សម រង្ស៊ី អះអាងទទួលការសម្ងាត់ថា ហ៊ុន សែន គ្រោងសម្លាប់ ហ៊ីង ប៊ុនហៀង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០១ មេសា ២០១៨
- កែប្រែចុងក្រោយ: April 01, 2018
- ប្រធានបទ: គប់គ្រាប់បែក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅលើបណ្ដាញសង្គម ដោយមានអមមក ជាមួយនឹងរូបថត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន - អតីតអគ្គស្នងការនគរបាលជាតិ លោក ហុង ឡងឌី និងអគ្គមេបញ្ជាការរងកងខេមរភូមិន្ទ (និងជាមេបញ្ជាការ កងអង្គរក្ស) លោក ហ៊ីង ប៊ុនហៀង នោះផង លោក សម រង្ស៊ី ដៃគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានសរសេរឲ្យដឹងថា លោក ហ៊ុន សែន មានគម្រោងកម្ចាត់លោក ហ៊ីង ប៊ុនហៀង ដែលមិនខុសពីករណីលោក ហុង ឡងឌី នោះឡើយ។
មេដឹកនាំប្រឆាំង បានសរសេរថា៖ «តាមព័ត៌មានសម្ងាត់ ដែលទទួលបាន ពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហ៊ុន សែន មានគម្រោងកម្ចាត់ ហ៊ីង ប៊ុនហៀង បន្ទាប់ពីដឹងថា ការស៊ើបអង្កេត ពីការវាយប្រហារដោយគ្រាប់បែក ថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧ បានមកដល់ដំណាក់កាលចុងក្រោយហើយ នៅចំពោះមុខតុលាការប្រទេសក្រៅមួយ»។
លោក សម រង្ស៊ី បានបន្តថា៖ «ករណីនេះ មិនខុសពីករណី ហុក ឡងឌី ដែល ហ៊ុន សែន បានបញ្ជាឲ្យសម្លាប់ ជា វិជ្ជា នៅឆ្នាំ ២០០៤ ហើយដែលត្រូវបាន ហ៊ុន សែន កម្ចាត់នៅឆ្នាំ ២០០៨ បន្ទាប់ពីការស៊ើបអង្កេត ពីករណីឃាតកម្ម ជា វិជ្ជា ធ្វើឡើងដោយនគរបាលក្រៅប្រទេស បានបង្ហាញថា អ្នកបញ្ជាឲ្យសម្លាប់ ជា វិជ្ជា គឺ ហ៊ុន សែន ខ្លួនឯងតែម្តង។ ដូច្នេះហើយ បានជា ហ៊ុន សែន បានកម្ចាត់ ហុក ឡង់ឌី ដើម្បីបំបាត់សាក្សី និងភស្តុតាង។»។
ប្រធានចលនាសង្គ្រោះជាតិ បានបញ្ជាក់ទៀតថា៖ «ឥលូវនេះ ហ៊ីង ប៊ុនហៀង កំពុងតែភ័យខ្លួន ដោយដឹងថា ហ៊ុន សែន មានគម្រោងកម្ចាត់គាត់។ ចំពោះ ហ៊ុន សែន វិញ ក៏ឈប់ទុកចិត្ត ហ៊ីង ប៊ុនហៀង ដែរ ហើយក៏ភ័យខ្លួន ខ្លាច ហ៊ីង ប៊ុនហៀង ប្រតិកម្មមុនខ្លួនត្រូវគេកម្ចាត់»។
មិនមានភស្ដុតាងណាផ្សេង ដែលអាចបញ្ជាក់ពីការលើកឡើងខាងលើ របស់លោក សម រង្ស៊ី ថាជារឿងគួរឲ្យជឿជាក់បាន ក្រៅពីការអះអាង ហៅព័ត៌មាននេះ ថាជា«ការសម្ងាត់» ដែលចេញពី «ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា» នោះប៉ុណ្ណោះឡើយ។
លោក ហុង ឡង់ឌី ដែលបានកាន់កាប់តំណែង ជាមេនគរបាលជាតិ ជាច្រើនឆ្នាំ ត្រូវបានរាយការណ៍ថា បានទទួលមរណភាព នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ ប៉ុន្តែមានការលើកឡើងជាច្រើន បង្ហាញឲ្យដឹងខុសៗគ្នា ពីមរណភាពរបស់លោក ហុក ឡងឌី។ ប្រភពព័ត៌មានខ្លះថា លោក ហុង ឡងឌី មិនទាន់ស្លាប់ទេ និងកំពុងរស់នៅក្នុងប្រទេសវៀតណាម។ ខណៈប្រភពខ្លះទៀត បានអះអាងថា លោក ហុង ឡងឌី ត្រូវបានសម្លាប់ ដោយហេតុថា ក្រុងហាណូយ គ្រោងរៀបចំឲ្យលោក ឡើងធ្វើជានាយករដ្ឋមន្ត្រី ជំនួសលោក ហ៊ុន សែន។
ប៉ុន្តែរាល់ព័ត៌មានទាំងនេះ ត្រូវបានក្រុមគ្រួសារលោក ហុក ឡងឌី ជាពិសេសកូនប្រុសរបស់លោក (ដែលជាកូនប្រសាររបស់លោក ហ៊ុន សែន) ចេញមុខមកច្រានចោល និងបន្តអះអាងថា លោក ហុក ឡងឌី ពិតជាបានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនោះ យ៉ាងប្រាកដណាស់។
ចំពោះករណីគប់គ្រាប់បែក នៅខាងមុខរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧នោះវិញ ធ្លាប់ត្រូវបានលោក ហេង ពៅ អតីតស្នងការរាជធានី អះអាងថា ជាស្នាដៃរបស់ក្រុមអង្គរក្ស ដែលបញ្ជាដោយលោក ហ៊ុន សែន។ នៅក្នុងកិច្ចសម្ភាសមួយ ជាទស្សនាវដ្ដី «L'Expresse» របស់បារាំង លោក ហេង ពៅ បានស្រង់សំដីរបស់ជនដៃដល់ម្នាក់ មកបញ្ជាក់ថា «ខ្ញុំស្ដាប់តាមបញ្ជា របស់លោក ហ៊ុន សែន»។
សូមជម្រាបជូនដែរថា សំនុំរឿងគប់គ្រាប់បែកមួយនេះ ត្រូវបានតុលាការ នៅក្នុងប្រទេសបារាំង យកមកចាត់ការ និងចាត់ឲ្យចៅក្រមជំនាញមួយរូប ទទួលបន្ទុក ក្នុងការស៊ើបអង្កេត។ ការលូកដៃចូលក្នុងករណីដ៏រសើប ពីសំណាក់ប្រព័ន្ធយុត្តិធម៌បារាំង ដោយហេតុថា ហេតុការណ៍គប់គ្រាប់បែកដ៏រង្គាលនោះ បានប៉ះពាល់ និងបង្ករបួសស្នាម ទៅដល់បណ្ដាជន ដែលមានសញ្ជាតិបារាំង។
នៅមិនទាន់មានប្រតិកម្ម ចេញពីមន្ត្រីរដ្ឋាភិបាល ឬមន្ត្រីគណបក្សប្រជាជនកម្ពុជា តបនឹង«ការសម្ងាត់»ខាងលើ ដែលបញ្ចេញដោយលោក សម រង្ស៊ី នោះនៅឡើយ។ យ៉ាងណា នៅក្នុងប្រតិកម្ម នាពេលកន្លងមក ក្រុមអ្នកនាំពាក្យរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា តែងចាត់ទុកការអះអាងទាំងឡាយ របស់លោក សម រង្ស៊ី ថាមានលក្ខណៈបង្កហេតុ អុជអាលញុះញង់ និងចេញពីមាត់មនុស្សវិកលចរិត៕