ហ៊ុន សែន បញ្ជាឲ្យតាមចាប់ព្រះសង្ឃព្រះនាម ម៉ារី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ មីនា ២០១៨
- កែប្រែចុងក្រោយ: March 21, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ម្នាក់នេះ ទើបនឹងចូលបួស ហៅថាលោកសង្ឃ ម៉ារី (...) ទើបនឹងបួសទេ ប្រយ័ត្នបន្តិច! អានេះហួសហេតុពេកហើយ។ អានេះ មេភូតឪភូត។» នេះ ជាការថ្លែងឡើងរបស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែមីនានេះ ពិធីសំណេះសំណាល ជាមួយកម្មកររោងចក្រ ជាង១ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ជាឲ្យអាជ្ញាធរ តាមរកចាប់ព្រះសង្ឃមួយអង្គ ដែលលោកអះអាងថា គ្មានវត្តគង់នៅពិតប្រាកដទេ។
លោក ហ៊ុន សែន មិនបានបញ្ជាក់លំអិត ពីអត្តសញ្ញាណនៃព្រះសង្ឃ «ម៉ារី» និងពីមូលហេតុពិតប្រាកដ ដើម្បីឈានទៅចាប់ព្រះសង្ឃខាងលើទេ ដោយគ្រាន់តែបញ្ជាក់ថា ព្រះសង្ឃអង្គនេះ ចូលចិត្តនិយាយក្លែងបន្លំ នៅលើបណ្ដាញសង្គម ពីព័ត៌មានប្រទេសជាតិ និងសកម្មភាពរបស់លោក ហ៊ុន សែន ដើម្បីឲ្យមហាជនយល់ខុស មកលើរដ្ឋាភិបាលកម្ពុជា។
លោក ហ៊ុន សែន ថា៖ «ឥឡូវនេះ អត់មានវត្តពិតប្រាកដទេ ចល័តពីកន្លែងមួយ ទៅកន្លែងមួយ។ (...) ខ្ញុំបញ្ជាឲ្យតាមរកអាម្នាក់នេះ ថារកឃើញហើយ ឡូខេសិន (Location) របស់វា ឃើញទាំងមុខ មានទាំងរូបថតទៀតទៅហើយ មុនពេលយើងមានរូបថត មុនពេលបួស។ ផ្ដាំទៅអាម្នាក់ហ្នឹង កុំដើរចល័ត ហើយកុំនិយាយ តែពិសតែពាស។ កុំស្មានថា គេដឹកនាំប្រទេស គេគ្មានបណ្ដាញចារកម្ម របស់គេឲ្យសោះ។»។
បុរសខ្លាំងកម្ពុជា បានបន្តថា៖ «ចល័តពីកែប ចូលកំពត ចេញពីកំពត ចូលតាកែវ។ អាហ្នឹងលោកសង្ឃពិតប្រាកដ ឬមិនលោកសង្ឃ? ខ្លួនទើបនឹងចូលមកបួស... អានេះជួលកាលបួស ដាក់ស្បង់ពីលើ... តាមមើលអាមួយហ្នឹង! កែន សត្ថា អភិបាលខេត្តកែប តាមមើលអាមួយហ្នឹង ថ្ងៃនេះ។»៕