អ្នកបឹងកក់ស្វែងរកយុត្តិធម៌ ពីការឃុំខ្លួនដោយខុសច្បាប់
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២២ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 23, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងនាមជាជនរងគ្រោះដីធ្លីដូចគ្នា មានការឈឺចាប់ដូចគ្នា នូវការរំលោភបំពាន សិទ្ធិ ច្បាប់ ពីអាជ្ញាធរអនុវត្តច្បាប់ ដែលមិនបានយកច្បាប់ មកដោះស្រាយ។ នេះជាការលើកឡើង របស់ក្រុមពលរដ្ឋ ដែលប្រកាសថា ខ្លួនបានរងគ្រោះ ពីការរំលោភសិទ្ធិលំនៅដ្ឋាន ហើយបានមកចូលរួមសកម្មភាពតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនានេះ ដើម្បីទាមទារពីយុត្តិធម៌សង្គម ក្នុងការរស់នៅ។
ពីក្នុងចំណោមពលរដ្ឋជិត១០០នាក់នោះ អ្នកស្រី ជា គឹមហ៊ន មកពីតំបន់បុរិកីឡា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពួកអ្នកស្រីចេញមកទាមទាលើកនេះ បានទុកចោលនូវរឿងដីធ្លីដោយឡែក តែអ្វីដែលអ្នកស្រីចង់បាន គឺភាពយុត្តិធម៌ត្រឹមត្រូវ និងយុត្តិធម៌របស់ច្បាប់ ដែលត្រូវបានបុគ្គលមានអំណាចមួយចំនួន យកមកអនុវត្តខុស។ អ្នកស្រីបានសង្កត់ធ្ងន់ថា៖ «យើងមកទាមទារសិទ្ធិ ក្នុងការរស់នៅ មិនមែនដូចរដ្ឋាភិបាលកន្លងមក តែងចោទប្រកាន់ថា ជារឿងនយោបាយឡើយ។ (...) យើងជាប់គុកដោយភាពអយុត្តិធម៌ មិនមែនជាប់គុក ដោយចង់បានពានរង្វាន់ ដូចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងនោះទេ។ (...) យើងក៏ចង់បញ្ជាក់ ពីសំដីលោក ផៃ ស៊ីផាន ជាអ្នកនាំពាក្យ (ទីស្ដីការ) គណៈរដ្ឋមន្រ្តី ដែលធ្លាប់បានលើកឡើងថា តុលាការលុះណាតែមានលុយ ទើបមានយុត្តិធម៌។»
សូមរំលឹកថា ស្រ្តីបឹងកក់ប្រមាណជាង១០នាក់ ត្រូវបានជាប់ពន្ធនាគារជិតប្រាំមួយខែ ក្រោមបទចោទបិទផ្លូវ និងរារាំងការអនុវត្តច្បាប់ របស់អាជ្ញាធរសាធារណៈ។ អ្នកទាំងនោះ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តម សីហមុនី ព្រះរាជទានលើលលែងទោស នៅមុនថ្ងៃចូលឆ្នាំ ប្រពៃណៃខ្មែរ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៥កន្លងទៅនេះ។
ជាស្រ្តីចំណាស់ជាងគេ ក្នុងចំណោមអ្នកតវ៉ា លោកយាយ ម៉ាម៊ី បានលើកឡើងថា តុលាការនៅតែមិនមានភាពឯករាជ្យ និងគ្មានយុត្តិធម៌សម្រាប់ពួកគាត់ ដែលជាជនរងគ្រោះនៅឡើយ។ លោកយាយបានបន្តថា បើសិនជាតុលាការ នៅតែគ្មានភាពឯករាជ្យយ៉ាងដូច្នេះ នោះកូនចៅអ្នក្រីក្រជំនាន់ក្រោយ មុខជាមិនអាចមានយុត្តិធម៌ សម្រាប់ការរស់នៅ ក្នុងសង្គមជាតិតែមួយនេះទេ។ លោកយាយបានបញ្ជាក់ថា៖ «យើងកំពង់រស់នៅក្រោមអំណាចគេ។ គេចាប់គាបសង្កត់ ចាប់ចង ដាក់គុកស្រេចតែនឹងចិត្ត។»
ចំណែកពលរដ្ឋម្នាក់ទៀត មកពីបឹងកក់ លោក កេត ចន្ថា បានរៀបរាប់ថា អាជ្ញាធរក្រុងបានឃុបឃិតជាមួយឈ្មួញ បង្ខំឲ្យពលរដ្ឋទទួលយកសំណង មិនសមរម្យ។ តែនៅពេលពលរដ្ឋមិនគាំទ្រ និងមិនទទួលយកសំណងនេះ បែរជាចោទប្រកាន់ប្រជាពលរដ្ឋថា ប្រឆាំងនឹងអាជ្ញាធរសាធារណៈ ហើយបូមខ្សាច់ និងទឹកពន្លិចផ្ទះពលរដ្ឋ ដោយគ្មានអាសូរ។ លោកបានថ្លែងឡើងថា ប៉ុណ្ណេះហើយ អាជ្ញាធរនៅមិនអស់ចិត្ត ក៏មានគំនិត ចង់ប្រមូលអ្នកតវ៉ាទាំងអស់ ដាក់ពន្ធនាគារទៀត ជាក់ស្តែងមានស្រ្តីបឹងកក់ប្រមាណ១០នាក់ បានជាប់ពន្ធនាគារ ដែលទើបនឹងដោះលែងនេះជាដើម។ សម្រាប់លោក កេត ចន្ថា ទង្វើរបស់អាជ្ញាធររាជធានី ជាការអនុវត្តការងារ បែប«ហ្វាសស៊ីស» ដែលលោកសុំថ្កោលទោស។
អ្នកស្រី ទេព វន្នី សកម្មជនដ៏ល្បី ក្នុងការទាមទានូវសិទ្ធិ និងសេរីភាពខាងលំនៅដ្នាន បានចង្អុលទៅតុលាការកម្ពុជា ថាពោរពេញទៅដោយភាពពុករលួយ គ្មានយុត្តិធម៌ ប្រជាពលរដ្ឋល្អ ថាអាក្រក់ ពលរដ្ឋ ស ថាជាខ្មៅជាដើម។ អ្នកស្រីបានលើកឡើងថា ការពួកគាត់មកមុខសាលាដំបូងលើកនេះ គឺជូនផ្កា«ខ្មៅ» ទៅដល់ស្ថាប័នតុលាការនេះ ព្រោះចង់បង្ហាញថាតុលាការនេះ កំពុងដើរលើផ្លូវមួយដែលខុសច្បាប់។
ឯអ្នកស្រី សុង ស្រីលាភ បានលើកឡើងថា ថ្នាក់លើនៃរដ្ឋាភិបាលកម្ពុជា កំពុងទុកចិត្ត និងជឿជាក់លើកូនចៅ ក្រោមបង្គាប់របស់ខ្លួនណាស់។ ទោះបើពួកគេអនុវត្តខុសច្បាប់ រំលោភបំពាន ឬសម្លាប់ពលរដ្ឋក៏ដោយ ក៏ថ្នាក់លើមួយនេះ ជឿនិងមិនបានចុះ មកពិនិត្យផ្ទាល់ មើលពីសុខទុក្ខប្រជារាស្រ្តឡើយ។ អ្នកស្រីបានលើកឡើងថា គ្មានពលរដ្ឋណាម្នាក់ ចង់ប្រឆាំងនឹងការអភិវឌ្ឍន៍ របស់រដ្ឋាភិបាលឡើយ ឲ្យតែជាការអភិវឌ្ឍន៍ ដ៏ពិតប្រាកដនោះ។ តែនេះជាការអភិវឌ្ឍន៍មួយ ដែល«ធ្វើបាប»ប្រជាពលរដ្ឋទៅវិញទេ។ អ្នកស្រីថា ប្រជាពលរដ្ឋមានទុក្ខលំបាក ជិត១០ឆ្នាំមកហើយ តែមិនមែនឃើញមុខនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន មកមើលរាស្រ្ត ដូចនាយករដ្ឋមន្រ្តីនៅស្រុកថៃសោះ៕