ទស្សនៈ៖ «កន្លែង១បាតុកម្ម២» ជាវិធីទាល់ច្រករបស់ ហ៊ុន សែន?
- ដោយ: ជា ធីរិទ្ធ
- កែប្រែចុងក្រោយ: February 26, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារមិ្សលមិញ បានស្នើឲ្យមន្ត្រីរបស់ខ្លូន ត្រៀមបែងចែកទីកន្លែងជាពីរផ្សេងៗគ្នា ទុកសម្រាប់ក្រុមអ្នកតវ៉ាប្រឆាំង និងក្រុមអ្នកគាំទ្រ នៅពេលដែលពួកគេធ្វើបាតុកម្ម។ គំនិតយោបល់របស់លោក ហ៊ុន សែន ត្រូវគេមើលឃើញថាមានចរិតញុះញង់ ដើម្បីឲ្យមានអំពើហិង្សារវាងប្រជាពលរដ្ឋនិងពលរដ្ឋ ពីព្រោះថា កន្លែងធ្វើបាតុកម្មតែមួយ បើពុះជាពីរដើម្បីឲ្យមានអ្នកធ្វើបាតុកម្មគាំទ្រ និងប្រឆាំងធ្វើជាមួយគ្នា វាច្បាស់ណាស់អំពើហិង្សា ប្រាកដជាកើតមាន។
លោក ហ៊ុន សែន នៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)
នយោបាយ - «អាជ្ញាធរទាំងអស់ ត្រូវត្រៀមរៀបចំបែងចែកកន្លែងជាពីរទុកសម្រាប់ក្រុមអ្នកតវ៉ាប្រឆាំងនិងអ្នកគាំទ្រ ព្រោះគេមានសិទ្ធិយើងក៏មានសិទ្ធិដែរ»។ នេះគឺជាសម្តីរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ ការលើកឡើងរបស់លោក ហ៊ុន សែន បានធ្វើឲ្យមតិមហាជនមួយចំនួនសម្តែងការហួសចិត្ត និងមិននឹកស្មានដល់។ មិននឹកស្មានដល់ ដោយសារថា របៀបឬយោបល់បែបនេះ គេច្រើនតែឃើញមេដឹកនាំ នៃបណ្តាលប្រទេសផ្តាច់ការនោះទេ ដែលចូលចិត្តប្រកាសឲ្យធ្វើបែបនេះ។ ប៉ុន្តែសម្រាប់ប្រទេសដែលប្រកាន់យកលិទ្ធិប្រជាធិបតេយ្យ មិនអាចធ្វើបែបនេះបានឡើយ ថ្វីត្បិតតែមានសិទ្ធិដូចគ្នាក៏ដោយ តែបើអ្នកគាំទ្រ និងអ្នកប្រឆាំងធ្វើបាតុកម្មក្នុងទីតែមួយជិតគ្នា ចង់មិនចង់អំពើហិង្សា ប្រាកដជានឹងកើតមានជាក់ជាមិនខាន។
មួយវិញទៀត ហេតុផលដែលនាំឲ្យគេហួសចិត្ត ចំពោះសម្តីរបស់លោក ហ៊ុន សែន គឺខ្លួនជានាយករដ្ឋមន្រ្តី ឬជាប្រមុខរដ្ឋាភិបាលកម្ពុជាទាំងមូល ដែលត្រូវតែបង្ហាញនូវឥរិយាបថអហិង្សា សម្របសម្រួល ដោះស្រាយបញ្ហាដោយសន្តិវិធី បែរជារកឃើញមធ្យោយបាយដ៏កម្សោយ យកមកអនុវត្តបែបនេះទៅវិញ។ ពីព្រោះថា មធ្យោបាយឬយោបល់របស់លោក ហ៊ុន សែន មានចរិតចង់ឲ្យខ្មែរបែកបាក់គ្នា និងអាចឈានទៅរកការកើតឡើង នៃសង្គ្រាមស៊ីវិលនៅកម្ពុជាសាជាថ្មីឡើងវិញ។ បើនិយាយឲ្យចំ គឺយោបល់របស់លោក ហ៊ុន សែន សមពាក្យមួយនិយាយថា «យកសាំងទៅចាក់ពន្លត់ភ្លើង»។
លោក ហ៊ុន សែន ខំប្រឹងស្រែកថា ប្រទេសប្រជាធិបតេយ្យ គឺមានសិទ្ធិដូចគ្នា ប្រឆាំងក៏មានសិទ្ធិ គាំទ្រក៏មានសិទ្ធិ។ វាជាការពិត ប្រទេសប្រជាធិបតេយ្យការតវ៉ា តែងតែមានអ្នកប្រឆាំងនិងអ្នកគាំទ្រ គឺមានសិទ្ធិដូចគ្នា។ ក៏ប៉ុន្តែក្នុងនាមខ្លួនឯងជានាយករដ្ឋមន្រ្តីមិនគួរបើកផ្លូវឲ្យប្រជាពលរដ្ឋខ្លួនតវ៉ាក្នុងទីកន្លែងជាមួយគ្នានោះទេ។ គួរតែឲ្យអ្នកតវ៉ារកទីកន្លែងពីផ្សេងគ្នា ហើយដែលនៅឆ្ញាយពីគ្នាវាងអ្នកតវ៉ាគាំទ្រ និងអ្នកប្រឆាំង ដើម្បីជៀសវាងការផ្ទុះអំពើហិង្សា។
ព្រឹត្តិការណ៍ដោយឡែកមួយទៀត លោក ហ៊ុន សែន បាននិយាយកាលពីម្សិលមិញដែរថា ប្រសិនបើកម្មករនៅតែធ្វើបាតុកម្មទៀត ហើយអ្នកវិនិយោគឈប់រកស៊ីនៅកម្ពុជា នាំឲ្យកម្មករអត់ការងារធ្វើ។ បើកម្មករអត់ការងារធ្វើ មិនអាចមករករឿងរដ្ឋាភិបាលបាននោះទេ គឺត្រូវទៅរកអ្នកដែលដឹកនាំខ្លួនធ្វើបាតុកម្មឲ្យរកការងារធ្វើទៅ។ ការលើកឡើងរបស់លោក ហ៊ុន សែន បាននេះ មនុស្សល្ងង់ក៏គេអាចយល់ថា គឺជាសម្តីដែលខ្វះទំនួលខុសត្រូវ ក្នុងនាមខ្លួនជាប្រមុខរដ្ឋាភិបាលនោះឡើយ។
យ៉ាងណាស់ក៏ដោយ ក៏យោបល់ឬយុទ្ធសាស្រ្តរបស់លោក ហ៊ុន សែន បែបនេះ ចំពោះអ្នកតាមដានស្ថានការណ៍នយោបាយជាប់ជានិច្ច គេប្រាកដជាដឹងច្បាស់ថា គ្មានអ្វីចម្លែកនោះដែរ ពីព្រោះថា សម្តីបែបកុម្មុយនីស និងបែបកំហឹងរបស់លោក ហ៊ុន សែន តែងតែនិយាយនិងអនុវត្តជានិច្ច តួយ៉ាងដូចពាក្យសម្តីប្រចាំត្រកូលលោក ហ៊ុន សែន បិទទ្វារវ៉ៃឆ្កែ និងត្រូវតែបង្ក្រាបជាដើម៕
គួររម្លឹកថា នៅក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី ប្រើដោយថាមពលធ្យូងថ្ម នៅខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារទី ២៥ ម្សិលមិញ លោក ហ៊ុន សែន បានប្រាប់ទៅអាជ្ញាធរត្រៀម ពុះទីលានជាប្រជាធិបតេយ្យជាពីរប្រសិនបើមានការស្នើសុំធ្វើបាតុកម្ម ព្រោះអ្នកធ្វើបាតុកម្មមានអ្នកគាំទ្រ និងអ្នកប្រឆាំង។ ម្លោះហើយពួកគេមានសិទ្ធិដូចគ្នា បើមិនឲ្យធ្វើបាតុកម្មមិនឲ្យទាំងពីរ បើឲ្យ ត្រូវឲ្យទាំងពីរ៕
-------------------------------------------------
ដោយ ជា ធីរិទ្ធ (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០១៤