៥ឆ្នាំ​ក្រោយ​បដិវត្តន៍​«ផ្កា​ម្លឹះ»​ដំបូង​គេ តើ​អតីត​ប្រធានាធិបតី​ផ្ដាច់ការ​តួនេស៊ី ក្លាយ​ជា​អ្វី?

បន្ទាប់ពីបាតុកម្មរយៈពេល១ខែ របស់ពលរដ្ឋ ត្រូវបានបង្ក្រាបយ៉ាងហិង្សា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១​កន្លង​ទៅ ប្រធានាធិបតី​«ផ្ដាច់ការ» របស់ប្រទេសទួនេស៊ី លោក ប៊េន អាលី (Ben Ali) បានចាកចេញ​ពី​អំណាច យ៉ាង​ប្រញ៉ាប់​ប្រញ៉ាល​​ជាទីបំផុត ដើម្បីទៅសុំសិទ្ធិជ្រកកោន នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ នោះ គឺជាបដិវត្ត​«ផ្កាម្លឹះ»​លើក​ដំបូង​គេ ដែល​បាន​កើត​ឡើង នៅក្នុងប្រទេសតួនេស៊ី ហើយមកទល់នឹងឆ្នាំនេះ បដិវត្តន៍​នេះ មាន​អាយុ​៥ឆ្នាំ​ហើយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៥ មករា ២០១៦
  • កែប្រែចុងក្រោយ: January 15, 2016
  • ប្រធានបទ: បដិវត្តន៍ផ្កាម្លឹះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បដិវត្តន៍ផ្កាម្លឹះ ដែលបានចាប់កំណើតដំបូង នៅក្នុងប្រទេសទួនេស៊ី មានអាយុ៥ឆ្នាំហើយ។ គេនៅចាំបានថា  នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ លោក ហ្សីន អែល អាប៊ីឌីល ប៊េនអាលី (Zine El Abidine Ben Ali) ឬ​ហៅ​ឲ្យខ្លី លោក ប៊េន អាលី បានចាកចេញពីអំណាច ជាប្រធានាធិបតីយ៉ាងស្ងៀមស្ងាត់ ដើម្បីភៀសខ្លួន​យ៉ាង​ប្រញ៉ាប់​ប្រញាល ទៅកាន់ក្រុង ជេដាហ៍ (Jeddah) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ការចាកចេញយ៉ាងបន្ទាន់ និង​ជា​សម្ងាត់​​នេះ បានធ្វើឡើងនៅបន្ទាប់ ពីពលរដ្ឋតួនេស៊ី បានចុះធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេង នៅតាមដងផ្លូវ ហើយ​​បាន​រង​នូវ​ការ​បង្ក្រាប​ យ៉ាងឃោឃៅ ពីសំណាក់កងកម្លាំង​ប្រដាប់ដោយអាវុធ ដែលស្ថិតក្រោមបញ្ជា​នៃ​រដ្ឋាភិបាល របស់​អតីត​ប្រធានាធិបតី ប៊េន អាលី នេះតែម្ដង។

តើលោក ប៊េន អាលី នៅទីណា ក្នុងពេលបច្ចុប្បន្ន?

ដូចបានរៀបរាប់ខាងលើរួច អតីតប្រធានាធិបតី ដែលជាប់ចោទថា «ជនផ្ដាច់ការ» ក្នុងប្រវត្តិសាស្ត្រ​របស់​ប្រទេស​​តួនេស៊ី (ស្ថិតក្នុងទ្វីបអាហ្វ្រិកខាងជើង) បានសុំសិទ្ធិជ្រកកោននយោបាយ ក្នុងប្រទេសអារ៉ាប៊ី​សាអ៊ូឌីត ជាមួយភរិយាទី២របស់លោក គឺអ្នកស្រី ឡីឡា ត្រាប៊ែលស៊ី (Leila Trabelsi) និងកួនប្រុសស្រីចំនួន​ពីរ​នាក់ របស់អ្នកទាំងពីរ។ ប៉ុន្តែចំពោះអាស័យដ្ឋានពិតប្រាកដ និងថាតើពួកគេ រស់យ៉ាងដូចម្ដេច ឬបានប្រកប​ការងារ​ចិញ្ចឹមជីវិត ដោយសារអ្វីនោះ គ្មានប្រភពណាមួយ ត្រូវបានបង្ហើបឲ្យដឹងនោះទេ។ មានតែមេធាវីរបស់លោក ប៊េន អាលី ប៉ុណ្ណោះ ដែលតែងចេញមុខ មកធ្វើប្រតិកម្មម្ដងម្កាល នៅពេលដែលពាក្យចចាមអារាម បាន​ផ្ទុះ​ឡើង​ខ្លាំង​ក្លា ទាក់ទងនឹងអតីតប្រធានាធិបតីរូបនេះ។

នៅឆ្នាំ២០១២ អ្នកស្រី ឡីឡា ដែលពលរដ្ឋតួនេស៊ីទូទៅ បានសម្ដែងការស្អប់ខ្ពើមនោះ បានចេញផ្សាយ នូវ​សៀវភៅ​​មួយមានចំណងជើងថា «ការពិតរបស់ខ្ញុំ»។ នៅក្នុងសៀវភៅ អ្នកស្រីបានច្រានចោលការចោទ​ប្រកាន់ ទាក់​ទង​នឹងអំពើពុករលួយ និងអំពើផ្ដាច់ការ​នៃរបបគ្រប់គ្រង របស់ស្វាមីអ្នកស្រី។ នៅពេលនោះ រូបថត​ដំបូង​មួយ ដែល​ថតជុំគ្នារវាងលោក ប៊េន អាលី និងអ្នកស្រី ត្រូវបានទម្លាយ និងបង្ហោះផ្សាយជាសាធារណៈ ដើម្បី​បំបាត់​​ចោល នូវពាក្យចចាមអារាម ដែលអះអាងថា ស្វាមីភរិយាទាំងពីរនាក់ បានលែងលះគ្នា។ នៅក្នុង​កិច្ច​សម្ភាស តាម​បណ្ដាញ​អ៊ិនធើណែតមួយ ជាមួយនឹងសារព័ត៌មានបារាំង អ្នកស្រី ឡីឡា ក៏បានបដិសេធផងដែរ ជុំវិញករណី ដែលថាស្វាមី​អ្នកស្រី​មាន​ជំងឺធ្ងន់ធ្ងរ និងកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់។

ប្រព័ន្ធសេដ្ឋកិច្ច នៃសម័យកាលស្វាមីភរិយាទាំងពីរនាក់ ត្រូវបានរំលាយចោល

ទោះជាការចាកចេញ ពីអំណាចជាប្រធានាធិបតី មានរយៈពេលច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែទំហំទ្រព្យសម្បត្តិ ដែលស្វាមីភរិយាអាចមាន រហូតមកដល់សព្វថ្ងៃ នៅតែជារឿង ដែលមិនទាន់ច្បាស់នៅឡើយ។ ហេតុផល​ដ៏​សំខាន់​នោះ ព្រោះប្រព័ន្ធ«អាណាចក្រសេដ្ឋកិច្ច» ដ៏ធំសម្បើម ដែលស្ថិតក្រោមឥទ្ធិពល របស់បក្ខពួកគ្រួសារ​របស់​អ្នកស្រី ឡីឡា មានទៅលើ ដូចជាអចលនវត្ថុ ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងយានយន្ដជាដើមនោះ ត្រូវ​បាន​រំលាយ​ចោល​ទាំងស្រុង។

នៅក្នុងរយៈកាលនៃការកាន់អំណាច ដែលមានចំនួន២៣ឆ្នាំ របស់លោក ប៊េន អាលី មួយផ្នែកធំ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច តាមបែបគ្រួសារនិយម ត្រូវបានធ្វើឯកជនភារូបនីយកម្ម ប៉ុន្តែទម្រង់បែបបទ នៃបណ្ដា​​ក្រុមហ៊ុន​​ទាំង​នោះ នៅតែស្ថិតក្រោម ការកាប់កាប់គ្រប់គ្រង ដោយរដ្ឋតួនេស៊ីទាំងអស់ (ឬនិយាយម្យ៉ាងទៀត ជា​ក្រុមហ៊ុនរដ្ឋ តែធ្វើស្វ័យតផ្នែកហិរញ្ញាវត្ថុ ឬប្រើទម្រង់ឲ្យឯកជន ជាអ្នកធ្វើវិនិយោគ)។

ចុះញាតិមិត្តវង្សត្រកូល របស់លោក ប៊ែន អាលី?

កូនស្រីមួយរូបទៀត របស់លោក ប៊េន អាលី ជាមួយភរិយាទីពីរ អ្នកស្រី ឡីឡា បានចាកចេញ ទៅរស់នៅ​ជា​មួយស្វាមីខ្លួន ដែលជាអ្នកជំនួញ នៅក្នុងប្រទេសកាតា និងក្រោយមក បានទៅសុំសិទ្ធិជ្រកកោន នៅក្នុង​ប្រទេស ស៊ីឆែល (Seychelles) ភាគខាងលិច នៃមហាសមុទ្រឥណ្ឌា។ រីឯកូនស្រីបីនាក់ទៀត របស់លោក ប៊ែន អាលី ជាមួយភរិយាទីមួយរបស់លោក កំពុងរស់នៅជាធម្មតា នៅក្នុងប្រទេសតួនេស៊ី។

ចំណែកឯលោក ប៊ែលហាសេន ត្រាប៊ែលស៊ី (Belhassen Trabelsi) ដែលជាបងប្រុសរបស់អ្នកស្រី ឡីឡា និង​មនុស្សដ៏សំខាន់ ក្នុងការចាត់ចែងប្រព័ន្ធសេដ្ឋកិច្ច នៃរបបគ្រប់គ្រងរបស់ប្អូនថ្លៃខ្លួនវិញ បានគេចខ្លួន​ទៅកាន់​ប្រទេស​កាណាដា។ ប៉ុន្តែការសុំសិទ្ធិជ្រកកោន របស់លោក នៅក្នុងប្រទេសនៃទ្វីបអាមេរិកខាងជើងមួយនេះ ត្រូវបានបដិសេធ​កាលពីឆ្នាំកន្លងទៅ ហើយលោកកំពុងរង នូវការបណ្ដេញចេញនោះដែរ។ ចំពោះលោក អ៊ីមេដ ត្រាប៊ែស៊ី (Imed Trabelsi) ក្មួយរបស់អ្នកស្រី ឡីឡា ឯណោះ កំពុងជាប់ពន្ធនាគារ​នៅក្នុងប្រទេស​តួនេស៊ី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...