឹង​សម្លេងតូចស្រួច របស់លោកស្រី នៅគ្រប់រដូវកាលចូលឆ្នាំចិន ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍ តាំងពី២៥ឆ្នាំមកហើយ។ នៅឆ្នាំ២០០៨ ដើម្បី​កុំអោយរំខានដល់រូបភាពនយោបាយ របស់ស្វាមីខ្លួន លោកស្រីបានដកខ្លួនចេញផុត​ពីពិភព​សិល្បៈ ដោយបន្សល់ទុក រហូត​មកដល់សព្វថ្ងៃ នូវស្រ្តីទីមួយនៃប្រទេស ដែលបានលាក់ខ្លួន មិនសូវដែលគេឃើញ និងចេញមក​បង្ហាញខ្លួនតែម្ដងម្កាល នៅ​ពេលមានកម្មវិធីអ្វីៗ ជាមួយនឹងស្វាមីលោកស្រីប៉ុណ្ណោះ។


លោកស្រី ប៉េង លីយ័ន ច្រៀងនៅឆ្នាំ២០០៧ ពេលខួបទី៨០ នៃការបង្កើតកងទ័ពរំដោះប្រជាជន នាទីក្រុងប៉េកាំង។ រូបថត xinhua/landov ។

មានឈ្មោះល្បី ដោយសារគោលជំហរ និងភាពស្អាតស្អំរបស់លោក

ក្រោយពីបានចូលជាសមាជិកបក្សកុម្មុយនីសចិន នៅឆ្នាំ១៩៧៤មក លោក ស៊ី ជិនភីង បានខំប្រឹងបញ្ចេញស្នាដៃ មិន​ឈប់ឈរ។ នៅក្នុងប្រព័ន្ធនយោបាយមួយ ដែលជាប់សង្ស័យតែនឹងរឿងពុករលួយ រូបលោកបែរជា មិនដែល​ត្រូវបាន​គេដឹងពី រឿងអាស្រូវ សូម្បីបន្ដិចណាឡើយ។ អ្នកជិតដិតម្នាក់របស់លោក បានបង្ហើបថា រឿងដែលអាក្រក់ជាងគេ ដែល​គេ​រក​ឃើញថា បានកើតមានទៅលើលោក គឺ«លោកបានសងសៀវភៅយឺតពេល ទៅបណ្ណាល័យ»។ នៅឆ្នាំ២០០៤ នៅ​ពេល​មានកិច្ចប្រជុំ​មួយ នៅក្នុងបក្ស លោកបានប្រកាន់ខ្ជាប់នូវ គំនិតមួយយ៉ាងច្បាស់លាស់ ទៅកាន់ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេង​ទៀត របស់បក្សកុម្មុយនីសចិន។

លោកនិយាយថា «ត្រូវត្រួតពិនិត្យអោយដិតដល់ ប្រពន្ធ កូន ញាតិមិត្ត ឬអ្នកធ្វើការ របស់អ្នករាល់គ្នា ហើយត្រូវស្បថថា នឹងមិនប្រើប្រាស់អំណាច ដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួនអ្នកឡើយ»។

តាមរបាយការណ៍សម្ងាត់ ដែលទម្លាយចេញដោយ វីគីលេគ្ស (Wikileaks) ក៏បាននិយាយដែរ ថាលោកត្រូវបាន​ចាត់​ទុក​ថា គួរអោយស្អប់ខ្ពើម ពីសំណាក់អ្នកជំនួញ និងអ្នកមានទ្រព្យធន់សម័យថ្មី ក្នុងសង្គមចិនសព្វថ្ងៃ។ ការស៊ើបអង្កេត​មួយ​របស់ បណ្ដាញទូរទស្សន៍ ប៊្លូមប៊ើរ (Bloomberg) បានលើកឡើងពី ប្អូនស្រី និងប្អូនប្រុសថ្លៃរបស់លោក ថាមានការដាក់​ទុន​រកស៊ីយ៉ាងធំសម្បើម នៅក្នុងពិភពជំនួញចិន តែមិនបានរកឃើញថា ការរកស៊ីទាំងនោះ មានជាប់ទាក់ទងអ្វី នឹងរូប​លោក និងភរិយារបស់លោកនោះទេ។

ទំនោរបែបអាមេរិកាំង

លោក ស៊ី ជិនភីង ជាបុរសម្នាក់មានទំនោរខ្យល់បក់ ទៅរកសហរដ្ឋអាមេរិក។ លោកធ្វើដំណើរទៅ កាន់ទីនោះ ចំនួន​៦ដង​រួចមកហើយ ក្នុងជីវិត ហើយដំណើរដំបូងរបស់លោក បានធ្វើនៅឆ្នាំ១៩៨៥។ កូនស្រីរបស់លោក កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ ហាវដ (Harvard)​ ដោយប្រើប្រាស់ឈ្មោះផ្សេងទៀត ដោយមកពីមូលហេតុសន្តិសុខ។ នៅសហរដ្ឋ​អាមេរិក លោកបានផ្ដិតយកគំនិត ខាងបច្ចេកវិទ្យា ហើយលោកតែងតែសង្កេត ពីរបៀបអភិវឌ្ឍន៍វិស័យទេសចរណ៍។ កាលពីខែកុម្ភះកន្លងទៅ លោកបានទៅធ្វើទស្សនកិច្ចជាផ្លូវការ នៅសហរដ្ឋអាមេរិក ហើយក្នុងខណៈនោះ លោក​បាន​ជួបប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា លោក ជូ ប៊ីដេន លោកស្រី ហ៊ីឡារី គ្លីនតុន និងលោករដ្ឋមន្ត្រីការពារជាតិ លោក ឡេអូង ប៉ាណេតា។ មួយវិញទៀត លោកធ្លាប់និយាយប្រាប់ អគ្គរាជទូតអាមេរិកាំង ប្រចាំនៅទីក្រុងប៉េកាំង ថា​លោក​ចូលចិត្តភាពយន្ដអាមេរិក ដែលនិយាយពីសង្គ្រាមលោកលើកទី២។

ឈ្មោះដែលគេពិបាកហៅ

សម្រាប់ពួកជនជាតិ អ៊ឺរ៉ុប និងពួកលោកខាងលិច ឈ្មោះដែលគេហៅលោកថា «ស៊ី ជិនភីង» ដូចជាពិបាកហៅបន្តិច ជាពិសេសនៅពេល ជួបប្រជុំធំៗ ជាមួយនឹងថ្នាក់ដឹកនាំដៃគូរណាមួយ។ អ្នកខ្លះហៅលោកថា «ស៊ី ជ្យិន ភីង shi djin-ping» តែខ្លះទៀត ដូចជាលោកសាស្រ្តាចារ្យភាសាចិនម្នាក់ នៅវិទ្យាស្ថានចិននៅប៉ារីស បានហៅលោកថា «ឈី ឆាន ភ័ង Chi tchin-piong» ដោយបង្អូសកន្ទុយ នៃខ្យល់ «ង» អោយវែងបន្ដិច។ តាមកាសែត ញ៉ូយកថែម (New York Times) គេគួរតែហៅលោកថា «ស្សី ជានភីង Shee Jin-ping» វិញ៕

-------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...