អាជ្ញាធរប្រតិកម្ម រឿងគោអ្នកស្រុកត្រូវឡានគាបអំពៅបោកសម្លាប់
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កុម្ភៈ ២០១៧
- កែប្រែចុងក្រោយ: February 04, 2017
- ប្រធានបទ: ទារុណកម្មលើសត្វ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងហោច គោអ្នកស្រុក នៅក្នុងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន៥ក្បាល ត្រូវបានក្រុមហ៊ុនយួនមួយ សម្លាប់ និងធ្វើឲ្យរបួសធ្ងន់ធ្ងរ។ អ្នកស្រុកជាម្ចាស់គោ បានអះអាងថា បុគ្គលិករបស់ក្រុមហ៊ុននេះ បានប្រើរថយន្ដសម្រាប់គាបអំពៅដាក់លើឡាន ចាប់គាប និងបោកសត្វគោ របស់ពួកគាត់ម្ដងមួយក្បាលៗ យ៉ាងព្រៃផ្សៃ។ ហេតុការណ៍ដ៏អាណោចអាធម បានកើតឡើង នៅវេលាម៉ោង ៤និង៤៥ នាទី ទាបភ្លឺ កាលពីថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៧ម្សិលម៉ិញ។
ម្ចាស់គោ ដែលកំពុងឈរមើលគោរបស់ខ្លួន ខ្លះស្លាប់ និងខ្លះទៀត របួសដាច់មុខ-ច្រមុះ បានរៀបរាប់ថា រឿងរ៉ាវដ៏សហាវព្រៃផ្សៃរបៀបនេះ មិនមែនទើបតែកើតជាលើកទីមួយទេ។ កាលពីលើកមុនៗ ក្រុមហ៊ុនមកពីស្រុកយួនមួយនេះ ធ្លាប់បានដេញចាប់សត្វគោ របស់អ្នកស្រុក នៅពេលដែលសត្វគោទាំងនេះ ចូលទៅក្នុងចំការអំពៅរបស់ក្រុមហ៊ុន និងបន្ទាប់មក បានប្រាប់ម្ចាស់គោ ឲ្យយកប្រាក់មកលោះ ដើម្បីបានគោត្រឡប់ទៅវិញ។
ហេតុការណ៍អមនុស្សធម៌ ត្រូវបានយកមកបង្ហោះផ្សាយ នៅលើបណ្ដាញសង្គម ក្នុងថ្ងៃដដែល ហើយទទួលបានប្រតិកម្ម និងការចែករំលែក យ៉ាងសន្ធឹកសន្ធាប់ ដែលចាំបាច់តម្រូវ ឲ្យអាជ្ញាធរចេញមុខដោះស្រាយ។ ដោយទំនងជាហេតុនេះហើយ ទើបបញ្ជាដ៏ដាច់ណាត់មួយ នៅថ្ងៃទី៤ ខែកុម្ភៈនេះ ត្រូវបានអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង កំណត់ទៅក្រុមជំនាញខេត្ត ដែលពាក់ព័ន្ធទាំងអស់ ថាត្រូវស្វែងរកមូលហេតុពិតប្រាកដ ដោះស្រាយសំណងជូនពលរដ្ឋ និងតាមចាប់ជនដៃដល់ យកមកផ្ដន្ទាទោសតាមច្បាប់។
មិនមានឃើញប្រតិកម្ម ពីខាងក្រុមហ៊ុនចំការអំពៅ តបនឹងការចោទប្រកាន់នេះនៅឡើយ មកទល់នឹងម៉ោងនេះ។ អ្នកសារព័ត៌មាន ដែលបានទៅដល់កន្លែងកើតហេតុ បានរាយការណ៍ថា ក្រុមហ៊ុនបានបិទផ្លូវ មិនឲ្យនរណាចូលទាំងអស់ ដែលជាហេតុ ធ្វើអ្នកសារព័ត៌មាន មិនអាចចូលទៅ សុំប្រតិកម្មដោយផ្ទាល់បានទេ៕