ក្រសួងមហាផ្ទៃព្រមាន ជុន ច័ន្ទបុត្រ រឿងផ្សាយតួលេខ៥០ម៉ឺន
- ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 03, 2017
- ប្រធានបទ: ប្រព័ន្ធផ្សព្វផ្សាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់អាជ្ញាធរកម្ពុជា ការផ្ដល់ដំណឹងមួយ ដែលទទួលបានពីគណបក្សប្រឆាំង គឺជាការ«ផ្សាយព័ត៌មានបំផ្លើស និងបំប៉ោងតួលេខ»។ មូលហេតុអ្វី? ព្រោះអ្នកសារព័ត៌មានពីររូប របស់វិទ្យុអាស៊ីសេរី គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ និងលោក ថា កិត្យា (អ្នករាយការណ៍ផ្ទាល់កន្លែង) បានរាយការណ៍បន្ត ពីការលើកឡើង របស់គណបក្សសង្គ្រោះជាតិ ដែលថា សមាជិក និងអ្នកគាំទ្ររបស់គណបក្សនេះ បានចូលរួមដង្ហែក្បួនឃោសនាបញ្ចប់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលម៉ិញ មានចំនួន៥០ម៉ឺននាក់ (ស្មើនឹងកន្លះលាននាក់)។
ការលើកឡើងខាងលើនេះ ក៏ត្រូវបានអ្នករាយការណ៍ព័ត៌មាន នៅផ្ទាល់កន្លែង របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បញ្ជាក់អះអាងកាលពីម្សិលម៉ិញដែរ ដូចមានផ្សាយ នៅក្នុងអត្ថបទ៖ «ឃោសនាបញ្ចប់៖ CPP អះអាងពីចំនួន១៥ម៉ឺន ខណៈ CNRP លើកឡើងពី៥០ម៉ឺន»។
វិទ្យុអាស៊ីសេរីធ្លាប់ផ្ដួលរំលំរដ្ឋាភិបាលភូមា?
តែសេចក្ដីរាយការណ៍ ពីតួលេខខាងលើ ត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុក ជាការផ្សព្វផ្សាយតួលេខ«លំអៀង» និងមានចេតនាចង់«ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា» ដោយចេញសារព្រមានមួយ ទៅកាន់លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ នៅថ្ងៃទី៣ ខែមិថុនានេះ។
ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុកមួយ ដែលគេស្គាល់ថា ជាសារព័ត៌មាននាំពាក្យឲ្យរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា មន្ត្រីក្រសួងមហាផ្ទៃខាងលើ បានថ្លែងឡើងថា៖ «អ្នកទាំងពីរនាក់នេះ (លោក ជុន ច័ន្ទបុត្រ និងលោក ថា កិត្យា) បានផ្សាយព័ត៌មានបំផ្លើស និងបំប៉ោងតួលេខ ដែលថា អ្នកចូលរួមហែរក្បួន CNRP មានជាងកន្លះលាននាក់។ តួលេខនេះ ជាតួលេខលំអៀង ក្នុងចេតនាបំបែកបំបាក់ជាតិខ្មែរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដែលគណបក្ស CNRP បានសន្យាឱ្យ ជុន ច័ន្ទបុត្រ។ ជុន ច័ន្ទបុត្រ ពិតជាមានចេតនា ចង់ផ្តួលរំលំរាជរដ្ធាភិបាលកម្ពុជា ដូចដែលបក្សពួកខ្លួនធ្លាប់បានធ្វើ នៅភូមា។»។
លោក ខៀវ សុភ័គ មិនបានបញ្ជាក់ថា តើផលប្រយោជន៍នោះ ជាអ្វី ហើយលោកមានភស្ដុតាងច្បាស់លាស់ ដើម្បីនិយាយរឿងនេះ ឬយ៉ាងណាទេ? តែលោក នៅបានបន្តព្រមានលោក ហួត វុទ្ធី ដោយភ្ជាប់សេចក្ដីរាយការណ៍ព័ត៌មានខាងលើនេះ ទៅនឹងរឿងរ៉ាវ «បន្លំខ្លួនចូលពន្ធនាគារ» ដ៏ប្រទាំងប្រទើស កាលពីខែមេសាកន្លងមកថា៖ «ឥឡូវថា សំណាងទៅចុះ ដែល ជុន ច័ន្ទបុត្រ មានសញ្ជាតិ២ ច្បាប់កម្ពុជាមិនអាចចងជាប់។ តែទោះយ៉ាងណាក៏ដោយ ជុងនៅតែចាំបុត្រ។»។
«ឆ្កែបម្រើ»
អាជ្ញាធរកម្ពុជាបានចោទលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ពីបទធ្វើ «សេចក្ដីប្រកាសក្លែងបន្លំ» ដើម្បីបានចូល ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៧កន្លងមក ជាមួយនឹងក្រុមតំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ។ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅលោកជុន ច័ន្ទបុត្រ ក្នុងនាមជា«ជនសង្ស័យ» ឲ្យចូលទៅបង្ហាញខ្លួន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។
ប៉ុន្តែអ្នកសារព័ត៌មានរូបនេះ បានចាកចេញពីប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី២៨ ខែមេសា និងមិនបានចូលទៅបង្ហាញខ្លួន តាមការកោះហៅ របស់តុលាកាទេ។ កាលពីពេលកន្លងមក លោកបានបដិសេធការចោទប្រកាន់ និងអះអាងថា លោកមិនបានក្លែងឈ្មោះពិត របស់លោក នៅក្នុងបញ្ជីកត់ឈ្មោះ អ្នកចូលពន្ធនាគារនោះឡើយ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ នៅយប់ថ្ងៃទី១ ខែឧសភា បានឲ្យដឹងថា ស្ថាប័នវិទ្យុអាស៊ីសេរី ពីរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានសម្រេច មិនឲ្យលោក ហួត វុទ្ធី វិលត្រឡប់ទៅប្រទេសកម្ពុជាវិញទេ។ ស្ថាប័នផ្សព្វផ្សាយចម្រុះភាសាមួយនេះ បានចាត់ទុក ចំណាត់ការរបស់អាជ្ញាធរកម្ពុជា ប្រឆាំងលោក ហួត វុទ្ធី គឺជារឿងនយោបាយ ក្នុងចេតនាបង្វែង ចំណាប់អារម្មណ៍ប្រជាពលរដ្ឋខ្មែរ ក្នុងរដូវកាលបោះឆ្នោត និងរឹតតែបង្ហាញឲ្យឃើញ នូវស្ថានភាពដ៏អាក្រក់ នៃសេរីភាពសារព័ត៌មាន នៅកម្ពុជា។
ពេលនោះ លោក ខៀវ សុភ័គ បានហៅលោក ជុន ច័ន្ទបុត្រ ថាជា «ឆ្កែបម្រើ» ឲ្យប្រធានវិទ្យុអាស៊ីសេរី តាំងពីដើមរៀងមក «ព្រោះវាស្ដាប់បញ្ជាគេ» ឱ្យចាកចេញពីប្រទេសកម្ពុជា៕