ភេរវកម្ម​នៅ​ប៊ែរឡាំង៖ ១សែន​អ៊ឺរ៉ូ សម្រាប់​ចាប់​ខ្លួន​ជន​ម្នាក់​នេះ

ជនដែលរងការសង្ស័យ ថាបានទទួលខុសត្រូវ ក្នុងការវាយប្រហារ ដោយ​បើករថយន្ដធុនធ្ងន់ បុកហ្វូងមនុស្ស នៅ​ភាគ​ខាង​លិច នៃរដ្ឋធានី​ប៊ែរឡាំង កំពុងស្ថិត​ក្នុងការ​គេចខ្លួន​នៅឡើយ។ បើតាមនគរបាល បានឲ្យដឹងថា ជន​នេះ​​ធ្លាប់​ត្រូវ​បាន​សង្ស័យ​រួចហើយ ថាបានគ្រោងរៀបចំធ្វើភេរវកម្ម នៅមុន​ការ​វាយ​ប្រហារ នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦​នេះ។
ភេរវកម្ម​នៅ​ប៊ែរឡាំង៖ ១សែន​អ៊ឺរ៉ូ សម្រាប់​ចាប់​ខ្លួន​ជន​ម្នាក់​នេះ
ជនជាតិ ទួនេស៊ី ឈ្មោះ «Anis Amri» ដែលកំពុងត្រូវនគរបាល​ស្វែងរក​ចាប់ខ្លួន។ (រូបថតឯកសារនគរបាល)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី២២ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 22, 2016
  • ប្រធានបទ: ភេរវកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាតិ ទួនេស៊ី ម្នាក់ខាងលើនេះ (រូបថត) ដែលមានឈ្មោះ «Anis Amri» ត្រូវបាននគរបាលអាល្លឺម៉ង់ តាម​ប្រមាញ់ស្វែងរកចាប់ខ្លួន តាំងពីយប់ថ្ងៃពុធ​ម្សិលម៉ិញ។ ជននេះ កំពុងរងការសង្ស័យថា គឺជា«ភេរវជន» បើក​រថយន្ដដឹកទំនិញ បំបុកចូលហ្វូងមនុស្ស នៅភាគខាងលិចនៃរដ្ឋធានីប៊ែរឡាំង កាលពី​យប់ថ្ងៃចន្ទ បណ្ដាល​ឲ្យ​មនុស្ស១២ស្លាប់ និងជិត៥០នាក់រងរបួស។ អត្តសញ្ញាណប័ណ្ណរបស់ជននេះ ត្រូវបានរកឃើញ នៅក្រោម​កៅអី​អ្នក​បើកបរ នៃ​រថយន្ដ​បង្កហេតុ​ខាងលើ។ នគរបាលបានប្រកាសជាសាធារណៈ ចាត់ទុកជននេះ ប្រកប​ដោយ​«គ្រោះថ្នាក់» និងជាសមាជិកមួយរូប នៃបណ្ដាញ​«អ៊ីស្លាម​និយម​ជ្រុល»។

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោក «Thomas de Maizière» បានថ្លែងឡើងថា៖ «ដីកាស្វែងរកចាប់ខ្លួន បាន​ចេញ​ផ្សាយ​នៅ​អាធ្រាត យប់ថ្ងៃពុធ មាន​វិសាលភាព ទាំងនៅលើទឹកដីអាល្លឺម៉ង់ ទាំងនៅក្នុងទ្វីបអ៊ឺរ៉ុបទាំងមូល»។

ប្រាក់លើកទឹកចិត្ត ១សែនអ៊ឺរ៉ូ...

បើតាមការិយាល័យរដ្ឋអាជ្ញា របស់សហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ថា ជនជាតិទួនេស៊ីម្នាក់នេះ មានអាយុ២៤ឆ្នាំ ហើយ​បានចូលមកក្នុងទឹកដីអាល្លឺម៉ង់ កាល​ពីដើមឆ្នាំនេះ។ ការិយាល័យបានឲ្យដឹង បន្ថែមទៀតថា ទឹកប្រាក់​១សែន​អ៊ឺរ៉ូ នឹងផ្ដល់ជូនជនណាក៏ដោយ ដែលបានរាយការណ៍ព័ត៌មាន ដើម្បីឈាន​ទៅចាប់ខ្លួនជននេះបាន។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរកឃើញបន្ថែមទៀតថា ជននេះមានជាប់ពាក់ព័ន្ធ ទៅនឹងបណ្ដាញរុករក​យុទ្ធជន​​ស្ម័គ្រ​ប្រយុទ្ធ​ថ្មីៗ នៃអង្គការភេរវនិយម រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ពាក្យ​​​កាត់​​​​អង់គ្លេស​​​​ហៅ ISIS)។ ជននេះត្រូវបានប្រទេសអាល្លឺម៉ង់ បដិសេធមិនផ្ដល់​សិទ្ធិ​ជ្រក​កោន (ផ្នែក​នយោបាយ) នៅក្នុងខែមិថុនា ហើយតាំងពីពេលនោះមក ជននេះស្ថិតក្នុងនីតិវិធី នៃចាប់បញ្ជូនខ្លួន ទៅកាន់​ប្រទេស​ទួនេស៊ី (ដែលជា​ប្រទេសដើមកំណើត)​ វិញ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ បានបន្តថ្លែង ដោយក្ដីប្រុងប្រយ័ត្នថា «ជនសង្ស័យ» មិនមាន​ន័យ​ថា​ជា «ជនបង្ក» ដែលបានកាន់ចង្កូតរថយន្ដ បុកចូលហ្វូងមនុស្ស កាលពីយប់ថ្ងៃចន្ទនោះទេ។ អាជ្ញាធរ​ទំនង​ជា​ចង់​បញ្ជៀស​ករណី​ភ័ន្តច្រឡំ ដូចជនជាតិប៉ាគីស្ដង់ អាយុ២២ឆ្នាំ ដែលត្រូវបានចាប់ខ្លួន នៅក្រោយពេល​កើត​ហេតុ ខណៈក្រុមអ្នកស៊ើបអង្កេត រកមិនឃើញថា ជនជាតិប៉ាគីស្ដង់រូបនេះ មានជាប់ពាក់ព័ន្ធ នឹងការ​វាយ​ប្រហារ​នេះ​ឡើយ។

អ្នកបើកបរពិត ឲ្យម្ចាស់រថយន្ដ...

ដោយឡែក អ្នកបើកបររថយន្ដ (អ្នកបើកបរពិត ដែលជាជនជាតិប៉ូឡូញ) របស់ក្រុមហ៊ុន​ម្ចាស់​រថយន្ដ​ដឹក​ទំនិញ មកពីប្រទេសប៉ូឡូញ ត្រូវបាន​នគរបាល​អះអាងថា ពិតជាជនម្នាក់ ដែលអាជ្ញាធរ​បានរកឃើញ​ស្លាប់ នៅក្នុងបន្ទប់បើកបរ បន្ទាប់ពីពេលកើតហេតុ។

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានរាយការណ៍ថា អ្នកបើកបរជាតិប៉ូឡូញ ដែលមានអាយុ៣៧ឆ្នាំ នៅមាន​ជីវិត​នៅ​ឡើយ នៅមុនរថយន្ដរបស់ខ្លួន ត្រូវ​បាន​ជនល្មើស​បើកបំបុក ចូលហ្វូងមនុស្ស។ ស្នាមគ្រាប់កាំភ្លើងថ្មីៗ និង​ស្នាម​របួស ​ដោយការវាយតប់ នៅលើរាងកាយរបស់សាកសព បានធ្វើឲ្យ​គេ​យល់ថា ជនជាតិ​ប៉ូឡូញរូបនេះ ទំនង​ជា​បាន​ប្រតាយ​ប្រតប់ ជាមួយជនល្មើស នៅពេលជនល្មើស​​បើករថយន្ដខ្លួនបុកចូលហ្វូងមនុស្ស មុន​នឹង​​ត្រូវ​​ជន​ល្មើស​​បាញ់​សម្លាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...