មហាសេដ្ឋីរ៉ូស្សី ប៉ូឡូស្គី ត្រូវបានដោះលែងនៅក្រៅឃុំ ចាំការកាត់ក្ដី
មហាសេដ្ឋីជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី (Sergueï Polonski) ត្រូវបានដោះលែង កាលពីថ្ងៃពុធទី០៣ខែមសានេះ នៅបន្ទាប់ពីបានជាប់នៅក្នុងពន្ធនាគារ ក្នុងប្រទេសកម្ពុជា ចំនួនបីខែរួចមក។
លោក ស៊ែរហ្គៃ ប៉ូឡូស្គី ជាអ្នកជំនួញជនជាតិរ៉ូស្សីដ៏ធំម្នាក់។ (AP Photo/Mikhail Metzel)
នៅលើទំព័រហ្វេសប៊ុក របស់លោក អាឡិសដ្រ៍ ដូប្រូវិនស្គី (Alexandre Dobrovinskiï) មេធាវីការពារក្ដីលោក ស៊ែរហ្គៃ បានសរសេរក្នុងថ្ងៃដដែលនេះ ថា «កម្ពុជា ក្រុងព្រះសីហនុ នៅម៉ោង១១និង០៧នាទី លោក ស៊ែរហ្គៃ ប៉ូឡូស្គី ត្រូវបានដោះលែង និងចេញពីពន្ធនាគារ ទីកន្លែងដែលបានឃុំរូបលោក ជាងបីខែ។ អរគុណ ដល់អ្នកដែលបានគាំទ្រ នៅពេលវេលាដ៏អាក្រក់នេះ។ គឺជាជ័យជំនះមួយ។»
អ្នកដែលជួយលោកអោយចេញពីពន្ធនាគារ ជាអតីតជនជាតិរូស្សីមួយរូប ដែលរស់នៅក្នុងប្រទេសកម្ពុជា មកជាយូរ និងមានសញ្ជាតិជាកម្ពុជា។ លោកនីកូឡា ដូរ៉ូឆិនកូ (Nikolaï Dorochenko) ជាទីប្រឹក្សាររបស់នាយករដ្ឋមន្ត្រីខ្មែរនោះ បានបង់ប្រាក់កក់ទៅអោយអាជ្ញាធរ ក្នុងចំនួន ៥០ ០០០ដុល្លា។ លោកធ្លាប់ជាដៃគូរ រកទទួលទានជាមួយ លោកប៉ូឡូស្គី ហើយលោកមានកូនប្រុសម្នាក់ ជាភ្នាក់ងារនគរបាលកម្ពុជាផង។ លោកដូរ៉ូឆិនកូ បានបញ្ចាក់ថា «ក្នុងនាមជាជនជាតិកម្ពុជា កូនខ្ញុំនិងខ្ញុំបានចេញមុខធានា ប៉ូឡូស្គី ដែលត្រូវជាប់ទោស រហូតដល់ពេលកំណត់មួយ»។
នៅមុនមួយថ្ងៃនៃការដោះលែង អាជ្ញាធរខ្មែរ បានទទួលយល់ព្រម សំនើរនៅក្រៅឃុំនេះ ស្នើរសុំដោយតំណាងអ្នកការទូតរ៉ូស្សីនៅភ្នំពេញ និងលោកតំណាងរាស្ត្រ អាឡិស៊ៃ ឆេប៉ា (Alexeï Tchepa)។ នៅព្រឹកថ្ងៃទី០៣ខែមេសា មេធាវីការពារក្ដីលោក ប៉ូឡូស្គី បានថ្លែងថា បានទទួលសំបុត្ររបស់ក្រសួងយុត្តិធម៌កម្ពុជា ថាបានយល់ព្រមដោះលែងមហាសេដ្ឋី ដោយបង់ប្រាក់កក់ និងមានអ្នកធានាចំនួនពីរនាក់ តែថាត្រូវស្ថិតក្រោមលក្ខខ័ណ្ឌមួយចំនួន ក្នុងនោះ លោកប៉ូឡូស្គី ត្រូវនៅក្នុងប្រទេសកម្ពុជា និងសរសេរសំបុត្រមួយ សន្យាថាមិនធ្វើសកម្មភាពអ្វី ប្រឆាំងព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រព័ន្ធយុត្តិធម៌ និងប្រជាជនខ្មែរ។ សំបុត្ររបស់ក្រសួងយុត្តិធម៌ បានបញ្ចាក់ជាចុងក្រោយថា «លោកប៉ូឡូស្គីអាចមានចេញពីពន្ធនាគារ ចាប់ពីថ្ងៃនេះ និងអាចត្រឡប់ទៅលំនៅដ្ឋានគាត់ នៅលើកោះវិញបាន ក្នុងពេលរងចាំការកាត់ក្ដី»។
លោកស៊ែរហ្គៃ ប៉ូឡូស្គី និងមិត្តភ័ក្រពីរនាក់ទៀត ត្រូវបាននគរបាលខ្មែរឃាត់ខ្លួន នៅថ្ងៃ៣១ធ្នូឆ្នាំ២០១២ ពីបទបង្ខាំងមនុស្សខុសច្បាប់ គម្រាមដោយប្រើកាំបិត និងបានបោះអ្នកធ្វើការនៅលើទូកកាណូត ដែលលោកជួលមកជិះកំសាន្ដ ចូលទៅក្នុងសមុទ្រ។ សូមអានអត្ថបទ ដែលទាក់ទងនឹងបុរសលេងខ្លួន យ៉េៗ រូបនេះ ដោយចុចលើទីនេះ។
មិត្តភ័ក្រលោកប៉ូឡូស្គី ពីររូបត្រូវបានតុលាការដោះលែងអោយរួចខ្លួន ដោយរកមិនឃើញភស្ដុតាង ដើម្បីដាក់បន្ទុក។ អ្នកតំណាងរាស្ត្រ អាឡិស៊ៃ ឆេប៉ា បានថ្លែងទៅកាន់អ្នកកាសែតថា «បើគាត់មានអត្តចរិកត្រឹមត្រូវ គាត់ប្រហែលត្រូវបានដោះលែង តាំងពីមុននេះ ហើយសវនាការកាត់ក្ដី ក្នុងសាលាដំបូង ប្រហែលជាបានបញ្ចប់រួចទៅហើយ»។ ប៉ុន្តែនៅសប្ដាហ៍ខាងមុខ ប៉ូឡូស្គី នឹងត្រូវត្រឡប់មកអង្គុយ នៅលើកៅអីជនជាប់ចោទជាថ្មីទៀត ដើម្បីរងចាំការកាត់ទោស ដែលលើកនេះ តុលាការទំនងជានឹងអោយគាត់រួចខ្លួន ហើយសំនុំរឿងនឹងត្រូវបិតបញ្ចប់៕
-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ