«ជួប សម្លាប់ មិន​មែន​ជា​ឃាតករ​សម្លាប់ កែម ឡី»

ជួប សម្លាប់ ជនសង្ស័យ ដែលបាន«សម្រាក» នៅក្នុងពន្ធនាគារ អស់ជាច្រើនខែ ព្រោះទទួលខ្លួន និង​ទទួល​ការ​ចោទ ថា​ជា​ជន​ដៃដល់ បាញ់សម្លាប់លោក កែម ឡី អតីតអ្នកស្រាវជ្រាវបញ្ហាសង្គម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦​នោះ មិន​ទទួល​បាន​ការសង្ស័យ ថាជាឃាតកម្មពិតប្រាកដ ពីសំណាក់អាជ្ញាធរកម្ពុជាទៀតទេ នៅ​ពេល​នេះ។ នេះបើ​តាម​ការ​អះអាង របស់លោក ជុន ច័ន្ទបុត្រ នាយករងការផ្សាយជាខេមរភាសា នៃ​វិទ្យុ​អាស៊ី​សេរី ដោយ​លោក​បាន​ស្រង់​សម្ដី​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មកបញ្ជាក់។
«ជួប សម្លាប់ មិន​មែន​ជា​ឃាតករ​សម្លាប់ កែម ឡី»
លោក កែម ឡី បានស្លាប់ភ្លាមៗ ដោយការបាញ់ដោយខ្មាន់កាំភ្លើង ចំនួនពីរគ្រាប់។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 21, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជួប សម្លាប់ មិនមែនជាជនដៃដល់ បាញ់លោកបណ្ឌិត កែម ឡីទេ!» នេះជាអ្វី ដែលលោក ហួត វុទ្ធី ដាក់​រហស្ស​នាម ជុន ច័ន្ទបុត្រ នាយករងការផ្សាយ ជាភាសាខ្មែរ នៃវិទ្យុអាស៊ីសេរី បានសរសេរនៅមុននេះបន្តិច ដោយ​លោក បានដក​ស្រង់ការថ្លែងឲ្យដឹង នៅល្ងាចថ្ងៃទី២១ ខែធ្នូនេះ ពីសំណាក់លោក ខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃមកបញ្ជាក់។

លោក ជុន ច័ន្ទបុត្រ បានសរសេរ នៅលើទំព័រហ្វេសប៊ុក របស់លោកថា៖ «អ្នកដែលសង្ស័យថា ជួប សម្លាប់ មិនមែនជាជនដៃដល់ បាញ់​លោក​បណ្ឌិត កែម ឡី ពេលនេះ លែងមានការសង្ស័យ​ទៀតហើយ​ ​ត្បិតលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏មិនជឿថា ជួប សម្លាប់ ជាឃាតកពិតដែរ។ លោក​ក៏​មាន​ប្រសាសន៍​ដែរ​ថា ការបាញ់សម្លាប់​​លោក កែម ឡី ក៏មិនមែនដោយសារ រឿង​ជំពាក់​លុយ​​៣​ពាន់​​ដុល្លារ ​នោះឡើយ។»។

បើដូច្នេះ ថាតើនរណាផ្សេងជាឃាតករ?

ប្រសិនជាលោក ខៀវ សុភ័គ បានថ្លែងខាងលើនេះ គឺជារឿងពិត និងមិនគ្រាន់តែ ជាការជឿជាក់​របស់​លោក​នោះ សំនុំរឿងឧក្រិដ្ឋកម្មមួយនេះ នៅមាន​បន្ត​ភាគ​ទៅវែងឆ្ងាយ ដោយសារដំណើររឿង ដែលបានដើរ​មក​ដល់​ថ្ងៃ​នេះ វាហាក់ដូចជា«ជួន»ចំគ្នា ជាច្រើនចំណុច។ បើគ្រាន់តែស្រាវជ្រាវ រកឲ្យ​ឃើញថា តើ ជួប សម្លាប់ (ឈ្មោះ​ពិត អឿត អាង) ម្នាក់នេះ ជាឃាតករពិតឬអត់ តើអាជ្ញាធរមានសមត្ថកិច្ច និងតុលាការខ្មែរ ចាំបាច់​ប្រើប្រាស់​រយៈ​ពេល រហូតដល់​ទៅជាង​៥ខែ(?)។

ជាពិសេស បើគេគ្រាន់តែទស្សនារូបភាព ដែលថតដោយកាម៉េរ៉ាសុវត្ថិភាព របស់ហាងលក់ទំនិញនោះ ការ​ពិត​នឹងកាន់​តែងាយ​យល់ ជាងរឿងរ៉ាវ ដែលបានអូសបន្លាយ រហូតមកដល់ថ្ងៃនេះ។

ជាការរំលឹកឡើងវិញ លោក កែម ឡី ត្រូវបាន​ខ្មាន់​​កាំភ្លើង​​​បាញ់​​​សម្លាប់ នៅនឹងកន្លែង ដោយគ្រាប់កាំភ្លើង​ចំនួន​ពីរគ្រាប់ មួយគ្រាប់​ចំ​សៀត​ផ្កា និងមួយ​គ្រាប់​​ទៀត ចំ​​ទ្រូង នៅ​ម៉ោង​ប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈ សាខាស្ដុបបូកគោ។

ជួប សម្លាប់ ឆ្លើយទទួលខ្លួន ក្នុងពេលកន្លងមក មានបំណងអ្វី?

អស់រយៈពេលជាង៥ខែកន្លងទៅហើយ តែរឿងរ៉ាវស៊ើបអង្កេត ចេញពីសំនុំរឿងដ៏ធំនេះ ត្រូវ​បាន​​គេដឹង​តិច​តួច​ជា​ទី​បំផុត។ លោក ជួប សម្លាប់ ដែលជា​ជនសង្ស័យតែម្នាក់នោះ ត្រូវបានចាប់ខ្លួន នៅ​ប្រមាណ​ជា១ម៉ោង​ក្រោយ​ឃាតកម្ម ហើយ​ភ្លាមៗ​នោះ លោកបានសារភាព ថាលោក​ជា​«ឃាតករ» ក្រោម​​មូលហតុ​ថា​លោក ចង់​ជម្រះ​បញ្ជី​​លើ​​លោក កែម ឡី ព្រោះការជំពាក់ប្រាក់មិនសង ចំនួន៣០០០ដុល្លារ។

ប៉ុន្តែការ​លើក​ឡើង​របស់ ជួប សម្លាប់ ត្រូវបានក្រុមគ្រួសារ​លោក កែម ឡី ជាពិសេសភរិយាលោក គឺអ្នកស្រី ប៊ូ រចនា បដិសេធ​​ដាច់​អហង្កា និង​បាន​បរិហារ​ពីឃាតកម្ម បែប​នយោបាយ​មួយ។ អ្នកជំនាញច្រើននាក់ ក៏បានគិត​ភ្លាមៗ នៅក្រោយឃាតកម្មដែរ​ថា ឃាតករ​គឺ​ជា​អ្នក​​កាន់​​កាំភ្លើង ​​ដ៏​ជំនាញ​ម្នាក់ ដែលដឹង​យ៉ាងច្បាស់ ពីចំណុច​សំខាន់ «បាញ់ចំ​​គឺស្លាប់ភ្លាម» ហើយឃាតករនោះ មិនអាចជាជន​សង្ស័យ «ជួប សម្លាប់» នេះឡើយ។

សូមរំលឹកដែរថា ឃាតកម្មបាញ់សម្លាប់​លោក កែម ឡី បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់​ពីអ្នក​ស្រាវ​ជ្រាវ​​ផ្នែក​សង្គម និងជាអ្នកធ្វើ​អត្ថាធិប្បាយ​​នយោបាយខ្មែរ​ ដ៏ល្បីឈ្មោះរូបនេះ បានធ្វើការពន្យល់​ពី​របាយ​ការណ៍​​​មួយ របស់អង្គការឃ្លាំមើលពិភពលោក (ហៅជាភាសា​អង់គ្លេស Global Witness) ដែល​និយាយ​​ពី​ការ​រក​ស៊ី​មាន​បាន ក្នុងទឹក​ប្រាក់​ច្រើន​រយលាន​ដុល្លារ របស់ក្រុមគ្រួសារ​ផៅសន្ដាន របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​វិស័យ​ធំៗ​​​សំខាន់ៗ ដែល​ល្បីល្បាញ​ថា​ជា​វិស័យ ដែលសម្បូរដោយអំពើពុករលួយ៕

-----------

កែតម្រូវ៖

លោក ជុន ច័ន្ទបុត្រ បានត្រឡប់មកបញ្ជាក់ នៅពេលបន្ទាប់មកថា លោក ខៀវ សុភ័គ មិនបានបង្ហាញ​ការ​មិន​ជឿ​ជាក់ ថា ជួប សម្លាប់ ជាឃាតករពិត ដែលបានបាញ់សម្លាប់លោក កែម ឡី នោះទេ តែលោក ខៀវ សុភ័គ បាន​និយាយ​ថា លោកមិនជឿថា ឈ្មោះ ជួប សម្លាប់ គឺជាឈ្មោះពិត របស់ជនសង្ស័យ។ លោក ជុន ច័ន្ទបុត្រ បាន​បញ្ជាក់​យ៉ាងដូច្នេះ បន្ទាប់ពីលោក និងសហការី បានស្ដាប់កិច្ចសម្ភាស ជាមួយលោក ខៀវ សុភ័គ សារ​ជា​ថ្មី​ឡើង​វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...