ហូរ វ៉ាន់ បដិសេធមិនចូលខ្លួន តាមការកោះរបស់តុលាការកំពូល!
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) -យកការណ៍៖ ស្រ៊ុន ទិត្យ- ភ្នំពេញ ថ្ងៃទី១០ មករា ២០១៥
- កែប្រែចុងក្រោយ: January 10, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅសល់តែប្រាំបួនថ្ងៃប៉ុណ្ណោះ ដែលតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិចំនួនប្រាំពីររូប ត្រូវបង្ហាញខ្លួនចំពោះមុខអង្គជំនុំជំរះនៃតុលាការកំពូល ក្រោមបទចោទបង្កឲ្យមាន«ហិង្សា» ក្បែរស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ។ ប៉ុន្តែនៅពេលនេះ ជនជាប់ចោទមួយរូបដែលមានតំណែង ជាតំណាងរាស្ត្រនៅក្នុងរដ្ឋសភាបានអះអាងថា នឹងមិនទៅចូលខ្លួនតាមការកោះហៅ របស់តុលាការកំពូលនោះឡើយ។
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានការពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ លោក ហូរ វ៉ាន់ អនុប្រធានគណៈកម្មាធិការវិន័យនៃគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា បានធ្វើការបដិសេធចំពោះការចូលខ្លួន ទៅមុខអង្គជំនុំជម្រះ ប៉ុន្តែលោកនិយាយថា លោកនឹងផ្ទេរសិទ្ធិនេះទៅលោក កែត ឃី ជាមេធាវីចូលជំនួស។ លោកបានថ្លែងឲ្យដឹងថា៖ «ត្រូវដកអភ័យឯកសិទ្ធិសិន មុនហៅឬត្រូវបញ្ជូនទៅគុកព្រៃសរ។ (...) ខ្ញុំអត់ចូលទេ អ្នកផ្សេងទៀតចូល ឬមិនចូល ខ្ញុំមិនទាន់សួរចិត្តគេទេ តែសម្រាប់ខ្ញុំមិនចូលទេ។ ខ្ញុំប្រគល់ជូនមេធាវី។»
តុលាការកំពូលកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តាមរយៈអគ្គព្រះរាជអាជ្ញារង លោក ឈួន ចាន់ថា បានចេញដីកាកោះហៅជនជាប់ចោទ៧រូប ពីបទ «ដឹកនាំកុប្បកម្ម ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនា មានស្ថានទំងន់ទោស»។ ប៉ុន្តែបើទោះជាអ្នកទាំងប្រាំពីរនាក់នោះ ជាតំណាងរាស្រ្តក្នុងតំណែង មកពីគណបក្សសង្គ្រោះជាតិ ដែលកំពុងមានអភ័យឯកសិទ្ធិសភាក៏ដោយ ក៏នៅលើ«ក្បាល»ខាងលើនៃ«ដីកា»កោះ បានសរសេបញ្ជាក់យ៉ាងច្បាស់ថា «ដីកាកោះហៅជនជាប់ចោទឲ្យចូលសវនាការ»។
បើយោងតាមការបកស្រាយរបស់លោក កែត ឃី មេធាវីតំណាងឲ្យលោក ហូ វ៉ាន់ និងលោក កែវ ភារម្យ បានបញ្ជាក់ថា នេះជារឿងជំនុំជំរះមុនអង្គសេចក្តី ដោយយោងតាមបណ្តឹងសារទុក្ខរបស់តំណាងរាស្រ្ត លើករណី«ទ្រព្យសម្បត្តិ»ដែលក្រុមសន្តិសុខ និងអាជ្ញាធរដកហូតកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅពេលដែលចាប់ក្រុមតំណាងរាស្រ្តទាំងនោះ។ លោកមេធាវីបានបន្តថា ករណីនៃដីកាកោះហៅនេះ មិនមែនជារឿងអង្គសេចក្តីទេ ដូច្នេះអ្នកទាំងនោះអាចចូល ឬមិនចូលខ្លួនក៏បាន។ ហើយច្បាប់ក៏ឲ្យមេធាវីជាតំណាងដែរ ព្រោះវាជារឿងដែលត្រូវទាមទារយកសម្ភារៈ ដែលដកហូតនោះ មកប្រើប្រាស់ឡើងវិញតែប៉ណ្ណោះ។
ចំពោះបញ្ហានៃអភ័យឯកសិទ្ធិសភាវិញ ថាតើត្រូវព្យួរឬមិនត្រូវព្យូរនោះ លោកមេធាវីរូបនេះបានបកស្រាយថា៖ «មិនមែនជារឿងចោទ ក្នុងអង្គសេចក្តីទេ ជារឿងមុនអង្គសេចក្តី។ រឿងមុនអង្គសេចក្តីនេះ និយាយតែពីរឿងសម្ភារៈដូចជាទូរស័ព្ទជាដើម។ មិននិយាយពីរឿងថា មានទោស ឬគ្មានទោសនោះទេ។»
«ខុសបច្ចេកទេស...»
យ៉ាងណាក៏ដោយ លោកមេធាវីរូបនេះបានបង្ហើបបន្ថែមថា តុលាការកំពូលបានបញ្ជាក់«កម្មវត្ថុ»ក្នុងដីកា ខុសទៅនឹងសាច់រឿងដែលត្រូវឆ្លើយ និងខុសពីបណ្តឹងសារទុក្ខដែលទាមទារ។ មួយវិញទៀត ដីកានោះក៏មិនត្រូវប្រើប្រាស់ជាដីកា ដែលធ្វើការចោទប្រកាន់ដើមបណ្តឹងសារទុក្ខថាជា«ជនជាប់ចោទ»ដែរ ព្រោះវាផ្ទុយទាំងស្រុងទៅនឹងបណ្តឹងសារទុក្ខ ដែលតុលាការកំពូលមួយនេះ កំពុងត្រៀមលើកមកធ្វើការជំរះ។ លោកចាត់ទុកថា បញ្ហានេះជាការ«ខុសបច្ចេកទេស»មួយថ្មីទៀត របស់តុលាកាកំពូល ដែលធ្វើឲ្យមានការភ័ណ្ឌច្រឡំនៃសាច់រឿង។
សូមទស្សនាវីដេអូនៃកិច្ចសម្ភាសលោកហូរ វ៉ាន់ និងលោក កែត ឃី ជាមយយអ្នកសារព័ត៌មានដូចខាងក្រោម៖
(វីដេអូ នឹងមកដល់ក្នុងពេលបន្ដិចទៀត)