អាជ្ញាធររងការរិះគន់ ថាលូកដៃក្នុងរឿងព្រះសង្ឃពីរអង្គ នៅវត្តនាគវ័ន (vdo)
- ដោយ: ក. សោភណ្ឌ ដោយ ក. សោភ័ណ្ឌ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 16, 2014
- ប្រធានបទ: ជម្លោះសង្ឃ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងកិច្ចប្រជុំជាមួយមន្រ្តីសង្ឃផ្សេងទៀត ថ្នាក់ដឹកនាំសង្ឃនៃវត្តនាគវ័ន បានសម្រេចដកមេកុដិលេខ៦ ចេញពីដំណែង រួចបណ្តេញព្រះសង្ឃអង្គនោះចេញពីវត្ត និងថែមទាំងប្រគល់រឿងនេះ ឲ្យទៅអាជ្ញាធរជាអ្នកដោះស្រាយទៀត។ នេះជាការលើកឡើង របស់ព្រះសង្ឃ កែវ សុម៉ាលី នៅក្នុងសំនុំរឿងមួយដ៏ចម្រូងចម្រាស នៃជម្លោះរវាងព្រះសង្ឃអង្គឯង និងព្រះសង្ឃមួយអង្គទៀត ព្រះនាម ឡុង ឆេងហ៊ី ស្នាក់នៅក្នុងវត្តតែមួយដូចគ្នា។
ហេតុការណ៍ជម្លោះរវាងព្រះសង្ឃទាំងពីរអង្គ បានកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកានេះ មុននឹងកិច្ចប្រជុំរវាងមន្ត្រីសង្ឃនៅក្នុងវត្ត បានធ្វើឡើងនៅរសៀលថ្ងៃដដែលនេះ។ សាក្សីនៅនឹងកន្លែងបានឲ្យដឹងថា ព្រះសង្ឃ ឡុង ឆេងហី បានយកទូរសព័្ទទៅថតរូបព្រះសង្ឃ កែវ សុម៉ាលី ដែលបានចូលរួមក្នុងព្រឹត្តិការណ៍សង្គមផ្សេងៗ។ ប៉ុន្តែព្រះសង្ឃ កែវ សុម៉ាលី បានកៀសទូរសព្ទ័នោះចេញ បណ្តាលឲ្យមានការប្រទូសប្រវ៉ាយគ្នាឡើង និងមានរបួសសើរស្បែកទាំងសងខាង។
ព្រះសង្ឃ ឡុង ឆេងហ៊ី បានចោទប្រកាន់ព្រះសង្ឃ កែវ សុម៉ាលី ថាជាអ្នកវ៉ៃព្រះអង្គឲ្យបែកព្រះកេស។ រីឯកិច្ចប្រជុំមន្ត្រីសង្ឃក្នុងវត្ត ដែលមានការចូលរួមពីតំណាងអាជ្ញាធរផង បានសម្រេចថា ត្រូវបណ្ដេញព្រះសង្ឃទាំងពីរអង្គចេញពីវត្ត ហើយសម្រាប់ព្រះសង្ឃ កែវ សុម៉ាលី ព្រះអង្គមានពេល៤៨ម៉ោង ដើម្បីចាកចេញ ឬបើមិនដូច្នេះទេ នឹងមានវិធានការផ្សេងទៀត ដូចជាឲ្យអាជ្ញាធរអនុវត្តច្បាប់អាណាចក្រវិញ ជាដើម។
នៅចំពោះអ្នកសារព័ត៌មានជាច្រើននាក់ ព្រះសង្ឃ កែវ សុម៉ាលី បានបដិសេធការចោទប្រកាន់របស់ ព្រះសង្ឃ ឡុង ឆេងលី ដោយមានថេរដីការអះអាងថា ស្នាមរបួសនោះ មិនដឹងកើតតាំងពីពេលណាមកទេ។ ព្រះអង្គក៏បានបរិហាការសម្រេចនោះថា ជាការសម្រេចដោយអយុត្តិធម៌ ព្រោះព្រះគ្រូចៅអធិការវត្តនាគវ័នលំអៀង និងមានហេតុផលនយោបាយ នៅលាយឡំជាមួយ។
ប៉ុន្តែព្រះសង្ឃ ស៊ីម ស៊ន ដែលជាគ្រូសូត្រឆ្វេងនៅវត្តនេះ បានមានសង្ឃដីការថា ហើយករណីនេះ មិនជាប់ពាក់ព័ន្ធនឹងនយោបាយទេ ព្រោះជាការបណ្ដេញទាំងពីរអង្គ ដោយសង្ឃទាំងពីរប្រព្រឹត្តិកំហុសដូចគ្នា។
និស្សិតប្រើដំបងឆក់
បើតាមសាក្សីដដែលបានបញ្ជាក់ថា មានការប្រើប្រាស់ដំបងឆក់ ដែលគ្មាននរណានឹកស្មានដល់ ដោយក្រុមនិស្សិតដែលស្នាក់ក្នុងវត្តនាគវ័ននោះ វាយមកលើព្រះសង្ឃ កែវ សុម៉ាលី។ ប៉ុន្តែទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនទទួលការអះអាងណាផ្សេងទៀត មកបញ្ជាក់បាននៅឡើយ។ តែចង់ដឹងថា តើដំបងឆក់នេះ មានប្រភពពីណាមក? ទស្សនាវដ្ដីបានទទួលការអះអាងថា ប្រធានសមាគមនិស្សិតនៅវត្តនាគវ័ននេះ ជាមន្ត្រីអាជ្ញាធរមួយរូប ពីខ័ណ្ឌទួលគោក។
ព្រះសង្ឃមួយអង្គស្និតនឹងព្រះសង្ឃ កែវ សូម៉ាលី បានឈ្វេងយល់ថា ហេតុការណ៍នេះ ជាការរៀបចំទុក ដើម្បីបណ្ដេញព្រះសង្ឃ កែវ សុម៉ាលី ចេញពីវត្ត ក្រោមការរើសអ៊ើង ពីសំណាក់ព្រះគ្រូចៅអធិការ និងក្រោមការផ្លុំ ពីប្រធានសមាគមនិស្សិតវត្តនាគវ័ន។
ទស្សនាវដ្ដីមិនអាចស្វែងរកការបកស្រាយ ពីព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃ ឡុង ឆេងហ៊ី និងពីលោកប្រធានសមាគមនិស្សិតវត្តនាគវ័ន បានទេ។ តែព្រះសង្ឃ ឡុង ឆេងហ៊ី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គថា រឿងនេះជារឿងបុគ្គល នៅក្នុងកុដិលេខ៦ និងមិនមែនជារឿងនយោបាយទេ។ ព្រះអង្គបានចោទព្រះសង្ឃ កែវ សុម៉ាលី ថាកំពុងកើតជំងឺឆ្គួត ដូចជាឆាប់ច្រឡោត មោហ:ល្ងង់ និយាយមានឬកពាច្រងេងច្រងាងជាដើម។
រីឯលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ វិញ បានថ្លែងឲ្យដឹងថា វិវាតរវាងសង្ឃ គួរទុកឲ្យខាងវិន័យសង្ឃជាអ្នកដោះស្រាយ ហើយខាងអាជ្ញាធរមិនគូរលូកដៃចូលទេ ហើយក៏រឹតតែមិនត្រូវប្រើប្រាស់ នូវការចាប់ចងដាក់ពន្ធនាគារ ជាដំណោះស្រាយ ព្រោះតែរឿងនេះដែរ។ ជាពិសេសកិច្ចប្រជុំរកដំណោះស្រាយ រវាងមន្ត្រីសង្ឃក្នុងវត្តនាគវ័ន ដែលមានតំណាងពីខាងអាជ្ញាធរចូលរួមនេះ ត្រូវបានលោក សំអាត រំពឹងថា វាហាក់ដូចជាព្រះគ្រូចៅអធិការ កំពុងរងសម្ពាននយោបាយ ដើម្បីដាក់ទោសទណ្ឌ និងដាក់កំហិតទៅលើព្រះសង្ឃ កែវ សុម៉ាលី ដែលល្បីថា ជាសង្ឃលេចធ្លោមួយអង្គ នៅក្នុងការទាមទារ និងសកម្មភាពសង្គមផ្សេងៗ៕
សូមទស្សនាវីដេអូ ដែលបង្ហាញពីប្រតិកម្ម បន្ទាប់ពីកិច្ចប្រជុំនោះដូចតទៅ៖