បូក​សរុប​ចុង​ឆ្នាំ​២០១២៖ ព្រឹត្តិការណ៍​សំខាន់ៗ​កន្លង​មក ក្នុង​ពិភពលោក​ (ភាគ១)

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយគ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដីរាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ ទាំងនេះឡើងវិញ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: December 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់​ប្រទេសស៊ីរី ភាព​តានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយ​គ្នានេះ ក៏មានផងដែរ នូវ​ព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដី​រាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ ទាំងនេះឡើងវិញ។


នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា បានផ្អៀងរកលិច។ រូបថត wikimedia.org។

- ខែមករា ថ្ងៃទី១៣ នៅអ៊ីតាលី៖ នាវាដើរកំសាន្តដ៏ធំ ឈ្មោះកូស្តា កុងក័រឌីយ៉ា (Costa Concordia) ដែលផ្ទុកអ្នកដំណើរ ៤ ២២៩នាក់ ភាគច្រើនជាអ្នកទេសចរណ៍នោះ បានបើកទៅជល់នឹងថ្មបប្រះទឹក នៅពីមុខកោះហ្សីគ្លីយ៉ា (ខេត្តទូស្កាន​​ “Toscane” អ៊ីតាលី) ធ្វើអោយ​ផ្អៀងលិចនាវា។ គ្រោះថ្នាក់នេះបានធ្វើអោយមនុស្ស៣២នាក់ស្លាប់។

- ខែកុម្ភះ ថ្ងៃទី០៦ នៅចិន៖ សំនុំរឿងប៉ូ ស៊ីឡៃ (Bo Xilai) អ្នកទទួលខុសត្រូវខ្លាំងម្នាក់ នៅខេត្តចុងជីង (Chongqing) និង​ជា​សមាជិក​ម្នាក់ របស់បក្សកុម្មុយនីសចិន បានចាប់ផ្ដើមឡើង។ លោកត្រូវបានគេចោទ ថាមានទាក់ទងក្នុងអំពើ​ពុករលួយ យ៉ាងសន្ធឹកសន្ធាប់ និងឧក្រិដ្ឋកម្មផ្សេងទៀតជាច្រើន ហើយត្រូវបានគេចាប់ដាក់ឃុំ យ៉ាងសម្ងាត់តាំងពី​ខែ​មេសាកន្លងមក ដើម្បីរងចាំការកាត់ទោស។

- ខែកុម្ភះ ថ្ងៃទី២១ នៅក្រិច និងសហគមអ៊ឺរ៉ុប៖ ប្រទេសក្រិចទទួលបាន ប្រាក់ជំនួយឧបត្ថម្ភ ពីសហគមអ៊ឺរ៉ុប ចំនួន ១៣០ពាន់​លានអ៊ឺរ៉ូ និងលប់ចោលប្រាក់បំណុលចំនួន ១០៧ពាន់លានអ៊ឺរ៉ូ ដើម្បីបញ្ជៀសភាពក្ស័យធន និងការចាកចេញ​របស់ប្រទេសនេះ ពីសហគម។ តែជម្នួសត្រឡប់មកវិញ ទីក្រុងអាតែន ត្រូវធ្វើការកែទម្រង់ នូវវិធានការត្បិតត្បៀត ទៅ​លើរាល់ការចំណាយ បង្កអោយ​មានការធ្វើបាតុកម្មហឹង្សាជាច្រើន។

- ខែកុម្ភះ ថ្ងៃទី២៦ ពិភពភាពយន្ដ៖ «ឌី អាធីស (The Artist)» ភាពយន្ដសរខ្មៅ ដែលមិនមែន និយាយជា​ភាសា​អង់គ្លេស និង​មិនមែនផលិតដោយក្រុមផលិតកម្មហូលីវូដ បានទទួលជាលើកដំបូង នូវពានរង្វាន់«អូស្កា» នៅអាមេរិក។

- ខែមិនា ថ្ងៃទី០៤ នៅរ៉ូស្សី៖ លោកវ្លាឌីមៀរ ពូទីន (Vladimir Poutine) បានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសរ៉ូស្សី ជាថ្មីទៀត តាំងពីជុំទីមួយ (៦៤%)។ ក្រុមបក្សប្រឆាំង និងអ្នកសង្កេតការ បានបរិហារពីការបោះឆ្នោតមួយ ពោរពេញ​ដោយ«ការលួចបន្លំ»។ បាតុកម្មដ៏ធំមួយ ត្រូវបានរៀបចំធ្វើ ហើយមនុស្សជាច្រើន ត្រូវបានឃាត់ខ្លួន។ ទោះជាយ៉ាងណា​ក៏ដោយ លោកពូទីន នៅតែក្លាយជា​ប្រធានាធិបតី​នៃប្រទេសរ៉ូស្សី សម្រាប់អាណត្តិទី៣នៅថ្ងៃទី០៧ខែឧសភា ហើយ​បានជ្រើសរើស លោកដមីទ្រី មេដវើដេវ (Dmitri Medvedev) ជានាយករដ្ឋមន្ត្រី។

- ខែមិនា ថ្ងៃទី១៣ នៅស្វីស៖ មនុស្ស២៨នាក់ ក្នុងនោះ ២២នាក់ជាកុមារ ដែលមកពីប្រទេសប៊ែលហ្សិក បានស្លាប់ នៅក្នុងគ្រោះថ្នាក់រថយន្ដក្រុងមួយ ដែលបានបើកទៅប៉ះគែមខាង នៃរូងផ្លូវល្បឿនលឿននៅក្រោមដី។

- ខែមិនា ថ្ងៃទី៣០ នៅម៉ាលី៖ ក្រុមប្រដាប់អាវុធនិយមអ៊ីស្លាម បានកាន់កាប់ទឹកដីប៉ែកខាងជើងនៃប្រទេស ដោយមាន​ជំនួយ​ពី​ក្រុមឧទ្ទាមផង។ នៅចុងខែមិថុនា ក្រុមនិយមអ៊ីស្លាម បានទទួលបរាជ័យ នៅចំពោះក្រុមឧទ្ទាម ដែលមាន​កម្លាំង​ខ្លាំង​តាំងពី​យូរ​មកហើយ នៅក្នុងតំបន់។ នៅថ្ងៃទី២០ខែធ្នូថ្មីៗនេះ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បាន​អោយភ្លើងខៀវ ក្នុងការ​ដាក់ពង្រាយកងកម្លាំងសន្តិសុខអន្តរជាតិ ប៉ុន្តែជាជំហ៊ានៗ និងមិនទាន់បានកំណត់ប្រតិទិន​ច្បាស់លាស់នៅឡើយ។

- ខែមេសា ថ្ងៃទី០១ នៅភូមា៖ លោកស្រីអ៊ុងសាន ស៊ូជីអ្នកប្រឆាំងជាប្រវត្តិសាស្ត្រ នឹងរបបសឹកនៅភូមា និងជាម្ចាស់​ពានរង្វាន់​ណូប៊ែល សន្តិភាពឆ្នាំ១៩៩១ ត្រូវបានជាប់ឆ្នោតជាលើកទីមួយ ជាតំណាងរាស្ត្រ។ នៅខែមិថុនាកន្លងមក លោកស្រីបានចេញ​ទៅធ្វើទស្សនកិច្ច នៅក្រៅប្រទេស ជាលើកដំបូង នៅទ្វីបអ៊ឺរ៉ុប និងបានទទួលដោយផ្ទាល់ដៃ នូវ​ពានរង្វាន់ណូប៊ែលនេះ នៅ២០ឆ្នាំ​ក្រោយពេលដែលអ្នកស្រីបានឈ្នះពានរង្វាន់។

- ខែឧសភា ថ្ងៃទី០២ នៅអាមេរិក៖ ស្នាដៃ «ក្រាយ (Cri)» របស់ជាងគំនូរជនជាតិណ័រវេស អេវ៉ារ ម័នឆ៍ (Edvard Munch) ត្រូវបានលក់ដាក់ក្នុងតម្លៃ ១១៩,៩២លានដុល្លា ក្នុងគ្រឹស្ថានដេញថ្លៃ សូធើបាយ នៅទីក្រុងញ៉ូយក ប្រទេស​អាមេរិក។ ស្នាដៃនេះ បានក្លាយជាស្នាដៃដែលលក់ដេញថ្លៃបានថ្លៃជាងគេទាំងអស់​ នៅក្នុងប្រវត្តិស្នាដៃសិល្បៈ​ទាំងឡាយ កន្លងមក។

- ខែឧសភា ថ្ងៃទី០៦ នៅក្រិច៖ ការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ បានក្លាយជាការបោះឆ្នោតដាក់ទណ្ឌកម្ម ទៅនឹង​ការត្បិតត្បៀតថវិកា និងគណបក្សដឹកនាំប្រទេសកន្លងមក។ គណបក្សស្ដាំនិយមជ្រុស មាននិន្នាការ ណាហ្សី បានពន្លេចខ្លួនឡើង ក្នុងឆាកនយោបាយក្រិច។ តែដោយមានការមិនចុះសម្រុងគ្នា ក្នុងការបង្កើតរដ្ឋាភិបាល ការ​បោះឆ្នោតថ្មីទៀត​​ បានរៀបចំ​ឡើង​នៅខែមិថុនា ហើយគណបក្សអភិរក្ស ប្រជាធិបតេយ្យថ្មី (ND) បានឈ្នះឆ្នោត ដែល​ធ្វើអោយលោក អង់តូនីស សាម៉ារ៉ាស (Antonis Samaras) បានទទួលតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសក្រិច ពី​ពេលនោះមក។

- ខែឧសភា ថ្ងៃទី០៦ នៅបារាំង៖ អ្នកសង្គមនិយមបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានជាប់ឆ្នោត​ជា​ប្រធានាធិបតីបារាំង ដែលធ្វើអោយអំណាចរបស់ក្រុមនិយមឆ្វេង បានវិលត្រឡប់មកដឹកនាំប្រទេសវិញ បន្ទាប់ពី​អវត្តមាន​អស់​រយះពេល ១៧ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណឹង នៅខែមិថុនា គណបក្សសង្គមនិយម (PS) របស់លោក ក៏ទទួល​បានជោគជ័យដោយ​សម្លេង​ភាគច្រើន ក្នុងការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រថែមទៀត។

- ខែឧសភា ថ្ងៃទី១៨ នៅអាមេរិក៖ បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានហក់ចូលប្រឡូក ក្នុងទីផ្សារភាគហ៊ុន ដែលប្រព័ន្ធ​ផ្សព្វផ្សាយ យកចិត្តទុកដាក់យ៉ាងខ្លាំង។ ក្នុងការហក់ចូលមកនេះ គេបានប៉ាន់ប្រមាណថា ហ្វេសប៊ុក មាន​តម្លៃរហូតដល់ទៅ ១០៤ពាន់​លានដុល្លា។ ពេលចាប់ផ្ដើមដំបូង ភាគហ៊ុននីមួយៗ ត្រូវបានដាក់លក់ក្នុងតម្លៃ៣៨ដុល្លា តែបានធ្វើអោយអ្នកទិញ​មាន​ការខកចិត្ត នៅពេលបន្តិចក្រោយមក ដោយបានធ្លាក់មកនៅក្រោម ២០ដុល្លា។ ក្នុងខែ​តុលាបណ្ដាញសង្គមនេះ មានអ្នកប្រើប្រាស់​ចូលមក​ចុះឈ្មោះ មានច្រើនជាង ១ពាន់លាននាក់ ក្នុងពិភពលោក។

- ខែមិថុនា ថ្ងៃទី០២/០៥ នៅអង់គ្លេស៖ ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែតទី២ (Elizabeth II) បានប្រារព្ធខួប៦០ឆ្នាំ នៃការ​ឡើងគ្រងរាជ្យ​របស់ព្រះអង្គ។ មានការរៀបចំដង្ហែក្បួនយ៉ាងធំសម្បើម ការរៀបចំពិធីសូត្រធម៌ និងការប្រគុំដន្ត្រី​ផងនៅក្នុងឱកាស​នោះ។ តែពិធី​បុណ្យបានធ្វើទៅ និងបញ្ចប់ដោយគ្មានការចូលរួមរបស់ ព្រះអង្គម្ចាស់ហ្វីលីប (Philip) ជាព្រះស្វាមីរបស់ព្រះអង្គ ដោយមូលហេតុ​ព្រះសុខភាព។

- ខែមិថុនា ថ្ងៃទី១៩ នៅអង់គ្លេស៖ ស្ថាបនិកនៃគេហទំព័រវីគីលីគ្ស (WikiLeaks) លោក ជូលៀន អាស៊ង្ស (Julian Assange) បាន​ចូលទៅលាក់ខ្លួន ក្នុងស្ថានទូត​របស់ប្រទេស អេក្វាទ័រប្រចាំនៅទីក្រុងឡុងដ៍​ ប្រទេសអង់គ្លេស ដើម្បី​គេច​ចេញពីការចាប់បញ្ជូនខ្លួន របស់អាជ្ញាធរអង់គ្លេស​ទៅ​កាន់តុលាការប្រទេសស៊ុយអែដ ដែលបានចោទលោក ពីបទ​រំលោភសេពសន្ធវះ។ លោកទទួលបានសិទ្ធិ​ជ្រកកោននយោបាយ របស់ប្រទេសអេក្វាទ័រ តែអាជ្ញាធរអង់គ្លេស​នឹងចាប់​ខ្លួនលោក ប្រសិនណាជាលោកចេញពីស្ថានទូតអេក្វាទ័រ។ ក្នុងអំឡុងពេលនោះ ស្ថានភាពតឹងតែង រវាងប្រទេស​ទាំងពីរ ក៏បានកើតឡើងយ៉ាងខ្លាំងផងដែរ។

- ខែមិថុនា ថ្ងៃទី៣០ នៅអេហ្សីប៖ បេក្ខជនចេញពីបងប្អូនមូស្លីម ដែលកាន់សាសនាអ៊ីស្លាមនិយមតឹង លោកមហាមេដ ម៉ូរស្សី (Mohamed Morsi) បានស្បថចូលកាន់ជាប្រធានាធិបតីទីមួយនៃប្រទេស ដែលមិនមែនជាយោធា បន្ទាប់ពីបាន​ឈ្នះឆ្នោត ជ្រើសរើសប្រធានាធិបតី។ នេះជាការបោះឆ្នោតលើកទីមួយ នៅក្រោយពេលដែលបដិវត្តអារ៉ាប់ បានបណ្ដេញ​លោកអ៊ូស្នី មូបារ៉ាក់ (Hosni Moubarak) អតីត​ប្រធានាធិបតីយោធានិយម ចេញពីតំណែង កាលពីខែកុម្ភះឆ្នាំមុនមក។

«សូមចុចលើខ្សែរភ្ជាប់នេះ ដើម្បីអានវគ្គបន្ត ជាភាគបញ្ចប់»

------------------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...