បូកសរុបចុងឆ្នាំ២០១២៖ ព្រឹត្តិការណ៍សំខាន់ៗកន្លងមក ក្នុងពិភពលោក (ភាគ២ចប់)
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍ ដែលសំខាន់ជាងគេបំផុត កើតមាននៅក្នុងពិភពលោក មានសង្គ្រាមរាំងជល់ក្នុងស្រុក របស់ប្រទេសស៊ីរី ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ា និងការជាប់ឆ្នោតឡើងវិញ នៃប្រធានាធិបតីសហរដ្ឋអាមេរិក។ តែជាមួយគ្នានេះ ក៏មានផងដែរ នូវព្រឹត្តិការណ៍សំខាន់ៗ ជាច្រើនផ្សេងទៀត ដែលប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ បានធ្វើសេចក្ដីរាយការណ៍ វិភាគ និងធ្វើបទយកការណ៍ យ៉ាងរំជើបរំជួល។ សូមអញ្ជើញអានព្រឹត្តិការណ៍ទាំងនេះ ឡើងវិញ ក្នុងភាគទីពីរដែលជាភាគបញ្ចប់។
ខ្យល់ព្យុះសង្ឃរា សេនឌី បានបក់កាត់ទីក្រុងញ៉ូយក ហើយសម្លាប់មនុស្ស ៤៣នាក់។
នេះជាព្រឹត្តិការណ៍ ដែលកើតនៅក្នុងរយះពេល ៦ខែ នៃចុងឆ្នាំ២០១២ ចំណែកឯរាល់ព្រឹត្តិការណ៍ ដែលបានកើតមាន នៅក្នុងរយះពេល ៦ខែ នៃដើមឆ្នាំមុននេះ សូមចុចអាននៅទីនេះ។
- ខែកក្កដា ថ្ងៃទី០១ នៅអៀរ៉ង់៖ ការហាមឃាត់មួយ ទៅលើអាជីវកម្មប្រេង ដែលមិនធ្លាប់មានពីមុនមក ដាក់ដោយ សហគមន៍អ៊ឺរ៉ុប បានចូលជាធរមាន គួបផ្សំនឹងការដាក់ទណ្ឌកម្មផ្សេងទៀត របស់បស្ចឹមលោក ដើម្បីបង្ខំអោយ ទីក្រុងតេអៀរ៉ង់ បោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដែលមានលក្ខណៈចម្រូងចម្រាស់ខ្លាំងនោះ។
- ខែកក្កដា ថ្ងៃទី០៧ នៅលីប៊ី៖ បោះឆ្នោតជ្រើសរើស សភាតំណាងរាស្ត្រដោយសេរី ជាលើកដំបូង បន្ទាប់ពីរយះពេលជាង១០ឆ្នាំ នៃរបបផ្ដាច់ការ របស់អតីតប្រធានាធិបតី មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) ត្រូវបានផ្តួលរលំ។
- ខែកក្កដា ថ្ងៃទី១៨ នៅស៊ីរី៖ អំពើភវរកម្មដ៏សាហាវមួយ បានផ្ទុះឡើងកណ្ដាបេះដូង នៃរបបទីក្រុងដាម៉ាស ដែលបានសម្លាប់អ្នកទទួលខុសត្រូវជាន់ខ្ពស់ ខាងសន្តិសុខជាតិ ចំនួនបីនាក់ ក្នុងនោះ មានម្នាក់ជាសាច់ថ្លៃ របស់ប្រធានាធិបតី បាឆារ អាល់-អាសាធ (Bachar al-Assad)។ អំពើរភេវរកម្មនេះ ទទួលស្គាល់ដោយ ក្រុមកងទ័ពសេរី ស៊ីរី (កើតពីទាហ៊ានរត់ចោលជួរ និងប្រជាជនស៊ីវិលប្រដាប់អាវុធ) ដើម្បីជាការឆ្លើយតប នឹងការបង្ក្រាបដោយហឹង្សារបស់របបលោកអាសាធ ទៅលើការបះបោររបស់ប្រជាជន រាប់ចាប់តាំងពីឆ្នាំ២០១១មក។
- ខែកក្កដា ថ្ងៃទី២០ នៅអេស៉្បាញ៖ ទីក្រុងម៉ាឌ្រីដ ដែលប្រឈមមុននឹងបញ្ហាទីផ្សារ និងសង្គមកិច្ចនោះ បានទទួលជំនួយពីតំបន់ចាយលុយអ៊ឺរ៉ូ ដើម្បីបំពេញថង់ប្រាក់ អោយធនាគារក្នុងស្រុករបស់ខ្លួន។ នៅដើមខែសីហា រដ្ឋាភិបាលរបស់លោក ម៉ារិយ៉ាណូ រ៉ាជយ (Mariano Rajoy) បានសម្រេចបាន នូវគម្រោងថវិការត្បិតត្បៀត ដែលនឹងសន្សំប្រាក់ បាន១៥០ពាន់លានអ៊ឺរ៉ូ។
- ខែកក្កដា ថ្ងៃទី២៧ នៅអង់គ្លេស៖ ពិធីបើកល្បែងអូឡាំពិក នៅទីក្រុងឡុងដ៍ បានចាប់ផ្ដើម។ ជាលើកទីមួយ ដែលនៅក្នុងគ្រប់តំណាងមកពីគ្រប់ប្រទេស មានស្ត្រីចូលរួម។
- ខែសីហា ថ្ងៃទី០៦ នៅអវកាស៖ មនុស្សយន្ដ គួរីយ៉ូស៊ីធី (Curiosity) បានទទួលជោគជ័យ ក្នុងការចុះចតលើ ភព ព្រះអង្គារ ដើម្បីបើកទ្វារទៅរកសម័យកាលថ្មី នៃការស្រាវជ្រាវរបស់ខ្លួន។ បេសកកម្មរបស់ គួរីយ៉ូស៊ីធី ត្រូវមានរយះពេល យ៉ាងហោចណាស់ ២ឆ្នាំ។
- ខែសីហា ថ្ងៃទី១៧ នៅរ៉ូស្សី៖ យុវតី៣នាក់ នៃក្រុមចម្រៀង ពូស្សី រីយ៉ូត (Pussy Riot) ត្រូវបានកាត់ទោស អោយជាប់ ពន្ធនាគារ ២ឆ្នាំ ដោយហេតុបានច្រៀងចម្រៀង «ថ្វាយព្រះ» ដែលមានលក្ខណៈប្រឆាំងលោកប្រធានាធិបតីពូទីន នៅក្នុងព្រះវិហារនៃទីក្រុងម៉ូស្កូ កាលពីខែកុម្ភះកន្លងមក។ ដោយមានការគាំទ្រពីវីរជនជាច្រើន ទាំងជាតិនិងអន្តរជាតិនោះ យុវតីម្នាក់ត្រូវបានដោះលែង នៅពេលធ្វើឧទ្ទរណ៍នៅខែតុលាក្រោយមក។
- ខែសីហា ថ្ងៃទី២៤ នៅណ័រវេស៖ យុវជនជ្រុលនិយមម្នាក់ឈ្មោះ អេនដ័រ ប៊េរីង ប្រេវិក (Anders Behring Breivik) ដែលបានដាក់បន្ទុះគ្រាប់បែកសម្លាប់យ៉ាងរង្គាល នៅកណ្ដាលទីក្រុងអូស្លូ និងបានបាញ់ទៅលើកូនសិស្ស នៅលើកោះអូតូអេយ៉ា (Utoeya) ត្រូវបានតុលាការរកឃើញថាមានទោស ដោយត្រូវទទួលទោសអតិប្បរិម៉ា ២១ឆ្នាំ។ ជននេះបានសម្លាប់មនុស្សទាំងអស់ ចំនួន៧៧នាក់ នៅក្នុងព្រឹត្តិការណ៍ ដែលកើតនៅខែកក្កដាឆ្នាំ២០១១មុននោះ។ តុលាការបានកំណត់ថា អ្នកទោសរូបនេះ នឹងត្រូវជាប់ទោសបន្តទៀត ប្រសិនតុលាការយល់ថា វានៅតែមានគ្រោះថ្នាក់។
- ខែសីហា ថ្ងៃទី២៥ នៅអាមេរិក៖ អវកាសយានិកម្នាក់ លោកនែល អាមស្ត្រង (Neil Armstrong) បានធ្វើមរណភាព។ លោកជាបុរសទីមួយ ដែលបានប្ដូរប្រវត្តិសាស្ត្រមនុស្សជាតិ នៅថ្ងៃទី២០កក្កដា ឆ្នាំ១៩៦៩ ដោយបានដាក់ជើងជាន់ លើភពព្រះច័ន្ទមុនគេ។
- ខែកញ្ញា ថ្ងៃទី០៤ នៅកាណាដា៖ ក្រុមអ្នកនិយមឯករាជ្យ ពីគណបក្សនយោបាយ នៃទីក្រុងកេប៊ិច បានឈ្នះក្នុងការបោះឆ្នោត រើសតំណាងរាស្ត្រប្រចាំខេត្តនីមួយៗ។ រដ្ឋាភិបាលថ្មី បានលប់ចោល ការតំឡើងថ្លៃលើវិស័យអប់រំ ដែលបានបង្កអោយមានចលនាប្រឆាំងតវ៉ា តាំងពីខែកុម្ភះកន្លងមក។
- ខែកញ្ញា ថ្ងៃទី០៨ និងទី០៩ នៅអៀរ៉ាក់៖ មហាភេវរកម្មមួយ បានធ្វើឡើងក្នុងគោលដៅប្រឆាំង កងកម្លាំងសន្តិសុខ បង្កអោយមនុស្សស្លាប់ ៩០នាក់ និងជាង៤០០នាក់រងរបួស។ ភេវរកម្មនេះទទួលស្គាល់ដោយ «រដ្ឋអៀរ៉ាក់អ៊ីស្លាមនិយម» ដែលជាផ្នែកមួយនៃបណ្ដាញភេវរកម្មអាល់កៃដា ក្នុងប្រទេសអៀរ៉ាក់។ ខែកញ្ញានេះ ក្នុងប្រទេសអៀរ៉ាក់ មានមនុស្សស្លាប់ច្រើនជាងគេ រហូតដល់៣៦៥នាក់ គិតចាប់តាំងពីពីរឆ្នាំមកហើយ។
- ខែកញ្ញា ថ្ងៃទី១១ នៅលីប៊ី៖ អ្នកការទូតអាមេរិកាំង បួនរូប ក្នុងនោះអគ្គរាជទូតលោក គ្រឹស ស្ទេវេន ត្រូវបានសម្លាប់ក្នុងការវាយប្រហារ បាញ់រុក្កែត ចូលក្នុងស្ថានទូតអាមេរិកាំង នៅប៊េនហ្គាស្សី ដោយកងស្មោះស្ម័គ្រអ៊ីស្លាមនិយម។
- ខែកញ្ញា ថ្ងៃទី១៤ នៅអាហ្គានីស្ដង់៖ កងទ័ពសម្ព័នមិត្ត បានរងនូវបាត់បង់សម្ភារះ ដ៏ធំជាងគេតាំងពីឆ្នាំ២០០១មក ក្នុងយុទ្ធនាការវាយលុកមួយ ធ្វើដោយពួកតាលីបង់ ចូលទៅក្នុងបន្ទាយយោធា បាស្ទីយ៉ុង (Bastion) ដើម្បីតវ៉ាប្រឆាំង នឹងភាពយន្ដប្រឆាំងអ៊ីស្លាម ផលិតនៅអាមេរិក។ តាំងពីដើមឆ្នាំមក ទាហ៊ានរបស់អូតង់ ជិត៦០នាក់ ត្រូវបានសម្លាប់ ដោយមនុស្សដែលស្លៀកពាក់ ជាឯកសណ្ឋានអាហ្គានីស្តង់។
- ខែកញ្ញា ថ្ងៃទី២១ នៅអាហ្គានីស្ដង់៖ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសដកទ័ព ៣៣ពាន់នាក់ ពីប្រទេសអាហ្គានីស្ដង់ ដែលត្រូវបានបញ្ជូនជាកងទ័ពជំនួយ ដោយប្រធានាធិបតីបារ៉ាក់ អូបាម៉ា។ នៅខែវិច្ឆិការក្រោយមក ប្រទេសបារាំងក៏បានដកកងទ័ពចុងក្រោយរបស់ខ្លួន ចេញពីប្រទេសនេះដែរ។ បេសកកម្មប្រយុទ្ធ របស់កងទ័ពសម្ព័ន្ធមិត្ត ក្នុងប្រទេសនេះ នឹងត្រូវបញ្ចប់ទាំងអស់ នៅចុងឆ្នាំ២០១៤ខាងមុខ។
- ខែតុលា ថ្ងៃទី០៩ នៅប់ាគីស្ដង់៖ ម៉ាឡាឡា យូសាហ្វហ្សៃ (Malala Yousafzai) យុវសកម្មជនស្ត្រីម្នាក់អាយុ ១៥ឆ្នាំ ក្នុងការទាមទារសិទ្ធិអប់រំទៅអោយស្ត្រី បានរងរបួសជាទម្ងន់ ក្នុងអំពើភេវរកម្មដែល រៀបចំដោយ ពួកតាលីបង់ នៅប្រទេសប៉ាគីស្ដង់។ ម៉ាឡាឡា ជាបុព្វហេតុ នៃការរន្ធត់រញ្ជួលចិត្ត របស់បណ្ដាជនរាប់លាននាក់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ហើយសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅប្រទេសអង់គ្លេស។
- ខែតុលា ថ្ងៃទី១១ និងទី១២ នៅណ័រវេស៖ ពានរង្វាន់ ណូប៊ែល ផ្នែកអក្សរសាស្ត្រ ត្រូវបានប្រគល់ជូនទៅ អ្នកនិពន្ធ ប្រលោមលោកជនជាតិចិនម្នាក់ ឈ្មោះ ម៉ូ យ៉ាន (Yo Man)។ ហើយពានរង្វាន់មួយទៀត សម្រាប់ភាពសុខសន្តិភាព ក៏ត្រូវបានប្រគល់ទៅអោយ សហគមអ៊ឺរ៉ុបដែរ។
- ខែតុលា ថ្ងៃទី១៤ នៅអូទ្រីស៖ អ្នកលោកឆ័ត្រយោង ហ្វេលីស ប៊ូមហ្គារន័រ (Felix Baumgartner) បានធ្វើសម្រេច នូវការលោតបានខ្ពស់ជាងគេក្នុងពិភពលោក ពីកំពស់ ៣៩០៤៥ម៉ែត្រ ហើយបានក្លាយជាមនុស្សទីមួយ ដែលបានឆ្លងកាត់ជញ្ជាំង (ខ្សែរខ័ណ្ឌ) សម្លេង នៃផែនដី។
- ខែតុលា ថ្ងៃទី២៤ នៅអាមេរិកខាងជើង៖ ខ្យល់ព្យុះសង្ឃរា សេនឌី (Sandy) ក្នុងចំណោមខ្យល់ព្យុះដ៏សាហាវផ្សេងទៀត បានបក់កាត់ទ្វីប អាមេរិកខាងជើងឆៀងខាងកើត រាប់ពីប្រជុំកោះការ៉ាអីប ទៅដល់ប្រទេសកាណាដា។ កោះហៃទី និងភាគខាងកើតនៃសហរដ្ឋអាមេរិក ទទួលរងគ្រោះពីខ្យល់ព្យុះនេះខ្លាំងជាងគេ។ ខ្យល់ព្យុះបានសម្លាប់មនុស្ស ជាង២០០នាក់ និងគ្រាន់តែនៅទីក្រុងញ៉ូយកមួយ មនុស្សស្លាប់ មានចំនួន៤៣នាក់។
- ខែតុលា ថ្ងៃទី២៨ នៅអ៊ុយក្រែន៖ គណបក្សរបស់លោកប្រធានាធិបតី វិចទ័រ អ៊ៀនូកូវិច (Viktor Ianoukovitch) បានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ តែបានរងនូវការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់បស្ចឹមលោក ក្នុងខណៈពេលដែលលោកស្រីអតីតប្រធានាធិបតី អ៊ីអ៊ូលីយ៉ា ទីមូឆេនកូ (Ioulia Timochenko) នៅជាប់ក្នុងពន្ធនាគារនៅឡើយ។
- ខែវិច្ឆិកា ថ្ងៃទី០៦ នៅអាមេរិក៖ បារ៉ាក់ អូបាម៉ា (Barack Obama) បានជាប់ជាប្រធានាធិបតី មួយអណត្តិទៀត ទល់នឹងបេក្ខជនប្រជែង មកពីគណបក្សសាធារណរដ្ឋ លោក មីត រូមនី (Mitt Romney)។
- ខែវិច្ឆិកា ថ្ងៃទី០៩ នៅអាមេរិក៖ ការសុំលាឈប់ របស់នាយកអង្គភាពស៊ើបការសម្ងាត់របស់អាមេរិក ( CIA) លោកឧត្តមសេនីយ៍ ដេវីដ ផេត្រាអើស (David Petraeus) បន្ទាប់ពីការលេចធ្លាយរឿងអាស្រូវផ្លូវភេទ ជាមួយនឹងអ្នកសរសេរប្រវត្តិរូបរបស់ខ្លួន។ រឿងអាស្រូវនេះ មានជាប់ទាក់ទងនឹងឧត្តមសេនីយ៍ម្នាក់ទៀត ចន អេលេន (John Allen) បច្ចុប្បន្នជាមេបញ្ជាការកងទ័ពអាមេរិក នៅអាហ្គានីស្ដង់ ហើយបានធ្វើអោយការតែងតាំងលោក អោយឡើងធ្វើជាមេបញ្ជាការកំពូលនៅអង្គការអូតង់ ត្រូវបានផ្អាក។
- ខែវិច្ឆិកា ថ្ងៃទី១៤ នៅហ្គាស៊ា និងអ៊ីស្ត្រាអែល៖ ប្រទេសអ៊ីស្ត្រាអែលបាន បើកយុទ្ធនាការ «ជន្ទល់ការពារ» ដែលជាយុទ្ធនាការវាយប្រហារទៅលើ តំបន់ហ្គាស៊ា របស់ជនជាតិប៉ាឡេស្ទីន ជាមួយនឹងការចាប់ផ្ដើមបញ្ជាកាំជ្រួច ទៅបាញ់សម្លាប់មេទ័ពម្នាក់ របស់ចលនាហាម៉ាស (Hamas) គឺលោកអាមេដ ចាអាបារី (Ahmed Jaabari)។ បទឈប់បាញ់មួយ រវាងប្រទេសអ៊ីស្ត្រាអែល និងចលនាអ៊ីស្លាមនិយម ជាមេដឹកនាំរដ្ឋប៉ាឡេស្ទីននេះ បានបញ្ចប់ការវាយសម្រុក មានរយះពេល១សប្ដាហ៍ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៧៤នាក់ និជនជាតិអ៊ីស្ត្រាអែល៦នាក់។
- ខែវិច្ឆិកា ថ្ងៃទី១៥ នៅចិន៖ សមាសភាពមេដឹកនាំចិន ត្រូវបានផ្លាស់ប្ដូរ នៅក្នុងមហាសន្និបាតបក្សកុម្មុយនីស លើកទី១៨។ លោក ស៊ី ជីនភីង (Xi Jinping) ជាបុរសទីមួយ នឹងបន្តតំណែងពីលោក ហ៊ុយ ជីនតាវ (Hu Jintao)។
- ខែវិច្ឆិកា ថ្ងៃទី២២ នៅអេហ្សីប៖ វិបត្តិនយោបាយ និងអំពើរហឹង្សា បានចាប់ផ្ដើមឡើងវិញទៀត នៅក្រោយបន្ទាប់ពី ក្រិត្យរបស់ប្រធានាធិបតី ម៉ូស្សី ដើម្បីបន្ថែមឥទ្ធិពល នៃដែនអំណាចរបស់លោក ទៅលើការសម្រេចចិត្តទាំងឡាយ របស់តុលាការ។ ប្រជាមតិមួយបានរៀបចំឡើង នៅថ្ងៃ២៥ខែធ្នូទៅម៉ិញ ដើម្បីដូររដ្ឋធម្មនុញ្ញរបស់ប្រទេស ជាមួយនឹងសម្លេងយល់ព្រម ៦៣,៨%។
- ខែវិច្ឆិកា ថ្ងៃទី២៧ នៅប៉ាឡេស្ទីន៖ សពមេដឹកនាំជាប្រវត្តិសាស្ត្រ នៃរដ្ឋប៉ាឡេស្ទីន លោក យ៉ាស្សេ អារ៉ាហ្វាត (Yasser Arafat) ដែលបានស្លាប់នៅឆ្នាំ២០០៤ ត្រូវបានគាស់ឡើងវិញ ដើម្បីធ្វើកុសល្យវិច្ឆ័យ នៅទីក្រុងរ៉ាម៉ាឡា ដោយអ្នកជំនាញអន្តរជាតិ ដើម្បីកំណត់អោយច្បាស់ នូវមូលហេតុនៃការស្លាប់របស់លោក ជាការបំពុលនឹងជាតិប៉ូឡូនីញ៉ូម ឬយ៉ាងណា។
- ខែវិច្ឆិកា ថ្ងៃទី២៨ នៅស៊ីរី៖ ជាយក្រុងទីក្រុងដាម៉ាស បានរងនូវអំពើភេវរកម្មមួយ យ៉ាងធ្ងន់ធ្ងរ ដែលធ្វើអោយប្រជាជនស៊ីវិលស្លាប់ជាង៥៤នាក់។
- ខែវិច្ឆិកា ថ្ងៃទី២៩ ប៉ាឡេស្ទីន៖ ការបោះឆ្នោតជាប្រវត្តិសាស្ត្រ នៅក្នុងមហាសន្និបាត របស់អង្គការសហប្រជាជាតិ (១៣៨សម្លេងស្រប ៩សម្លេងប្រឆាំង និង៤១អនុប្បវាត) ដើម្បីអោយប៉ាឡេស្ទីន ក្លាយជារដ្ឋសង្កេតការណ៍ផ្លូវការមួយ របស់អង្គការពិភពលោកនេះ។ ជាការឆ្លើយតបវិញ ប្រទេសអ៊ីស្ត្រាអែល នឹងសាងសង់បន្ថែមនូវលំនៅដ្ឋានចំនួន៣ពាន់ថែមទៀត នៅក្នុងតំបន់ខ្លួនកាន់កាប់ ស៊ីហ្សកដានី និងនៅហ្សារ៉ុយស៊ាឡឹម បើទោះជាមានការរិះគន់ពី សហរដ្ឋអាមេរិក និងប្រទេសអ៊ឺរ៉ុបជាច្រើនក៏ដោយ។
- ខែធ្នូ ថ្ងៃទី០១ នៅម៉ិចស៊ិក៖ ពិធីចូលកាន់តំណែង នៃលោកប្រធានាធិបតី លោកអង់រិក ផេណា នីអេតូ (Enrique Peña Nieto) ដែលបញ្ជាក់ពីការិលត្រឡប់មកវិញទៀត នៃការកាន់អំណាចរបស់ គណបក្សវិទ្យាស្ថានបដីវត្តន៍ ដែលធ្លាប់កាន់តំណែងនេះ សឹងតែរហូតមក គិតចាប់តាំងពីឆ្នាំ១៩២៨ រហូតដល់ឆ្នាំ ២០០០។
- ខែធ្នូ ថ្ងៃទី០៤ នៅហ្វីលីពីន៖ ខ្យល់ព្យុះបូហ្វា (Bopha) មានកម្លាំងខ្លាំងជាងគេ ក្នុងឆ្នាំនេះ បានបក់កាត់ផ្នែកខាងត្បួងនៃប្រទេស ដោយបានកម្ទេចទ្រព្យសម្បត្តិ ដីស្រែ ព្រមទាំងសម្លាប់ជីវិតមនុស្សប្រមាណជា ១០៦៧នាក់ និងបាត់ខ្លួនជាង៨០០នាក់។
- ខែធ្នូ ថ្ងៃទី១២ នៅកូរ៉េខាងជើង៖ ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់បង្ហោះផ្កាយរណបមួយ តែបានរងនូវការថ្កោលទោស ពីសំណាក់សហគមអន្តរជាតិ មានរួមទាំង ប្រទេសចិនសម្ព័ន្ធមិត្តចាក់ទឹកមិនលេច របស់ខ្លួននោះផង។ ប្រទេសជាច្រើនផ្សេងទៀត បានមើលឃើញថា ជាការបាញ់បន្លំសាកល្បង កាំជ្រួចបាស៊ីលីក ចម្ងាយឆ្ងាយរបស់ប្រទេសកុម្មុយនីសមួយនេះ។
- ខែធ្នូ ថ្ងៃទី១៤ នៅអាមេរិក៖ សាលាបឋបសិក្សា សេនឌី ហូក (Sandy Hook) នៅទីក្រុងញ៉ូថោន (Newtown) នៃរដ្ឋកូនេទិកខាត់ (Connecticut) បានក្លាយជាសោកនាដកម្ម ដ៏ខ្លោចផ្សារ ប្រព្រឹត្តិដោយយុវជនខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំម្នាក់ ឈ្មោះ អាដាម លេនហ្សូ (Adam Lanza)។ ជននេះបានបាញ់សម្លាប់ កុមារ២០នាក់ និងមនុស្សពេញវ័យ ៦នាក់ នៅក្នុងសាលានេះ។ មុននឹងមកដល់សាលា ជននេះក៏បានបាញ់សម្លាប់ម្ដាយខ្លួន នៅឯផ្ទះខ្លួនឯងដែរ។
- ខែធ្នូ ថ្ងៃទី១៦ នៅជប៉ុន៖ គណបក្សប្រជាធិបតេយ្យសេរី បានត្រឡប់មកកាន់អំណាចវិញ ជាមួយនឹងសម្លេងភាគច្រើនដាច់ខាត នៅក្នុងសភាជាតិ និងស្ថានភាពតានតឹងទល់នឹងប្រទេសចិន ជុំវិញជម្លោះប្រជុំកោះ សេនកាគូ (Senkaku ជាភាសាជប៉ុន) ឬ ដាវយូ (Diaoyu ជាភាសាចិន) ក្នុងដែនទឹកខាងត្បូង។ លោកស៊ីនហ្សូ អាប៊េ (Shinzo Abe) បានក្លាយជានាយករដ្ឋមន្ត្រីជប៉ុន តាំងពីថ្ងៃទី២៦ខែធ្នូ មុននេះមក។
- ខែធ្នូ ថ្ងៃទី១៨ នៅកូរ៉េខាងត្បូង៖ ជាថ្ងៃបោះឆ្នោតមួយ ដែលបានប្ដូរប្រវត្តិសាស្ត្រប្រទេស។ លោកស្រី ប៉ាក ជុន-ហេ (Park Geun-hye) ជាស្ត្រីលើកដំបូងកេ ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតី នៃកូននាគប្រចាំតំបន់អាស៊ីមួយនេះ។ លោកស្រី នឹងត្រូវស្បថ ចូលកាន់តំណែងនៅខែកុម្ភះខាងមុខ។
- ខែធ្នូ ថ្ងៃទី២១ នៅអ៊ីតាលី៖ លោក ម៉ារីយ៉ូ ម៉ុងទី (Mario Monti) បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី នៅក្រោយការសម្រេចទទួលយក នូវច្បាប់ថវិកាឆ្នាំ២០១៣ភ្លាម និងការវិលត្រឡប់មកវិញ នៃអតីតនាយករដ្ឋមន្ត្រីលោក ស៊ីវីយ៉ូ ប៊ែរលូស្កូនី (Silvio Berlusconi)។ រដ្ឋសភា ក៏ត្រូវបានរំលាយផងដែរ នៅថ្ងៃស្អែកបន្ទាប់ឡើង ដែលតម្រូវអោយការបោះឆ្នោតឡើងវិញមុនកាលកំណត់ នឹងធ្វើក្នុងប៉ុន្មានខែខាងមុខ៕
------------------------------------------------------------------------
ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ