អាមេរិក៖ ទទួលសំបុត្រផ្ញើរពីចិនក្នុងហិបទំនិញ បរិហារពីការងារបង្ខំ
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: December 29, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាព្រឹត្តិការណ៍មួយ ដែលតែងតែកើតមានមិនចេះចប់ ក្នុងលោកយើងនេះ។ តែសម្រាប់អ្នកដែលរងនូវការជិះជាន់ ធ្វើបាប គាបសង្កត់ វាជាកត្តាធម្មជាតិ ដែលពួកគាត់ត្រូវតែរកយុទ្ធវិធី ដើម្បីរើបម្រាស់នៅថ្ងៃណាមួយ។
អ្នកស្រី ជូលី ឃេដ អ្នកទទួលសំបុត្រ នៅក្នុងហិបទំនិញ។ រូបថត Randy Rasmussen/The Oregonian។
ជាការផ្ញាក់ផ្អើលមួយ សម្រាប់បុណ្យហាឡូវីន (Halloween) ខណៈដែលសំបុត្រមួយ បានធ្លាក់ទៅក្នុងដៃស្ត្រីជនជាតិ អាមេរិកាំងម្នាក់ និងបានសរសេរហៅរកជំនួយពីសំណាក់ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ទៅលើពលកម្មខុសច្បាប់ និងដោយបង្ខំក្នុងប្រទេសចិន។ កាសែតចេញប្រចាំថ្ងៃ របស់អាមេរិកមួយឈ្មោះឌឺ អូរ៉េហ្គូនៀន (The Oregonian) បានដឹងទទួលដំណឹងដ៏សោកសៅ ហើយបានធ្វើរបាយការណ៍ ពីរឿងនេះ។
អ្នកស្រី ជូលី ឃេដ (Julie Keith) អាយុ៤២ឆ្នាំ បានចូលទៅទិញគ្រឿងប្រដាប់ប្រដាតែងផ្ទះ តាំងពីរមួយឆ្នាំមកហើយ ប៉ុន្តែទើបតែបើកហិបនេះនៅខែតុលាមុនប៉ុណ្ណោះ ខណៈអ្នកស្រីមានបំណងចង់តុបតែងផ្ទះលោកស្រី ទទួលបុណ្យហាឡូវីន។ គឺនៅពេលនោះហើយដែលអ្នកស្រី បានរកឃើញ«សំបុត្រដ៏អាថ៌កំបាំង»មួយ ដែលគេមិនបានផ្ញើរតាមប្រៃសនីយ៍ទេ តែដាក់ផ្លុងចោល នៅក្នុងហិបខ្ចប់ប្រដាប្រដាតែងផ្ទះនោះទៅវិញ។
ទារុណកម្ម វាយតប់ និងជេប្រមាថ
សំបុត្រនោះសរសេរជាអាថថា «បើអ្នកទិញផលិតផលនេះដោយចៃដន្យ សូមមេត្តាបញ្ជូនបន្តសំបុត្រនេះ ទៅអង្គការពិភពលោកនៃសិទ្ធមនុស្ស ផង។ មនុស្សរាប់ពាន់នាក់ កំពុងរងនូវ ការធ្វើទុក្ខទោស ដោយអយុត្តិធម៌ ពីសំណាក់រដ្ឋាភិបាលចិន ហើយពួកគេនឹងថ្លែងអំណរគុណអ្នក ជារៀងរហូតទៅ។» សំបុត្រដែលគ្មានចុះហត្ថលេខា មកពីការដ្ឋានពលកម្មនៃខេត្ត សេនយ៉ាង (Shenyang - ភាគខាងជើងនៃប្រទេសចិន) នេះ បានបន្តថា «បណ្ដាជននៅទីនេះ ធ្វើការ១៥ម៉ោងក្នុងមួយថ្ងៃ គ្មានពេលឈប់សម្រាក នៅចុងសប្ដាហ៍ និងគ្មានវិសមកាលអ្វីទាំងអស់។ ពួកគេរងនូវទារុណកម្ម ការវាយធ្វើបាប និងការជេប្រមាថ។ ពួកគេសឹងមិនដែល បានទទួលប្រាក់កម្រៃឡើយ (១០យ័ន ក្នុងមួយខែ - ប្រមាណជា១,២០អ៊ឺរ៉ូ ឬ១,៥០ដុល្លាអាមេរិក)។»
អ្នកសរសេរសំបុត្រ បានពន្យល់ទៀតថា អ្នកធ្វើការសុទ្ធសឹងជាអ្នកជាប់ទោស ដែលមានរយះពេលខ្លី (មួយទៅបីឆ្នាំ) ហើយភាគច្រើនក្នុងចំណោមនោះ ជាអ្នកប្រតិបត្តិសាសនា ហ្វាលុង ហ្គង់(Falun Gong)។
សំបុត្រដែលផ្ញើរមកពីចិន។
កាសែតចេញប្រចាំថ្ងៃបានសាកសួរ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ពីបញ្ហានេះ តែអង្គការនេះមិនអាចបញ្ជាក់បាន ពីការពិតដែលមានសរសេរនៅក្នុងសំបុត្រនោះទេ បើទោះមានរឿងខ្លះនៅក្នុងសំបុត្រ «អះអាងពីលក្ខខ័ណ្ឌមួយចំនួន ដែលអង្គការបានស្គាល់រួចហើយ នៅក្នុងជំរុំកែលំអរនោះក៏ដោយ»។ ក្រុមហ៊ុនដែលនាំផលិតផលនេះ ចូលមកលក់ក្នុងសហរដ្ឋអាមេរិក និងអាជ្ញាធរមានសមត្ថកិច្ច របស់ប្រទេស ក៏កំពុងតែតាមដានស្រាវជ្រាវពីបញ្ហានេះដូចគ្នា ដោយហេតុថា គ្រប់ផលិតផលណាក៏ដោយ ដែលកើតចេញពីការងារដោយបង្ខំ ត្រូវចាត់ទុកថា«ខុសច្បាប់» នៅសហរដ្ឋអាមេរិក។
ចំណែកអ្នកស្រី ជូលី ឃេដ វិញ បានសម្រេចចិត្ត នឹង«ឈប់ទិញ»ផលិតផល ដែលផលិតនៅប្រទេសចិនទៀតហើយ៕
-------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ