រដ្ឋាភិបាល​សម្រេច​ប្ដឹង​រំលាយ CNRP តាម​សំណើរ​គណបក្ស​ពីរ

រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្ដឹងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧នេះ ឡើងទៅតុលាការកំពូល ដើម្បីប្ដឹង«រំលាយ»គណបក្សសង្គ្រោះជាតិ ដោយផ្អែកលើពាក្យបណ្ដឹង របស់គណបក្សនយោបាយ ចំនួនពីរផ្សេងទៀត។ ក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃ បានអះអាងថា ជាមួយនឹងភស្ដុតាង ទាំង២១កញ្ចប់ វាគ្រប់គ្រាន់ ដើម្បីឲ្យតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិបាន ដោយផ្អែកលើមាត្រា ៦ថ្មី និងមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។
រដ្ឋាភិបាល​សម្រេច​ប្ដឹង​រំលាយ CNRP តាម​សំណើរ​គណបក្ស​ពីរ
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៦ តុលា ២០១៧
  • កែប្រែចុងក្រោយ: October 06, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពាក្យបណ្ដឹង ប្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង​ធំជាងគេ​ចោលនេះ មិនជាប់ពាក់ព័ន្ធជាមួយលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ននោះទេ ដោយទំនងជាលោក កឹម សុខា នៅជាជនគ្មានទោសនៅឡើយ ដរាបណាមិនមានសាលក្រមតុលាការ ចូលជាស្ថាពរទេនោះ។

ប៉ុន្តែបើតាមក្រុមមេធាវីទាំង៥នាក់ របស់ក្រសួងមហាផ្ទៃ បានអះអាងថា ពាក្យបណ្ដឹងបានយោងតាមអង្គហេតុផ្សេង ដែលមានភស្ដុតាង ដល់ទៅ២១កញ្ចប់ រួមមាន៖ សម្ដី​ផ្ទាល់​ខ្លួន​របស់​លោក កឹម សុខា និង​វីដេអូ​ឃ្លីប​ចំនួន​បី ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះជាតិ​បាន​សហការ ​និង​ត្រូវ​បាន​គាំ​ពារ​ដោយ​បរទេស។

​លោក គី តិច មេធាវីម្នាក់ ពីក្នុងចំណោមមេធាវីទាំង៥រូប បានបង្ហាញជំនឿថា ភស្ដុតាងដែលដាក់ជូន ទៅតុលាការកំពូលទាំងនេះ មានលក្ខណៈគ្រប់គ្រាន់ និងរឹងមាំ សម្រាប់ឲ្យតុលាការសម្រេចរំលាយគណបក្សសង្គ្រោះជាតិបាន តាម​មាត្រា​៦​ថ្មី​ពីរ និង​មាត្រា​៧ ​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មពីរដង ក្នុងឆ្នាំ២០១៧តែមួយនេះ។

គណបក្ស​សង្គ្រោះជាតិ​ មិនទាន់ធ្វើប្រតិកម្មជាផ្លូវការ នៅ​ឡើយ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងស្វែងរកជួបមន្ត្រីទទួលខុសត្រូវរបស់គណបក្ស ដើម្បីសុំការធ្វើអត្ថាធិប្បាយ ជុំវិញពាក្យបណ្ដឹងនេះ។

បណ្ដឹង​របស់រដ្ឋាភិបាលកម្ពុជា នៅថ្ងៃនេះ ​ធ្វើ​ឡើង​ដោយ​ផ្អែក​ លើ​ពាក្យ​​បណ្ដឹង​របស់​គណបក្ស​នយោបាយ​ចំនួន​ពីរ គឺ​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​យុវជន​កម្ពុជា ដែលបានដាក់ជូនទៅក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ។

គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បានអះអាងក្នុងពាក្យបណ្ដឹង​ថា គេ​មិន​អាច​កាត់​ផ្ដាច់ សំនុំរឿង​​លោក កឹម សុខា ​ទៅជា​បទ​ល្មើស​ផ្ទាល់​ខ្លួន ដោយ​ទាត់​ចោល​ការ​ទទួល​ខុស​ត្រូវ របស់​គណបក្ស​សង្គ្រោះជាតិ​ទាំង​មូល​បាន​ទេ ពី​ព្រោះ​លោក កឹម សុខា បានថ្លែងរឿងវ៉ាវទាំងអស់នេះ ទៅ​ដល់​អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស ​ក្នុង​ឋានៈលោក ​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​។

ចំណែក​គណបក្ស​យុវជន​កម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ វិញ បានសរសេរក្នុងលិខិតថា​ ពាក្យ​សម្ដី​លោក កឹម សុខា ដែល​ត្រូវបានយកមកបង្ហោះ ហើយដែលត្រូវបានគណបក្សនេះ និយាយថា ជាការបែកធ្លាយនោះ​ បញ្ជាក់ពីការឃុបឃិតគ្នា រវាងគណបក្ស​សង្គ្រោះជាតិ​​ជា​មួយ​បរទេស ក្នុងគោល​ដៅ​ធ្វើ​បដិវត្ត​ពណ៌ ដោយ​យក​គំរូ​តាម​ប្រទេស​ យូហ្គោស្លាវី និងសឺប៊ី៕

» ខាងក្រោមនេះ ជាសេចក្ដីសង្ខេបពាក្យបណ្ដឹង ចេញផ្សាយដោយក្រុមមេធាវីរដ្ឋាភិបាល៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...