ប្លន់យន្ដហោះពីលីប៊ី ទៅកោះម៉ាលត៍៖ អ្នកដំណើរត្រូវបានដោះលែង ខណៈចោរប្លន់បានប្រគល់ខ្លួន
- ដោយ: ឈូករ័ត្ន ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 23, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ចោរមួយក្រុម ដែលមានគ្នា២នាក់ បានប្លន់យន្ដហោះ ប្រភេទអ៊ែរប៊ូស (Airbus A320) ចេញពីប្រទេសលីប៊ី មកចុះចតនៅលើកោះ ម៉ាលត៍ (Malte) ដែលស្ថិតនៅកណ្ដាលសមុទ្រ មេឌីទែរ៉ាណេ។ យន្ដហោះរបស់ក្រុមហ៊ុន «Afriqiyah Airways» ខាងលើ មានដឹកអ្នកដំណើរចំនួន ១១៨នាក់ ហើយត្រូវហោះ ភ្ជាប់ជើងហោះហើរក្នុងស្រុក ពីខេត្តសេបា (Sebha - ភាគខាងត្បូងលីប៊ី) ឆ្ពោះមកកាន់រដ្ឋធានី ទ្រីប៉ូលី (Tripoli - របស់ប្រទេសលីប៊ី)។
សារព័ត៌មាន «Times of Malta» របស់ប្រទេសម៉ាលត៍ បានរាយការណ៍នៅមុននេះថា អ្នកដំណើរទាំងអស់ រួមនឹងក្រុមបុគ្គលិកបម្រើ នៅលើយន្ដហោះ ត្រូវបានដោះលែងជាស្ថាពរហើយ។ អ្នកតំណាងម្នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ ក៏បានអះអាងដែរថា ក្រុមចោរប្លន់មានបំណងជាមុន ថាចង់ដោះលែងរាល់អ្នកដំណើរទាំងអស់។ ប៉ុន្តែមកដល់ពេលនេះ ពួកគេបានចាប់អ្នកបើកបរយន្ដហោះ ទុកធ្វើជាចំណាត់ខ្មាំង។
លោក «Joseph Muscat» នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាលត៍ បានសរសេរនៅលើទំព័រទ្វីសធើរថា៖ «កងកម្លាំងរក្សាសន្តិសុខ កំពុងចាត់ការ លើករណីចាប់ពង្រត់យន្ដហោះនេះ»។ ខណៈប្រភពផ្លូវការ ពីប្រទេសលីប៊ី បានបញ្ជាក់ថា៖ «ការចរចាកំពុងប្រព្រឹត្តិទៅ ដើម្បីធានាឲ្យបាន នូវសុវត្ថិភាពរបស់អ្នកដំណើរទាំងអស់»។ ប៉ុន្តែប្រភពនេះ មិនបានរៀបរាប់ថា ការចរចានេះធ្វើឡើង រវាងនរណា និងនរណានោះទេ។
យ៉ាងណាក៏ដោយ កងទ័ពរបស់ប្រទេសម៉ាលត៍ កំពុងត្រៀមជើងការរួចជាស្រេច នៅចំងាយប្រមាណជាង១០០ម៉ែត្រ ពីយន្ដហោះ។ គ្រប់ជើងហោះហើរទាំងអស់ ដែលត្រូវហោះចេញ និងត្រូវចុះចត នៅព្រលានយន្ដហោះមួយនេះ ត្រូវបានលប់ចោលទាំងអស់។
សារព័ត៌មាន «Times of Malta» ដដែលបាននិយាយថា ម្នាក់ពីក្នុងចំណោមចោរប្លន់យន្ដហោះនោះ បានអះអាងថា ខ្លួនជាស្មោះស្ម័គ្រ នឹងអតីតប្រធានាធិបតីលីប៊ី លោក មូអាម៉ា កាដាហ្វី (Mouammar Kadhafi)។ ជនមានគ្រាប់បែកមួយគ្រាប់ នៅជាប់នឹងខ្លួន ហើយបានគម្រាម ថានឹងបំផ្ទុះគ្រាប់បែកនេះឡើង ប្រសិនជាអ្នកបើកបរយន្ដហោះ មិនធ្វើតាមខ្លួន។ ដំណឹងចុងក្រោយ បានឲ្យដឹងថា ជននេះបានទាមទារ សុំសិទ្ធជ្រកកោនផ្នែកនយោបាយ នៅក្នុងប្រទេសមួយ នៃសហគមន៍អ៊ឺរ៉ុប។
តាំងពីបដិវត្តន៍អារ៉ាប់ ទម្លាក់លោក កាដាហ្វី ចេញពីតំណែង ក្នុងឆ្នាំ២០១១នោះរួច សហគមន៍អ៊ឺរ៉ុបបានហាម មិនឲ្យក្រុមហ៊ុនអាកាសចរណ៍ណាមួយ របស់ប្រទេសលីប៊ី បង្ហោះយន្ដហោះរបស់ពួកគេ ចូលមកលំហមេឃរបស់ខ្លួនឡើយ ក្រោមហេតុផល«សន្តិសុខ»។ រហូតមកដល់ថ្ងៃនេះ ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ គ្រាន់តែអាចភ្ជាប់ជើងហោះហើរមួយចំនួន នៅក្នុងស្រុក និងទៅកាន់ប្រទេសមួយចំនួន ដែលស្ថិតនៅជាប់ព្រំដែន នៃប្រទេសលីប៊ីប៉ុណ្ណោះ៕