សម រង្ស៊ី៖ រដ្ឋាភិបាលសម្រេចធ្វើពហិការការបោះឆ្នោត ២០១៨
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៦ តុលា ២០១៧
- កែប្រែចុងក្រោយ: October 06, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង«ខ្លាចចាញ់» ការបោះឆ្នោតជាតិ ក្នុងឆ្នាំ២០១៨ខាងមុខ។ នេះ ជាប្រតិកម្មរបស់លោក សម រង្ស៊ី ស្ថាបនិក និងជាអតីតប្រធាន គណបក្សសង្គ្រោះជាតិ តបទៅនឹងការសម្រេច របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្ដឹង រំលាយគណបក្សប្រឆាំង ដ៏ធំជាងគេនៅកម្ពុជា ក្នុងថ្ងៃនេះ ទៅកាន់តុលាការកំពូល។
មេធាវី៥រូប តំណាងដោយអាណត្តិរបស់រដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្ដឹង រួមជាមួយនឹងភស្ដុតាង ចំនួន២១កញ្ចប់ ទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យតុលាការ រំលាយគណបក្សសង្គ្រោះជាតិ តាមមាត្រា៦ថ្មី និងមាត្រា៧ នៃច្បាប់ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មពីរដង នៅក្នុងរយៈពេល មិនដល់៥ខែស្រួលបួលផង កាលពីដើមឆ្នាំ២០១៧នេះ។
បណ្ដឹងខាងលើ ធ្វើឡើងដោយផ្អែក លើពាក្យបណ្ដឹងរបស់គណបក្សនយោបាយចំនួនពីរ គឺគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដែលបានដាក់ពាក្យបណ្ដឹងពីរផ្សេងគ្នា ទៅកាន់ក្រសួងមហាផ្ទៃ កាលពីម្សិលម៉ិញ។
ក្រុមមេធាវីរដ្ឋាភិបាល បានសរសេរ នៅក្នុងសេចក្ដីសង្ខេបពាក្យបណ្ដឹង សំណូមពរដល់តុលាការកំពូល ឲ្យសម្រេចរំលាយគណបក្សសង្គ្រោះជាតិ តាមមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ និងហាមឃាត់ថ្នាក់ដឹកនាំគណបក្សនេះ មិនឲ្យធ្វើនយោបាយចំនួន៥ឆ្នាំ តាមមាត្រា៤៥ថ្មី នៃច្បាប់ដដែល។
ប៉ុន្តែសម្រាប់លោក សម រង្ស៊ី ទង្វើនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា មានន័យស្មើនឹងការធ្វើពហិការ ការបោះឆ្នោតជាតិ ក្នុងឆ្នាំខាងមុខ។ លោកបានសរសេរ នៅលើទំព័រទ្វីសធើរ (Twitter) របស់លោក ជាភាសាអង់គ្លេស ដែលមានន័យជាខេមរភាសាដូច្នេះថា៖ «រដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើពហិការ ការបោះឆ្នោតជាតិ (ក្នុងឆ្នាំខាងមុខ) ដោយខ្លាចចាញ់ឆ្នោត»។
#Cambodia's government has decided to boycott the 2018 election for fear of losing. #SamRainsy https://t.co/7TMG9kNpoV
— Rainsy Sam (@RainsySam) 6 octobre 2017
ព្រឹត្តិការណ៍នយោបាយ ក្នុងប៉ុន្មានខែចុងក្រោយនៅកម្ពុជា បានបង្កឲ្យមានប្រតិកម្មចម្រុះ ពីបណ្ដាប្រទេសធំៗ និងពីបណ្ដាស្ថាប័នអន្តរជាតិជាច្រើន នៅក្នុងពិភពលោក។ ក្រៅពីសំដែងការព្រួយបារម្ភ របស់ផងខ្លួន ក្រុមប្រទេស និងស្ថាប័នអន្តរជាតិធំៗទាំងនោះ បានព្រមានរដ្ឋាភិបាលកម្ពុជាដែរ ពីផលប៉ះពាល់ ដល់ការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តិធ្វើ ក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ រួមទាំងភាពស្របច្បាប់ នៃលទ្ធផលដែលចេញពីការបោះឆ្នោតនេះផង៕