សំនុំរឿងម៉ម សូណង់ដូ៖ សាក្សីជាដើមបណ្ដឹងថា មិនស្គាល់បុរសចំណាស់៧១ឆ្នាំនេះទេ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅក្នុងសវនាការ លើនីតិវិធី «សួរតទល់» របស់សភាព្រហ្មទណ្ឌនៃសាលាឧទ្ឌណ៍ ក្នុងថ្ងៃទីពីរនេះ បានបំពេញអស់រយៈពេលពេញមួយព្រឹក នាថ្ងៃទី៦ ខែមីនានេះ។ ការសួរដេញដោលលើដើមបណ្តឹងបីនាក់ និងការអានកំណត់ហេតុ របស់ជនជាប់ចោទប្រាំនាក់ ដែលត្រូវបានគេបង្វិលឲ្យធ្វើជាសាក្សី សម្រាប់ដាក់បន្ទុកលើលោក ម៉ម សូណង់ដូ។
រូបលើកបង្ហាញ សុំអោយដោះលែង លោកម៉ម សូណង់ដូ នៅក្រៅសាលាឧទ្ទរណ៍។
ទិដ្ឋភាពក្នុងសវនាការថ្ងៃនេះ មានការសួរឆ្លើយដោយ សហចៅក្រម អគ្គព្រះរាជអាជ្ញា មេធាវីលោកម៉ម សូណង់ដូ និងមេធាវី របស់ជនជាប់ចោទពីរនាក់ផ្សេងទៀត ព្រមទាំងម្ចាស់បណ្តឹងរដ្ឋប្បវេណី បួននាក់ ដែលក្លាយជាជាសាក្សី ។
តាមការសង្កេតរបស់ក្រុមអ្នកឃ្លាំមើល ក្នុងសវនាការនៃសាលាឧទ្ធណ៍ជា«សាធារណៈ»នេះ បានបង្ហាញថា រាល់ចម្លើយប្រជាពលរដ្ឋ ភូមិប្រម៉ា និងកំណត់ហេតុ របស់ជនជាប់ចោទទាំងប្រាំនាក់ ដែលបានអានក្នុងបន្ទប់សវនាការ នាព្រឹកថ្ងៃដដែល មិនមានអ្វីជា«បន្ទុកខ្លាំង»ដាក់ទៅលើលោក ម៉ម សូណង់ដូ ក្នុងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាលនោះទេ។
លោក ជា ជីន ជាមេភូមិប្រម៉ា តាំងពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្ន ក្រោយពីបញ្ចប់ការសួរតទល់ ដោយសភាព្រហ្មទណ្ឌ បានប្រាប់មនោរម្យព័ងអាំងហ្វូនៅក្រៅបន្ទប់សវនាការថា លោកមានគ្នាបួននាក់ដូចជា លោក ឆេង កាត់ ក្រុមប្រឹក្សាឃុំ លោក គល់ ពន្លឺ ជាសមត្ថកិច្ច និងលោក ឃុន ណារ៉េត ជាអនុភូមិប្រម៉ា។ លោកបន្តថា ពួកលោកជាដើមបណ្តឹងរដ្ឋវេណី ដែលប្តឹងពីលោក ប៊ុនរដ្ឋា «មិនមែនប្តឹង»លោក ម៉ម សូណង់ដូ ទេ។ «ខ្ញុំអត់មានស្គាល់គាត់ទេ គាត់ក៏មិនដែលទៅ(ភូមិ)ប្រម៉ាដែរ ទើបតែស្គាល់ម៉ិញ»។
ដូចគ្នានេះដែរ អនុភូមិប្រម៉ាដែលទើបកាន់ដំណែងបានបីឆ្នាំ លោក ឃុន ណារ៉េត បានបញ្ជាក់ថា ពួកលោកទាំងបួននាក់ ជាដើមបណ្តឹងរដ្ឋប្បវេណី ហើយបានក្លាយជាសាក្សី ក្នុងសវនាការនាំថ្ងៃនេះ។ អនុភូមិរូបនេះបន្តថា «ខ្ញុំមិនដែលស្គាល់លោក ម៉ម សូណង់ដូទេ ហើយនៅក្នុងពាក្យបណ្តឹង ក៏គ្មានជាប់ពាក់ពន្ធ័នឹងលោក(ម៉ម សូណង់ដូទេ)ដែរ ព្រោះក្នុងពាក្យបណ្តឹងនោះបានប្តឹងតែ ប៊ុន រដ្ឋា ក្នុងករណីដែលពួកគេបានដាក់កុងត្រូលក្នុងភូមិ បីទៅបួនកន្លែង ហើយបង្ខំឲ្យប្រជាពលរដ្ឋឆ្លងកាត់ត្រូវចុះបណ្តើរ បើមិនបណ្តើរ ពួកគេបានវាយប្រជាពលរដ្ឋទាំងនោះ។ ចំណែកឯអ្នកដទៃវិញ បើចង់ឆ្លងកាត់ត្រូវចុះឈ្មោះ និងផ្តិតមេដៃរទើបអាចឆ្លងកាត់បាន។»
អ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុង ហៃ ដែលបានតាមតានសវនាការនាព្រឹកនេះ បង្ហាញថាមានសាក្សី ជាប្រជាពលរដ្ឋបានឆ្លើយថា «មានរយៈតែដប់ដប់នាទីប៉ុណ្ណោះ ដែលប្រជាពលរដ្ឋ បានជួបលោកម៉មសូណង់ នៅក្នុងភូមិប្រម៉ា។ តើរយៈពេលនេះអាចបង្កើតតំបន់អបគមន៍ ប្រឆាំងនឹងរដ្ឋាភិបាល បានដែរឬទេ?។»
លោក ម៉ម សូណង់ដូ អាយុ ៧១ ឆ្នាំ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារម្ភៃឆ្នាំ និងពិន័យជាប្រាក់ដប់លានរៀលកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។ បន្ទាប់ពីបានចាប់ឃុំខ្លួនលោក(ម៉ម សូណង់ដូ) កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ ក្រោយពីរដ្ឋាភិបាល ប្រើកម្លាំងបង្ក្រាបលើក្រុមអ្នកភូមិ ដែលអាជ្ញាធរបានអះអាងថា «ចាប់ដីដោយខុសច្បាប់» នៅក្នុងភូមិប្រម៉ា។ ក្នុងការបង្គាបនោះអាជ្ញាធរបានបាញ់ បណ្តាលឲ្យ កុមារីម្នាក់អាយុ១៤ឆ្នាំស្លាប់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១២។
សំណុំរឿងនេះ មានជនជាប់ចោទដប់បួននាក់ ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសប៉ុន្តែមានជនជាប់ចោទបួននាក់ប៉ុណ្ណោះ ដែលបានជាប់ពន្ធនាគារ រាប់ទាំងលោក ម៉ម សូណង់ដូផង។
សូមរម្លឹកថា តាំងពីព្រឹកថ្ងៃទី៥ ខែមីនា សភានៃសាលាឧទ្ធរណ៍ បានលើកយកសំណុំរឿងក្តី ក្នុងការបង្កើតតំបន់អបគមន៍ ដោយបានចោទប្រកាន់លោក ម៉ម សូណង់ដូ ជាមេក្លោងប្រឆាំងនឹងរដ្ឋាភិបាល។ សាលដីកា ដែលចេញពីសវនាការចំនួនពីរថ្ងៃនេះ នឹងត្រូវប្រកាស នៅថ្ងៃបន្ទាប់ ដែលជាថ្ងៃចុងក្រោយ៕
--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៦ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ