ហ៊ុន សែន ចូលរួមមរណទុក្ខសោះកក្រោះ ក្នុងឃាតកម្ម កែម ឡី
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១០ កក្កដា ២០១៦
- កែប្រែចុងក្រោយ: July 10, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបាញ់«ឆៅ»សម្លាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី បានកើតឡើង នៅម៉ោងប្រមាណជា៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ប៉ុន្តែគេត្រូវរង់ចាំដល់ម៉ោង ៣រសៀលថ្ងៃដដែល ដើម្បីទទួលបានប្រតិកម្មពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតាមបណ្ដាញសង្គម។ នេះ គេនៅមិនទាន់និយាយ ដល់កម្មវិធីច្រៀងកំសាន្ដផ្សេងទៀត ដែលទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តចាក់ផ្សាយ យ៉ាងគគ្រឹកគគ្រេងនោះផងទេ។
ជាពិសេស ប្រតិកម្មរបស់លោក ហ៊ុន សែន តាមរយៈសំណេរដ៏ខ្លីនោះ ត្រូវបានមនុស្សជាច្រើនមើលឃើញ ថាមានភាពយឺតយ៉ាវ បើប្រៀបធៀបទៅនឹងករណីចាប់ចង លើសមាជិកគណបក្សប្រឆាំង ឬក្រុមអ្នករិះគន់ក្នុងពេលកន្លងមក។ រីឯសារចូលរួមមរណទុក្ខនោះទៀតសោត ក៏ត្រូវបានគេមើលឃើញដែរ ថាមានសភាពសោះកក្រោះ មិនប្រកបដោយសុទ្ធចិត្ត និងគ្មានចំណាត់ការអ្វីច្បាស់លាស់។
ខាងក្រោមនេះ ជាសាររបស់លោក ហ៊ុន សែន ដែលបានសរសេរនៅលើទំព័រហ្វេសប៊ុក (មានទាំងកំហុសអក្ខរាវិរុទ្ធ) នៅវេលាម៉ោងប្រមាណជាង៣រសៀល ម៉ោងក្នុងស្រុក៖
«ខ្ញុំសូមចូលរួមមរណៈទុក្ខ ចំពោះមរណៈភាពរបស់ លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើង បាញ់ប្រហារយ៉ាងឃោឃៅ ដែលខ្ញុំសូមថ្កោលទោស អំពើរដ៏ព្រៃផ្សៃនេះ។
សូមឱ្យស្ថាបន័មានសមត្ថកិច្ច ចាត់វិធានការយ៉ាងហ្មឺងហ្មាត់ចំពោះករណីយនេះ និងខិតខំត្រួតពិនិត្យអាវុធជាតិផ្ទុះ និង(សរសេរពីរដង ក្នុងឃ្លាតែមួយ)ចាត់វិធានការពង្រឹងសន្តិសុខ ដើម្បីការពារសុវត្ថិភាពប្រជាជន នៅទូទាំងប្រទេស៕»
លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់កម្ពុជា បានលើកឡើងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា សារចូលរួមមរណទុក្ខបែបនេះ នរណាម្នាក់ក៏អាចសរសេរបានដែរ ឲ្យតែមនុស្សនោះរៀនចប់ ថ្នាក់បឋមសិក្សា។ លោកបានថ្លែងបន្តថា សារចូលរួមរំលែកទុក្ខរបស់លោក ហ៊ុន សែន អាចធ្វើឡើងនៅពេលបន្ទាប់ ឬយឺតពេលបន្តិច ក៏បានដែរ។ តែរឿងដែលសំខាន់ គឺភាពយឺតយ៉ាវនៃប្រតិកម្មរបស់លោក ហ៊ុន សែន ក្នុងឋានៈលោក ជានាយករដ្ឋមន្ត្រី និងក្នុងឋានៈជាមេដឹកនាំនៃនីតិប្រតិបត្តិម្នាក់ នៅចំពោះការបាញ់បោះ កណ្ដាលបេះដូងប្រទេស។ លោក ព្រហ្ម គិត បានថ្លែងថា ភាពយឺតយ៉ាវនេះ ទំនងជាលោក ហ៊ុន សែន ចង់រង់ចាំមើល ថាតើប្រតិកម្មពីបណ្ដាជន មានដល់កម្រិតណា។
មន្ត្រីចូលនិវត្តន៍រូបនេះ បានពន្យល់ទៅលើឃ្លាឃ្លោងទីពីរ នៃសំណេររបស់លោក ហ៊ុន សែន ថា៖ «អ្វីដែលពលរដ្ឋចង់បាន គឺធ្វើក្រោល ដើម្បីការពារគោ មិនមែនគោបាត់ហើយ ទើបលោក ហ៊ុន សែន ចេញមុខមកធ្វើក្រោលដូច្នេះទេ។ ចំណាត់ការពិនិត្យអាវុធជាតិផ្ទុះ ចាំបាច់ត្រូវតែជាវិធានការចំពោះមុខ របស់រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា ព្រោះអាការបាញ់បោះ អំពើប្លន់ប្រដាប់អាវុធ។ល។ នៅតែបន្តមានសឹងតែរាល់ថ្ងៃ។ ប៉ុន្តែ សំណេររបស់នាយករដ្ឋមន្ត្រីម្នាក់ ដែលខ្ជីខ្ជារពោរពេញដោយកំហុសអក្ខរាវិរុទ្ធ ហើយនិយាយពីរឿងដែលគ្មានន័យបែបនេះ គ្រាន់តែជាសំណេរ ដើម្បីយកតែនាមប៉ុណ្ណោះ»៕