តាត ម៉ារីណា ប្រកាសសង្គ្រាមប្រឆាំងវីដេអូ ធី សុវណ្ណថា
- ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 03, 2017
- ប្រធានបទ: តារា-នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនតែវីដេអូផ្ទាល់ របស់កញ្ញា ធី សុវណ្ណថា ទេ តែវីដេអូណាក៏ដោយ ដែលមានសម្លេង និងរូប របស់អតីតតារាហ្វេសប៊ុករូបនេះ នឹងត្រូវអ្នកនាង តាត ម៉ារីណា ប្លុក (Block) ចោល ឲ្យចេញឆ្ងាយ ពីគណនេយ្យហ្វេសប៊ុក របស់អ្នកនាង។ នេះ ជាការសម្រេចចិត្ត របស់អតីតតារាសម្ដែងខ្មែររូបនេះ ដែលបានរួចជីវិត យ៉ាងប្រផិតប្រផើយ ពីការវាយប្រហារ ដោយទឹកអាស៊ីត ដ៏សាហាវព្រៃផ្សៃ ពីសំណាក់ភរិយាមន្ត្រីរដ្ឋាភិបាលកម្ពុជាម្នាក់ កាលពីចុងទសវត្សន៍ឆ្នាំ៩០។
អ្នកនាង តាត ម៉ារីណា ដែលមិនដែលទទួលបានយុត្តិធម៌សោះ ពីរឿងឧក្រិដ្ឋខាងលើ បានសរសេរនៅលើបណ្ដាញសង្គម នៅថ្ងៃនេះថា៖ «ចាប់ពីថ្ងៃនេះតទៅ ប្លុកចោល [នូវ]វីដេអូណា [ដែល]មាននាង "Thy Sovantha" !»។ អ្នកនាង បានពន្យល់ពីជម្រើសរបស់ខ្លួន យ៉ាងខ្លីដូច្នេះថា៖ «ស្តាប់លែងចូល ពាក្យសំដី[របស់]នាងមួយហ្នឹង»។
កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេស្គាល់ខ្លាំង ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ឆ្នាំ២០១៣នោះ បានប្រកាសក្នុងលិខិតមួយ កាលពីថ្ងៃទី៣១ ខែឧសភា «សុំចូលរួមជីវភាពនយោបាយ» ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច នៅកម្ពុជា តាំងពីជាង៣០ឆ្នាំមកហើយ។ លិខិតស្នើសុំនោះ ត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែមិថុនា មុនមួយថ្ងៃ នៃការចេញឃោសនាដោយផ្ទាល់ ពីសំណាក់លោក ហ៊ុន សែន ប្រធានគណបក្ស ក្នុងថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤នេះ។
» អត្ថបទបន្ថែម៖ ធី សុវណ្ណថា សុំចូលធ្វើនយោបាយជាមួយ CPP
សកម្មភាពរបស់អតីតអ្នកគាំទ្រគណបក្សប្រឆាំង នៅក្នុងក្បួនដង្ហែឃោសនា របស់គណបក្សកាន់អំណាច នៅថ្ងៃទី២ ខែមិថុនា ត្រូវបានថតផ្តិតជាវីដេអូ ហើយបង្ហោះផ្សាយ នៅតាមទូរទស្សន៍ក្នុងស្រុក និងជាពិសេស នៅតាមបណ្ដាញសង្គម យ៉ាងគគ្រឹកគគ្រេង។ ដោយសារតែហេតុនេះ ទើបអ្នកនាង តាត ម៉ារីណា ដែលរស់នៅឯក្រុង បូស្ដុន សហរដ្ឋអាមេរិក ទំនងជាបានស្ដាប់ និងទស្សនា នូវពាក្យសំដី និងរូបភាព នៃអ្នកគាំទ្រចេញមុខថ្មី របស់គណបក្សប្រជាជនកម្ពុជា ។
ការសម្រេចចិត្ត របស់ស្ត្រីរងគ្រោះព្រោះទឹកអាស៊ីតរូបនេះ ត្រូវបាននាងខ្លួនឯងពន្យល់បន្ថែម នៅក្នុងផ្នែកដាក់មតិយោបល់ថា៖ «នាងមួយហ្នឹង (កញ្ញា ធី សុវណ្ណថា) បាននៅផ្ទះ ក និយាយដើមអ្នកផ្ទះ ខ មកនៅផ្ទះ ខ និយាយដើមអ្នកផ្ទះ ក។ ខ្ញុំអត់មានពេលស្តាប់នាងហ្នឹងទៀតទេ ព្រោះខ្ញុំមិនចូលចិត្តមនុស្សដូចនាង (...) ឆ្អិនក្បាលឆីក្បាល ឆ្អិនកន្ទុយឆីកន្ទុយ។»។
អ្នកនាង តាត ម៉ារីណា បានសង្កត់ធ្ងន់ថា៖ «ព្រោះតែមានវា (កញ្ញា ធី សុវណ្ណថា) នាំឲ្យខ្មែរ[កាន់តែ]ឈ្លោះគ្នាថែមទៀត»៕