ភេរវកម្មនៅប៊ែរឡាំង៖ ជនសង្ស័យត្រូវបានសម្លាប់ នៅអ៊ីតាលី
- ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី២២ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 23, 2016
- ប្រធានបទ: ភេរវកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ព័ត៌មានខាងលើ ត្រូវបានអះអាងបន្ថែម ដោយរដ្ឋមន្ត្រីមហាផ្ទៃ នៃប្រទេសអ៊ីតាលី លោក ម៉ាកូ មីននីទី (Marco Minniti) នៅក្នុងសន្និសីទសារព័ត៌មាន ដែលទើបនឹងធ្វើ ក្នុងព្រឹកថ្ងៃសុក្រនេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជនដែលត្រូវបានសម្លាប់នេះ គឺពិតជាជនសង្ស័យ ឈ្មោះ អានីស អាមេរី (Anis Amri) អាយុ២៤ឆ្នាំ ដែលកំពុងរត់គេចខ្លួន ពីការតាមចាប់ខ្លួន នៅពាសពេញទ្វីបអ៊ឺរ៉ុប។
ជននេះ ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ ចេញដីកាស្វែងរកចាប់ខ្លួន កាលពីយប់ថ្ងៃពុធ បន្ទាប់ពីបានសង្ស័យជននេះ ថាបានបើករថយន្ដដឹកទំនិញធុនធ្ងន់ បុកចូលហ្វូងមនុស្ស នៃផ្សារាត្រីសម្រាប់បុណ្យណូអែលមួយកន្លែង ស្ថិតនៅភាគខាងលិច នៃរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ កាលពីយប់ថ្ងៃចន្ទ។ ហេតុការណ៍ដ៏រន្ធត់នេះ បានបណ្ដាលឲ្យមនុស្ស១២នាក់ស្លាប់ និង៥០នាក់ផ្សេងទៀត រងរបួស។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី បានថ្លែងពន្យល់ថា ជនសង្ស័យបានជាប់ នៅក្នុងការត្រួតពិនិត្យមួយ ដែលកងកម្លាំងនគរបាលអ៊ីតាលី ក្នុងក្រុងមីឡង់ (Milan) តែងបានធ្វើជាធម្មតា។ ពេលនោះ ជននេះបានដកកាំភ្លើង ដោយគ្មានការរារែក សំដៅទៅកងកម្លាំងអាជ្ញាធរ ដែលធ្វើឲ្យភ្នាក់ងារនគរបាល នៅនឹងកន្លែង បានផ្ទុះអាវុធភ្លាមៗ ដើម្បីការពារខ្លួន។
បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានឲ្យដឹងថា ជនសង្ស័យបានមកដល់ប្រទេសអ៊ីតាលីនេះ ដោយធ្វើដំណើរចេញពីអាល្លឺម៉ង់ ចូលមកក្នុងប្រទេសបារាំង ជាមុនសិន ទើបបានជិះរថភ្លើង មកកាន់ក្រុងទួរ៉ាំង (Turin - ប្រទេសអ៊ីតាលី) ដើម្បីបន្តដំណើរ មកដល់ក្រុងមីឡង់នៅទីបញ្ចប់។ សារព័ត៌មាន «Sky TG24» បានអះអាងថា កាំភ្លើងដែលជនសង្ស័យបានប្រើ នៅក្នុងប្រទេសអ៊ីតាលី (ប្រឆាំងនឹងអាជ្ញាធរ) មានបំពង់កាលីព (Calibre) និងគ្រាប់ដូចគ្នា ទៅនឹងកាលីព និងគ្រាប់កាំភ្លើង ដែលបានបាញ់សម្លាប់ អ្នកបើកបរ(ពិតប្រាកដ) របស់ម្ចាស់រថយន្ដ ជាតិប៉ូឡូញ (រកឃើញស្លាប់ នៅក្នុងបន្ទប់បើកបរ ក្រោយពេលកើតហេតុ)។
មុននឹងចូលទៅរស់នៅ ក្នុងប្រទេសអាល្លឺម៉ង់ នាឆ្នាំ២០១៥ ជនសង្ស័យ អានីស អាមរី បានរស់នៅអស់រយៈពេល៤ឆ្នាំ ក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីជននេះ បានភៀសខ្លួនតាមកាណូត ចេញពីប្រទេសទួនេស៊ី (ដែលជាប្រទេសដើមកំណើត) មកកាន់កោះ«Lampedusa (អ៊ីតាលី)» នៅក្នុងឆ្នាំ២០១១។ ក្នុងរយៈពេល៤ឆ្នាំនេះ ជនសង្ស័យបានរស់នៅ តែនៅក្នុងពន្ធនាគារប៉ុណ្ណោះ បន្ទាប់ពីជននេះ ត្រូវបានតុលាការផ្ដន្ទាទោស ព្រោះបានដុតសាលារៀនមួយកន្លែង។
ក្រុមអ្នកស៊ើអង្កេតអាល្លឺម៉ង់ បានសម្ដែងការជឿជាក់ថា ជនសង្ស័យ គឺពិតជាអ្នកកាន់ចង្កូតរថយន្ដ ដែលបានបើកបំបុកចូលហ្វូងមនុស្ស កាលពីយប់ថ្ងៃចន្ទ។ ចន្លោះ ពីពេលកើតហេតុ មកដល់ពេល ដែលជួបជាមួយនគរបាលអ៊ីតាលី ជនសង្ស័យបានរត់គេចខ្លួន ពីសំណាក់ច្បាប់ បានរយៈពេលត្រឹមតែ៣០ម៉ោងប៉ុណ្ណោះ៕