សាំងមួយលីត្រ អាចលក់ត្រឹមតែ៣៣០០រៀលប៉ុណ្ណោះ?
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) -យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី៩ មករា ២០១៥
- កែប្រែចុងក្រោយ: January 10, 2015
- ប្រធានបទ: ឥន្ទនៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កន្លែងចាក់សាំងមួយ បានលក់ប្រេងសាំងរបស់ខ្លួន ត្រឹមតែតម្លៃ៣៣០០រៀលប៉ុណ្ណោះ។ ចម្ងល់បានកើតឡើងជាទូទៅ ថាមានចំណុចពិសេសណា ដែលអាចធ្វើឲ្យអាជីវកនៅទីនោះ អាចបំបាក់តម្លៃសាំងមកយ៉ាងខ្លាំងបែបនេះ? ចម្ងល់ទាំងនេះបានកើតមានរហូតដល់មានមនុស្សមួយចំនួន និយាយថា អាចជាប្រេងសាំងលាយប្រេងកាត និងអាចជាប្រេងរត់ពន្ធ។
លោក ហ៊ាន តារា ជាម្ចាស់អាជីវកម្ម នៅចំណុចបណ្តោយផ្លូវ (ផ្លូវមាត់ទន្លេ) នៅទល់មុខរដ្ឋករទឹករាជធានីភ្នំពេញ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោកអាចលក់សាំងក្នុងតម្លៃនេះ ព្រោះលោកយកចំណេញតិច។ បុរសដែលរស់នៅ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញរូបនេះ បានថ្លែងថា លោកលក់ប្រេងបានថោកជាងនៅតាមបណ្តាស្ថានីយ៍ផ្សេងៗ មិនមែនមកពីការលាយប្រេង ឬប្រេងគ្មានគុណភាពនោះទេ ប៉ុន្តែមកពីលោក យកចំណេញតែ១៥០រៀលប៉ុណ្ណោះក្នុងមួយលីត្រ។
តាមតារាងតម្លៃប្រេងសាំង របស់ក្រុមហ៊ុនកាល់តិច និងការអះអាងរបស់បុគ្គលិក របស់ក្រុមហ៊ុននេះ ឲ្យដឹងថា តម្លៃសាំងធម្មតាបានចុះពី៤៤៥០រៀល មកត្រឹម៤២៥០រៀល ចាប់ពីថ្ងៃសៅរ៍ ទី១០ ខែមករានេះ។ ក្រុមហ៊ុនសូគីមិច បានបញ្ចុះតម្លៃប្រេងសាំងធម្មតា មកត្រឹម៤៤០០រៀល។ តែបុគ្គលិកចាក់សាំងបានអះអាងថា អាចចុះជាង៤៤០០រៀល ក្នុងថ្ងៃនេះបន្តទៀត។ ចំណែកក្រុមហ៊ុនតូតាល់វិញ នៅតែរក្សាតម្លៃប្រេងសាំង ៤៤០០រៀលដដែល។
គួររំឮកថា កាលពីខែធ្នូ ឆ្នាំ២០១៣ លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យភាគីពាក់ព័ន្ធពិនិត្យមើលលទ្ធភាព បន្ថែមទៀតក្នុងការបញ្ចុះតម្លៃប្រេងនៅកម្ពុជា ឲ្យស្របតាមទីផ្សារអន្តរជាតិ ប៉ុន្តែលោកច្រានចោលការលើកឡើងថា រដ្ឋាភិបាលនៅតែរក្សាតម្លៃប្រេងខ្ពស់ បើប្រៀបធៀបនឹងទីផ្សារអន្តរជាតិ។
ម្ចាស់អាជីវកម្មខាងលើ បានបន្តទៀតថា ប្រេងរបស់លោក យកផ្ទាល់ពីក្រុមហ៊ុនតេលា។ ម្យ៉ាងទៀតលោកថា លោកមិនបានប្រើប្រាស់បុគ្កលិកនោះទេ គឺលក់ជាលក្ខណៈគ្រួសារ ហើយលោកក៏មិនចំណាយថ្លៃបង់ពន្ធជូនរដ្ឋច្រើនដែរ។ តាមតម្លៃរបស់លោក ហ៊ាន តារា ខាងលើ មានលក្ខណៈថោកជាង២០០រៀល ជាងតម្លៃដែលត្រូវបានប៉ាន់ប្រមាណ ដោយលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកជំនាញសេដ្ឋកិច្ចមួយរូប។
លោក សម រង្ស៊ី ធ្លាប់សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា អត្រាពន្ធលើប្រេងសាំង មានកម្រិតប្រមាណជា ១០០០រៀលក្នុងមួយលីត្រ ហើយបើកម្ពុជាបញ្ចុះពន្ធនេះ មកត្រឹមតែ៥០០រៀលក្នុងមួយលីត្រ និងបញ្ចុះតម្លៃប្រេងសាំង ឲ្យស្របទៅនឹងតម្លៃនាំចូលពីបរទេស ដែលបានចុះថ្លៃយ៉ាងគំហុក ពេលនោះតម្លៃប្រេងសាំងលក់រាយនៅប្រទេសកម្ពុជា នឹងមានតម្លៃមិនលើសពី៣៥០០រៀលក្នុងមួយលីត្រ។
ទីផ្សារប្រេងសាំងពិភពលោក បានចុះថ្លៃចាប់តាំងពីខែតុលាឆ្នាំ២០១៤ ។ ប៉ុន្តែមូលហេតុដែលនាំឲ្យប្រេងសាំងចុះថ្លៃយ៉ាងគំហុកនេះ ត្រូវបានក្រុមហ៊ុនប្រេងសាំងមួយចំនួន នៅលើពិភពលោកទទួលស្គាល់ថា មកពីការប្រែប្រួលនយោបាយសេដ្ឋកិច្ចរបស់អាមេរិក ហើយជាពិសេស គឺអាមេរិកចាប់ផ្ដើមបញ្ចេញប្រេងឆៅ ដែលបានស្តុកទុកតាំងពីឆ្នាំ២០០៩ ហើយម្យ៉ាងទៀតអាមេរិក ចាប់ផ្ដើមផលិតប្រេងរបស់ខ្លួន ដែលទើបរុករកឃើញថ្មីៗនេះ។ នៅក្នុងការបង្ហាញតារាងតម្លៃនៅលើប្រព័ន្ធអិធើណែតថា តម្លៃប្រេងសាំងនៅប្រទេសវៀតណាមមានតម្លៃ០,៨៨ដុល្លារ ឡាវ១,២៩ដុល្លារ ថៃ១,២៧ដុល្លារ ហ្វីលីពីន ១,០៥ដុល្លារ និងសហរដ្ឋអាមេរិក ០,៨២ដុល្លារក្នុងមួយលីត្រ៕