ប្រតិកម្ម​ប្រឆាំង​អាជ្ញាធរ ដែល​ធ្វើ​ទារុណកម្ម និង​ចាប់​ព្រះសង្ឃ​នៅ​សៀមរាប​ដាក់​គុក

ព្រះសង្ឃពីរអង្គគង់នៅវត្ត ​ពោធិ៍លង្កា​ ដែលត្រូវបានអជ្ញាធរក្រុងសៀមរាប ធ្វើទារុណកម្ម ឃាត់ព្រះកាយ និងចោទប្រកាន់ តាំងពីយប់ថ្ងៃទី ១៨ ខែកញ្ញានោះ មិនទាន់មានដំណោះស្រាយច្បាស់លាសនៅឡើយ។ នេះបើតាមអង្គការធម្មទានសង្គម ដែលបានថ្លែង នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ ប្រតិកម្មទៅនឹងការចាប់​ព្រះកាយ​ព្រះសង្ឃ​ទាំង​ពីរអង្គ ដោយបានចោទប្រកាន់ ពីបទជួញដូរគ្រឿងញៀន សេពសុរា និងមានស្រី។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ៣០ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: October 01, 2014
  • ប្រធានបទ: ប្រព័ន្ធយុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ចាប់ខ្លួននេះ ត្រូវបានសារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​សន្ធឹកសន្ទាប់ យក​មក​ចុះ​ផ្សាយ ដោយ​ភាគច្រើន​គ្រាន់​តែ​«បន្ទរ​តាម» ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ ឬ​តាម​ការ​បកស្រាយ​របស់​ក្រុម​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​សម្រាប់​ការ​បក​ស្រាយ របស់​ព្រះសង្ឃ ហួ សុផាត ដែល​គង់​នៅ​វត្ត​ជា​មួយ​ព្រះសង្ឃ ពេជ្រ ដេវីត (ព្រះ​សង្ឃ​ដែល​ត្រូវ​បាន​ចាប់​ឃាត់​ព្រះកាយ) បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន ថ្ងៃ​ទី​៣០ ខែកញ្ញា​នោះ ថា​ហេតុការណ៍​ពិត​ប្រាកដ នៅ​យប់​ថ្ងៃ​ទី ១៨ ខែ​កញ្ញា មិន​ពិត​ជាដូច​ការ​ចោទ​ប្រកាន់​ឡើយ។

ព្រះសង្ឃ ហួ សុផាត មានសង្ឃដីការថា ដោយសារសាច់ញោមធម៌របស់ព្រះសង្ឃ ពេជ្រ ដេវីត ស្លាប់នៅ​កៀនស្វាយ ទើបព្រះសង្ឃ ពេជ្រ ដេវីត បានប្រើកូនសិស្សពីនាក់ឈ្មោះ ហួត ចាន់ត្រា និងឈ្មោះ សំអាត ឲ្យ​ទៅ​ទិញសំបុត្ររថយន្ដ ដើម្បីនិមន្តមករាជធានីភ្នំពេញ។ ប៉ុន្តែរហូតដល់ម៉ោង ១១:០០យប់ ទើប​ឃើញ​កូន​សិស្ស​ត្រឡប់មកវិញ។ បន្ទាប់មកព្រះសង្ឃខាងលើ បានទៅគោះទ្វាបន្ទប់កូនសិស្សនោះ ដើម្បី​យក​សំបុត្រ ហើយ​បានឃើញពួកគេទាំងពីរ កំពុងញុំាប្រហិតជាមួយមនុស្សស្រីពីរនាក់ទៀត។ សកម្មភាព​របស់​កូន​សិស្ស ត្រូវ​បានព្រះសង្ឃ ពេជ្រ ដេវីត ស្តីបន្ទោស មុននឹងព្រះអង្គនិមន្តចេញមកក្រៅវិញ។ ប៉ុន្តែ​គឺ​នៅ​ពេល​នោះ​ហើយ ដែលហេតុការណ៍ដ៏អាក្រក់បានផ្ទុះឡើង។

ព្រះសង្ឃ ហួ សុផាត បានបន្តទៀតថា ពេលចេញមកខាងក្រៅ ព្រះអង្គ ពេជ្រ ដេវីត បានជួបនឹងក្រុម​កង​កម្លាំងនគរបាល ចំនួន៦នាក់ ដែលសុទ្ធតែមានមាឌធំៗ ហើយបានបើកការវាយប្រហារទៅលើ ព្រះសង្ឃ​អង្គនេះ ដោយមានទាំងការជាន់ក និងឆក់រហូតដល់សន្លប់។ ក្រោយមក គេឃើញមានកងកម្លាំងនគរបាល ពីខាងស្នងការក្រុង ចំនួន ២០នាក់ បានមកដល់ទៀត។ នៅចំពោះហេតុការណ៍នេះ មិនមានមន្ត្រី​ព្រះសង្ឃ​អង្គណាមកធ្វើអន្តរាគមន៍ទេ តែគេបែរជាឃើញក្រុមអាជ្ញាធរទាំងនោះ ចាប់ព្រះសង្ឃដាក់ខ្នោះ ទាំងនៅ​ស្បង់ចីពរទៀតផង។

«តាម​ដាន​យ៉ាង​ល្អិត​ល្អន់» ​ហើយ​ធ្វើការ​ក្របួច​បាន«ជនកំ​ហូច»

សារព័ត៌មានក្នុងស្រុកជាច្រើន បានលើកយក ការចោទប្រកាន់របស់ក្រុមអាជ្ញាធរ មកផ្សាយថា ព្រះសង្ឃ​ទាំង​២​អង្គ​នេះ ​ត្រូវបាន​ប្រ​ជាពល​រដ្ឋ​ និង ពុទ្ធ​បរិស័ទ​ចំ​ណុះ​ជើងវត្តបា​នរាយកា​រណ៍​ ជាយូរ​យាណាស់​មក​ហើយ។ ទើប​តែ​ពេល​នេះ ​សមត្ថកិច្ច​បាន​«តាម​ដាន​យ៉ាង​ល្អិត​ល្អន់» ​ហើយ​ធ្វើការ​ក្របួច​បាន«ជនកំ​ហូច»​មាន​​ប្រុស​មាន​ស្រី​ទាំង​៦នាក់ (សង្ឃពីរអង្គ យុវជន២នាក់ និងយុវតី២នាក់) ​នោះបាន​​ដោយ​ជោគ​ជ័យ ខណៈ​ពេល​​ពួក​គេ​កំពុង​តែនាំ​គ្នាផឹកស្រា​បៀរ ​ក្លែម ​ស្រីសេ្នហ៍​យ៉ាង​សប្បាយ​រីករាយ​នៅក្នុង​កុដិ នាយប់ថ្ងៃទី១៨ ខែកញ្ញា​កន្លង​ទៅនេះ។

វីដេអូមួយឈុត ស្ដីពីការចាប់ខ្លួននោះ ក៏ត្រូវបានបង្ហោះផ្សាយ នៅក្នុងបណ្ដាញសង្គមដែរ ដែលទំនង​ជា​មាន​បំណង ចង់បន្ថែមទំងន់ទោស ឲ្យជនសង្ស័យទាំង៦រូបនេះ កាន់តែធ្ងន់ថែមទៀត។

ប៉ុន្តែព្រះសង្ឃ និងពុទ្ធបរិស័ទភាគច្រើន បានលើកឡើងថា ដោយសារតែព្រះសង្ឃ ពេជ្រ ដេវីត មានកេរិ៍​ឈ្មោះ​ល្បី មានអ្នកគោរពស្រលាញ់ច្រើន និងធ្លាប់ចេញទៅក្រៅប្រទេស ដើម្បីរៃអង្គាសថវិការមកជួយ​សង្គម និង​ជួយ​ក្មេងកំព្រា ទើបមានការច្រណែនពីព្រះសង្ឃដទៃ ហើយបានរៀបគំរោងធ្វើបាបព្រះសង្ឃ ពេជ្រ ដេវីត។ ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដែលប្រជុំគ្នាប្រមាណជា២០០នាក់ កាលពីថ្ងៃ ២៤ ខែកញ្ញា នៅ​ក្នុង​វត្តពោធិលង្កា ដើម្បី​ទាមទារឲ្យគេដោះលែងជនសង្ស័យមកវិញនោះ បានបរិហាការចោទប្រកាន់របស់ក្រុម​អាជ្ញាធរ ខាងលើ​នោះ ថាគ្រាន់តែជា​ការ​ប្រឌិត​ឡើង​​ប៉ុណ្ណោះ ។

សម្រាប់អង្គការធម្មទានសង្គមវិញ នៅក្នុងសន្និសីទការសែត ថ្ងៃទី៣០ ខែកញ្ញា បានទាមទារឲ្យមានការ​ដោះ​ស្រាយ​បញ្ហានេះ ឲ្យសមស្របទៅនឹងច្បាប់សាសនា និងច្បាប់រដ្ឋ ដើម្បីជៀសវាងការរំលោភសិទ្ធិ និង​ការ​ជិះជាន់ចំពោះព្រះសង្ឃ។ អង្គការនេះ បានបរិហាការធ្វើទារុណកម្ម និងការចាប់ព្រះកាយ ទៅលើ​ព្រះសង្ឃ​ខាងលើ ថាជាអំពើ«អយុត្តិធម៌»ជាទីបំផុត និងបានអំពាវនាវសូមឲ្យអាជ្ញាធរបញ្ឈប់ ការប្រើ​អំពើ​ហឹង្សា លើ​ស្ថាប័នព្រះពុទ្ធសាសនាបន្តទៀត និងត្រូវគោរពតួនាទីរបស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...