នរណា​ជា​ឃាតករ​ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ?

ជនជាប់ចោទម្នាក់ ពីក្នុងចំណោមជនសង្ស័យច្រើន​នាក់ នៅក្នុងសំនុំរឿងបាញ់​សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ នៅ​កណ្ដាល​រាជធានីភ្នំពេញ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៤នោះ បានបង្ហើប​ឲ្យដឹង ពីចំណុ​ចដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល មួយ​ទៀត​ថា ខ្លួន​ត្រូវ​បាន​ប​ង្ខំ ឲ្យឆ្លើយសារភាព ដើម្បីជាថ្នូរទៅនឹងប្រាក់ ២ម៉ឺនដុល្លារ ប្រគល់​ឲ្យ​ដោយ​ភរិយា​​ជន​រង​គ្រោះ។ ជាការ​ទម្លាយ​​អាថ៌កំបាំងថ្មី បន្ទាប់ពីបានច្រានចោល នូវការសារភាព​ជាមួយ​នគរបាល ក្រោម​មូលហេតុ​ថា ចម្លើយ​សារភាព​ទាំង​នោះ ធ្វើឡើ​ង ដើម្បីប​ញ្ជៀស​​ការ​ធ្វើទារុណកម្ម។
នរណា​ជា​ឃាតករ​ សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ?
លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានទទួលមរណភាពភ្លាមៗ នៅនឹងកន្លែង បន្ទាប់ពីរងការបាញ់ប្រហាររួច។ (រូបថតសហការី)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ មករា ២០១៧
  • កែប្រែចុងក្រោយ: January 27, 2017
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពអាថ៌កំបាំង នៅតែបន្តមាន... ក្នុងសំនុំរឿងឧក្រិដ្ឋ បាញ់សម្លាប់កណ្ដាលរាជធានី យ៉ាងសហាវព្រៃផ្សៃ ពី​សំណាក់​ខ្មាន់កាំភ្លើងមួយរូប ទៅលើលោកឧកញ៉ា អ៊ឹង ម៉េងជឺ ឲ្យដួលស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗ នឹង​កន្លែង​ កាល​ពី​ថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ។ បុរសអ្នកមានប្រាក់ អាយុ ៥៣ឆ្នាំរូបនេះ បានចុះពីរថយន្ដ​ធុន​ ឡិចស៊ីស របស់​លោក នៅមុខហាងលក់ផ្លែឈើ «ឡោ តិចសេង» ម្តុំ​អាងទឹកអូឡាំពិក ហើយត្រូវបាន​​បុរស​មាឌ​ក្រអាង​ម្នាក់ ដក​កាំភ្លើងឈរជំទែងបាញ់សន្ធាប់ ឲ្យស្លាប់យ៉ាងអាណោចអាធម។

វីដេអូសុវត្ថិភាព ដែលត្រូវបានបង្ហោះផ្សាយ លើបណ្ដាញសង្គម នៅប៉ុន្មានម៉ោងក្រោយឃាតកម្ម បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បន្ទាប់​ពី​បានធ្វើសកម្មភាពរួច ខ្មាន់កាំភ្លើង បានលោតឡើង ជិះពីក្រោយម៉ូតូមួយ ដែល​ឈប់​ចាំ​នៅ​ក្បែរ​នោះ មុន​នឹង​បើក​ចេញ​ទៅ ដោយគ្មានភាពស្ទាក់ស្ទើរ​អ្វីទាំងអស់។

នៅជាងមួយសប្ដាហ៍ក្រោយមក ជនសង្ស័យ៤នាក់ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ក្នុង​នោះ​មាន​ឈ្មោះ សៀង ​វាសនា អាយុ​៤៤ឆ្នាំ សង្ស័យជាជនដៃដល់ - កុយ ចាន់ថល អាយុ២៩ឆ្នាំ - មាស សម្បត្តិ អាយុ​២៧ឆ្នាំ សង្ស័យ​ថា​ជា​អ្នក​មើលផ្លូវ និងឈ្មោះ លី សៅ សង្ស័យជាអ្នកបើកម៉ូតូ ដឹកជនដៃដល់ឈ្មោះ សៀង វាសនា ខាង​លើ។

ប៉ុន្តែជនទាំងបួននាក់​ខាងលើ មិនមែនគ្រាន់តែជាជនមួយក្រុម ដែលជាប់សង្ស័យថា ប្រដាប់ដោយ​អាវុធ ហើយ​ធ្វើការ​បាញ់បោះ សម្លាប់មនុស្ស​ប៉ុណ្ណោះទេ។ តែគឺជាកងអង្គរក្ស របស់លោកឧកញ៉ា ថោង សារ៉ាត់ ដែល​ជា​មន្ត្រីជាន់ខ្ពស់ខ្មែរ មានដើមកំណើតយួនមួយរូប នៅក្នុងក្រសួងការពារជាតិកម្ពុជា និងដែល​ត្រូវ​បាន​ក្រុម​អ្នក​ស៊ើប​អង្កេត សង្ស័យថា បានបញ្ជាឲ្យមានអំពើឃាតកម្មនេះឡើង ដោយសំអាង លើការឆ្លើយ​សារភាព​ របស់​ជន​សង្ស័យ ឈ្មោះ សៀង វាសនា។

មកដល់ថ្ងៃនេះ ក្ដីមន្ទិលនៅតែបន្តមាន ហើយអាថ៌កំបាំង ក៏នៅរកពន្លឺមិនទាន់ឃើញនៅឡើយ បើ​ទោះ​ជា​ជន​សង្ស័យ​ទាំង​អស់ រាប់ទាំងលោក ថោង សារ៉ាត់ ផង ត្រូវបានចាប់ខ្លួន និងកំពុងរងការឃុំខ្លួន នៅ​ពន្ធនាគារ ជា​បណ្ដោះ​អាសន្ននោះក៏ដោយ។ ជាពិសេស ការសួរដេញដោល កាលពីថ្ងៃទី២៤ ខែមករា កន្លងមកនេះ រវាង​ជន​សង្ស័យ​ជា​ខ្មាន់កាំភ្លើង ឈ្មោះ សៀង វាសនា និងមន្ត្រី​តំណាង​ឲ្យអាជ្ញាធរ ត្រូវបាន​ធ្វើឡើង នៅ​ចំពោះ​តុលាការ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹង​ថា ជនសង្ស័យខ្លួនឯង ត្រូវ​បាន​បង្ខំ​​ឲ្យ​​សារភាព ​ដើម្បី​ជា​​ថ្នូរ​​នឹង​​សាច់​​ប្រាក់ ចំនួន​២ម៉ឺន​ដុល្លារ។

សារព័ត៌មាន «ដើមអំពិល» បានស្រង់ការតទល់សំដីគ្នា រវាងលោក សៀង វាសនា និង​មន្ត្រី​តំណាង​អាជ្ញាធរ ​គឺ​លោក តេង វិសាល ជាអនុប្រធានការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ មកសរសេរថា៖ «ឈ្មោះ សៀង វាសនា បាន​សួរ​ទៅ​លោក តេង វិសាល ថា តើលោកវាយខ្ញុំ និងលី សៅ ដើម្បីអ្វី? លោក តេង វិសាល ឆ្លើយ​ថា ពុំ​​បាន​វាយ​ទេ។ ឈ្មោះ សៀង វាសនា សួរថា លោកបានបញ្ជាកូនចៅវាយខ្ញុំ និងលី សៅ (ឬ)ទេ? លោក តេង វិសាល ឆ្លើយ​ថា ពុំបានបញ្ជាឲ្យវាយទេ។»។

កាសែតចេញផ្សាយប្រចាំថ្ងៃ បានដកស្រង់​បន្តទៀតថា៖ «ឈ្មោះ សៀង វាសនា សួរថា ស្គាល់ ហ៊ុន ទូច ឬ​ទេ? លោក តេង វិសាល ឆ្លើយថា ស្គាល់ពេលចូលបំភ្លឺ នៅប៉ូលិស។ ឈ្មោះ សៀង វាសនា បានសង្កត់ធ្ងន់ថា "ហ៊ុន ទូច និង ទូច សាវុធ" ឲ្យខ្ញុំសារភាពថា បាញ់សម្លាប់ អ៊ឹង ម៉េងជឺ ហើយឲ្យខ្ញុំទទួលលុយ ២ម៉ឺនដុល្លារ​ពី​ប្រពន្ធ អ៊ឹង ម៉េងជឺ តើលោក តេង វិសាល បានដឹង(ឬ)អត់? លោក តេង វិសាល ឆ្លើយថា ពុំ​បាន​ដឹង​ទេ។»។

មានចំណុចសង្ស័យពីរ ចេញពីសំដីរបស់លោក សៀង វាសនា៖ ចំណុចទីមួយ គឺការ​ចូល​ពាក់ព័ន្ធ នៅ​ក្នុង​សំនុំ​រឿងនេះ ពីសំណាក់លោក ហ៊ុន ទូច និងលោក ទូច សាវុធ ដែលសុទ្ធសឹង​ជាមន្ត្រីនគរបាល។ រីឯ​ចំណុច​ទីពីរ ​គឺភរិយាសព​លោក​ឧកញ៉ា អ៊ឺង ម៉េងជឺ ត្រូវជនជាប់ចោទ អះអាងថា នឹងប្រគល់ប្រាក់ ២ម៉ឺនដុល្លារ​មក​ខ្លួន ដើម្បី​ឲ្យ​ខ្លួន​ឆ្លើយ​សារភាព និងទម្លាក់កំហុស (បើតាមការឲ្យដឹង ពីសំណាក់មន្ត្រីអាជ្ញាធរ) ទៅលើ​លោក​ឧកញ៉ា ថោង សារ៉ាត់។ ចំណុច​នេះ ពិបាកធ្វើឲ្យគេជឿបន្តិច។ តែបើពិតមែន គេឆ្ងល់ថា តើអ្នកស្រី តាំង គឹមឆេង ភរិយា​សព​លោក អ៊ឺង ម៉េងជឺ មាន​គោល​បំណង​អ្វីទៅ ទើបបានជា​ប្រគល់​ប្រាក់ ទៅឲ្យ​មនុស្ស​ម្នាក់ ដែល​មិន​មែន​ឃាតករ​ពិត ឲ្យបង្កើត​រឿងនេះឡើង។

អ្នកស្រី តាំង គឹមឆេង ក៏ដូចជាលោក ហ៊ុន ទូច និងលោក ទូច សាវុធ មិនអាចទាក់ទងភ្លាមៗ ដើម្បី​សុំ​ការ​បំភ្លឺ ទាក់​ទង​នឹង​ការលើកឡើង របស់ជនជាប់ចោទឈ្មោះ សៀង វាសនា ខាងលើបានទេ។

កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៥ កាសែត«កោះសន្តិភាព» បានស្រង់ប្រភព​ព័ត៌មាន ​ពី​​មេធាវី​​ការពារ​​ក្តី​​ឱ្យ​​អ្នកស្រី តាំង គឹ​ម​ឆេ​ង មករាយការណ៍ថា ភរិយាសពជនរងគ្រោះរូបនេះ បាន​ដាក់​ពាក្យសុំ​​​​ចេញ​​​ដីកា​​​រក្សា​​ការពារ ហាមឃាត់​ទ្រព្យសម្បត្តិ និង​ផ្ទះសម្បែង​ ជា​កម្មសិទ្ធិ​ស្របច្បាប់​ទាំង​ប៉ុន្មាន ​របស់លោក​​ឧកញ៉ា ថោ​ង សា​រ៉ាត់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ ដើម្បី​ទុក​ទូទាត់​សំណង​រដ្ឋប្បវេណី មកឲ្យខ្លួន ក្នុងករណីលោក ថោង សារ៉ាត់ និងគូកន ត្រូវបានរកឃើញ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មខាងលើ។

ក្នុងនាមជាភាគីជនរងគ្រោះ ​អ្នកស្រី តាំង គឹ​ម​ឆេ​ង បាន​ប្តឹង​ទារសំណង​រដ្ឋប្បវេណី ទាក់ទងនឹង​ករណីមនុស្ស​ឃាត​នេះ នូវ​សំណង​ជំងឺ​ចិត្ត​ ពី​ក្រុម​ឃាតករ ក្នុង​នោះមាន៖ ​ជន​ជា​មេខ្លោង ទឹកប្រាក់​ចំនួន​៥០​លាន​​ដុល្លារ​​អា​មេ​រិ​ក - ​ជន​​ដៃដល់ និង​អ្នកសមគំនិត​ ក្នុង​ម្នាក់ៗ ​១០​លាន​ដុល្លារ​អាម​រិ​ក ព្រមទាំង​សំណូមពរ​ ឱ្យ​​តុលាការ​​ចាត់ការ​​លើ​​ឧក្រិដ្ឋជន ​តាម​​ផ្លូវច្បាប់។

សម្រាប់លោក ថោង សារ៉ាត់ វិញ ដែលបានបញ្ចេញឃ្លីបវីដេអូ យ៉ាងហោចចំនួនបី ក្នុងអំឡុង​ពេល នៃ​ការ​រត់​គេច​ខ្លួន ពីការតាមប្រមាញ់ របស់អាជ្ញាធរខ្មែរ អស់រយៈពេលជាច្រើនខែ បានបដិសេធ​ការ​ជាប់​ពាក់​ព័ន្ធ នៅ​ក្នុង​ឃាតកម្មនេះ និងបានយំយែក សុំឲ្យមានអន្តរាគមន៍ ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​ឧកញ៉ា ដែល​ជា​ម្ចាស់​ក្រុមហ៊ុន សង់បូរី «999» បានច្រានចោល ការជំពាក់ប្រាក់លោកឧកញ៉ា អ៊ឹង ម៉េងជឺ និង​បាន​ហៅ​​ការ​ចោទ​ប្រកាន់ រឿង«ជំពាក់ប្រាក់» ឬ«ឃាតកម្ម» មកលើរូបលោកនេះ ថាមាន​លក្ខណៈ «ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ»។

តែមនុស្សដែលជំពាក់ប្រាក់​លោកឧកញ៉ា អ៊ឹង ម៉េងជឺ ទំនងជាមានច្រើននាក់។ នេះ បើតាមពាក្យ​បណ្តឹង​មួយ​ផ្សេង​ទៀត ​របស់​អ្នកស្រី​ តាំង​ គឹ​ម​ឆេ​ង​ ប្ដឹងឧកញ៉ាម្នាក់ ដែលបានចេញមូល​ប្ប​ទា​នប​ត្រ (Chèque) ​គ្មាន​​សាច់​ប្រាក់​ នូវ​ទឹក​ប្រាក់​«ស្អុយ» ចំនួនជិត៥លានដុល្លារ ទៅឲ្យស្វាមី​អ្នកស្រី កាលពីពេល​នៅមានជីវិត។ ទាក់ទង​នឹង​ព័ត៌មាន​នេះ គេហទំព័រ «ដើមត្នោត» បានស្រង់ប្រភពព័ត៌មាន ពីមន្ត្រីសាលាក្ដី និង​អ្នក​ស្និត​នឹង​គ្រួសារ​ជន​រងគ្រោះ មក​បញ្ជាក់​ថា ឧកញ៉ាដែលរងការប្ដឹងនោះ គឺលោក ន​ង​ សា​វុត​ នា​យក​​ក្រុមហ៊ុន​​ពិភព​​អេ​ស៊ា​ ត្រេ​ឌី​ង​ និង​​ក្រុមហ៊ុន​​សុវណ្ណ​វឌ្ឍនៈ​ ដែល​​ជា​​អ្នករកទទួល​ទាន ខាងដីធ្លី​យ៉ាង​​សកម្ម​​មួយរូប។

ការអះអាង​ថ្មី «ការបង្ខំឲ្យសារភាព ជាថ្នូរនឹងប្រាក់ពីរម៉ឺនដុល្លារ» បានបង្កើនអាថ៌កំបាំង ក្នុងរឿង​ឃាតកម្ម​កណ្ដាល​​រាជធានី​​មួយ​នេះ បន្ថែមពីលើការបដិសេធ របស់ជនជាប់ចោទទាំងបួន ក្នុងពេលដែលពួកគេ ត្រូវ​​បាន​​សាក​សួរ ដោយ​ចៅក្រម​ស៊ើប​អង្កេត របស់សាលាដំបូងរាជធានី តាំងពីដំបូងមក។ ក្រុមអង្គរក្ស​​ទាំង​បួន​នាក់​ បាន​​អះអាង​​ថា រាល់ចម្លើយសារភាព ដែលពួកគេបានឆ្លើយជាមួយនគរបាល ត្រូវបានធ្វើឡើង ដើម្បី​ឲ្យ​​ពួក​គេ​​បាន​​​រួច​​​ផុត ពី​ការ​ធ្វើ​ទារុណកម្ម របស់ក្រុមនគរបាល។

ស្រង់សម្ដីដោយវិទ្យុអាស៊ីសេរី ផ្សាយជាភាសា​យួន អង្គរក្សមួយរូប បានបញ្ជាក់ថា ខ្លួនគេគ្មានការជាប់ពាក់ព័ន្ធ ក្នុងឃាតកម្មនេះទេ ហើយ​បាន​អះអាងទៀតថា ថ្ងៃកើតហេតុ ខ្លួនគេមិនទាំងមានវត្តមាន នៅក្នុងរាជធានីភ្នំពេញផង។

គួរបញ្ជាក់ដែរថា ឪពុកម្ដាយរបស់លោកឧកញ៉ា ថោង សារ៉ាត់ ដែលមានដើមកំណើតយួនសុទ្ធ សុទ្ធសឹងជាមន្ត្រីអន្ទ្រើសៗ របស់កម្ពុជា។ ម្ដាយលោក ថោង សារ៉ាត់ គឺអ្នកស្រី កែវ សារី (ហៅចែហាយ) មានឋានរន្ដស័ក្ដិ ជាវរសេនីយ៍ទោ នៅក្រសួងការពារជាតិ និងជាអតីតទីប្រឹក្សា ​នៃ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...