ប្រធានាធិបតី​​អាមេរិក៖ ប៊ៀល គ្លីនតុន ជួយ​​ឃោសនា​​ឲ្យ​​ភរិយា?

អតីតប្រធានាធិបតីអាមេរិក លោក ប៊ៀល គ្លីនតុន (Bill Clinton) នឹងបង្ហាញខ្លួននៅថ្ងៃចន្ទ ដើម​សប្ដាហ៍​នេះ ក្នុង​រដ្ឋ «New Hampshire» ដើម្បីគាំទ្រដោយចេញមុខ ជាលើកទីមួយ យុទ្ធនាការ​ឃោសនា​​រក​សម្លេង​ឆ្នោត ឆ្ពោះ​ទៅ​កាន់​ការ​ឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីអាមេរិក របស់ភរិយារបស់លោក អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton)។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ មករា ២០១៦
  • កែប្រែចុងក្រោយ: January 04, 2016
  • ប្រធានបទ: ឆ្ពោះទៅសេតវិមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាអ្នកស្រី គ្លីនតុន មានប្រជាប្រិយភាពខ្លាំង ជាងបេក្ខជនផ្សេងទៀត ដែលមកពីគណបក្ស​ប្រជា​ធិបតេយ្យ ដូចគ្នាក៏ដោយ ប៉ុន្តែអ្នកស្រីទំនងជាត្រូវអន្ទងចិត្ត​ពលរដ្ឋអាមេរិក នៃនិន្នាការនយោបាយផ្សេង​ទៀត ឲ្យងាកមកគាំទ្រអ្នកស្រី។ ជាពិសេស នៅចំពោះការវាយប្រហារ ដោយមិនសំចៃមាត់ ពីសំណាក់​លោក ដូណាល់ ទ្រម (Donald Trump) បេក្ខជនមួយរូបទៀត ដែលមានការគាំទ្រច្រើនដែរ មកពី​គណបក្ស​សាធារណរដ្ឋ វាធ្វើឲ្យគេយល់ថា នេះជាពេលវេលាសមស្របហើយ ដែលអតីតប្រធានាធិបតីអាមេរិក លោក ប៊ៀល គ្លីនតុន គួរចេញមុខ ដើម្បីគាំទ្រភរិយាលោក។

នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក គ្លីនតុន នឹងធ្វើដំណើរមកកាន់ក្រុង «Nashua» ក្នុងរដ្ឋ «New Hampshire» ដើម្បីចូលរួមជាមួយការជួបជុំគ្នា នៅក្នុងសកលវិទ្យាល័យមួយ មុននឹងលោកបន្តដំណើរ​របស់​លោក ទៅកាន់​សាលាក្រុង «Exeter» នៅក្នុងរដ្ឋដដែល។ នេះបើតាមការអះអាង របស់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក។

គឺនៅក្នុងរដ្ឋ «New Hampshire» នេះហើយ ដែលអ្នកស្រី ហីឡារី គ្លីនតុន បានឈ្នះសម្លេង លើលោក បារ៉ាក់ អូបាម៉ា (Barack Obama) កាលពីដំណើរឆ្ពោះទៅឈរឈ្មោះ ជាប្រធានាធិបតីអាមេរិក កាល​ពី​ឆ្នាំ​២០០៨។ ទីប្រឹក្សាជាច្រើននាក់ របស់អ្នកស្រី គ្លីនតុន បានពន្យល់ប្រាប់អ្នកសារព័ត៌មានថា លោក ប៊ៀល គ្លីនតុន មានការជឿជាក់ លើភរិយារបស់លោក ថានឹងឈ្នះសម្លេង នៅក្នុងរដ្ឋនេះសារជាថ្មីទៀត។

ប៉ុន្តែ​ការចេញមុខរបស់លោក ប៊ៀល គ្លីនតុន មិនបានគេចផុតពីក្រសែភ្នែក របស់គូប្រជែងនៃភរិយាលោក គឺលោក ដូណាល់ ទ្រម នោះឡើយ។ បេក្ខជន ពីគណបក្សសាធារណរដ្ឋរូបនេះ បានធ្វើការវាយប្រហារ លោក គ្លីនតុន កាលពីខែមុនរួចហើយ ថាលោក គ្លីនតុន មានតុល្យភាពដ៏អាក្រក់ ក្នុងបញ្ហាផ្លូវភេទ​ជា​មួយ​ស្ត្រី នាពេលដែលោកអតីតប្រធានាធិបតី នៅកាន់តំណែង។

លោក ទ្រម បានប្រកាសនៅពេលនោះថា៖ «ហ៊ីឡារី យល់ច្រឡំហើយ ប្រសិនបើគាត់គិត ចង់ឲ្យស្វាមី​របស់​គាត់ចេញមុខ ជាមួយនឹងតុល្យភាពដ៏គួរឲ្យភ័យខ្លាច ទាក់ទងនឹងការបៀនបៀនលើស្ត្រីភេទ ខណៈ​ពេល​ដែល​គាត់ខ្លួនឯងផ្ទាល់ (អ្នកស្រី គ្លីនតុន)កំពុងប្រើរូបភាពជាស្ត្រី មកតទល់នឹងខ្ញុំ»។

សូមរំលឹកឡើងវិញដែរថា លោក គ្លីនតុន ធ្លាប់មានរឿងអាស្រូវជាច្រើន ទាក់ទងនឹងស្ត្រី នៅពេលលោក​ជា​អភិបាល ក្រុង «Arkansas» រវាងឆ្នាំ១៩៨៣ មកទល់នឹងឆ្នាំ១៩៩២ និងនៅពេលលោក ជាប្រធានា​ធិបតី​អាមេរិក រវាងពីឆ្នាំ១៩៩៣ មកទល់នឹងឆ្នាំ២០០១។ នៅឆ្នាំ១៩៩៨ សមាជិកសភា មកពីគណបក្ស​សាធារណរដ្ឋ បានព្យាយាមទម្លាក់លោក ពីតំណែងជាប្រធានាធិបតី បន្ទាប់ពីបែកធ្លាយ​រឿង​អាស្រូវ​ផ្លូវភេទ ជាមួយ​កម្មសិក្សាការីមួយរូប នៅសេតវិមាន គឺនាង ម៉ូនីកា ឡេវិនស្គី (Monica Lewinsky)។ ប៉ុន្តែការ​ប៉ុន​ប៉ង​នៅ​ពេល​នោះ មិនទទួលបានលទ្ធផលទេ ហើយលោក គ្លីនតុន នៅតែជាប្រធានាធិបតី ដែលមាន​ប្រជា​ប្រិយភាព នៅក្នុងស្រទាប់ពលរដ្ឋអាមេរិក ទាំងថ្នាក់ទាប និងថ្នាក់កណ្ដាល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...