មេធាវី​ការពារ ថាក់ ឡានី ថា​កូន​ក្ដី​មាន​អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា

នេះ ជាលើកទីពីរហើយ ដែលសមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី មិនបាន​បង្ហាញ​ខ្លួន នៅ​ក្នុង​តុលាការ តាមការកោះហៅ ដែលត្រូវបានចេញ ជាលើកទីពីរ នៅថ្ងៃទី១៧ ខែសីហានេះ។ មេធាវី​ការពារ​ក្ដី ឲ្យ​អ្នកស្រី ថាក់ ឡានី បានអះអាងថា ការមិនចូលខ្លួន ដោយសារសមាជិកព្រឹទ្ធសភារូបនេះ នៅ​មាន​អភ័យឯក​សិទ្ធ ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ត្រង់មាត្រា១០៤។
មេធាវី​ការពារ ថាក់ ឡានី ថា​កូន​ក្ដី​មាន​អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា
សម័យប្រជុំលើកទី៧ នៃព្រឹទ្ធសភា នីតកាលទី៣ របស់ប្រទេសកម្ពុជា។ (រូបថត monoROOM.info/ H. Vuthy)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 17, 2016
  • ប្រធានបទ: អភ័យឯកសិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការតតាំងគ្នាតាមផ្លូវច្បាប់ នៃការចោទប្រកាន់ ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្រោយឃាតកម្ម បាញ់​សម្លាប់លោក កែម ឡី កំពុងស្ថិតនៅលើដងផ្លូវដ៏វែងឆ្ងាយមួយ ពិបាកនឹងរកទិសដៅ។ ពិបាករកទិសដៅ ដោយ​សារភាគីចុងចោទមួយរូប ពីក្នុងចំណោម​ភាគីចុងចោទ នៃបណ្ដឹងដើមចោទចំនួនពីរ បានបដិសេធជា​លើក​ទី​ពីរ មិនចូលខ្លួនទៅបំភ្លឺនៅតុលាការ តាមការកោះ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ដោយ​បាន​អះអាង​ថា ភាគីចុងចោទកំពុងមានអភ័យឯកសិទ្ធិ ការពារដោយរដ្ឋធម្មនុញ្ញ​នៅឡើយ។

លោក សំ សុគង់ មេធាវីការពារក្ដី ឲ្យសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺអ្នកស្រី ថាក់ ឡានី ដែល​កំពុង​រង​បណ្តឹង ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ បានថ្លែងថា ការស៊ើបសួររបស់តុលាការ មិនមែនជាបទល្មើស​ជាក់ស្ដែង ហើយតុលាការត្រូវអនុវត្តន៍តាមនិតិវិធី ដោយស្នើសុំទៅអង្គព្រឹទ្ធសភា ឲ្យកោះប្រជុំ ដើម្បីដក​អភ័យ​ឯក​សិទ្ធិ ពីអ្នកស្រី ថាក់ ឡានី ជាមុនសិន។

លោក សំ សុគង់ បានថ្លែងឡើងថា៖ «ដើម្បីឲ្យមានការអនុវត្ដ​បាន​ត្រឹម​ត្រូវ គឺត្រូវមានការប្រជុំពីព្រឹទ្ធសភា ដើម្បីព្យួរ ឬដកអភ័យឯកសិទ្ធ ទៅតាមនិតិវិធីច្បាប់ ហើយចាំឲ្យ​តុលាការ​​ដំណើរការ​និតិវិធី តាមច្បាប់​(តទៅ)​ទៀត»។

តាមមាត្រា១០៤ នៃរដ្ឋធម្មនុញ្ញ បានចែងថា៖ «សមាជិកព្រឹទ្ធសភា មានអភ័យឯកសិទ្ធិសភា។ សមាជិក​ព្រឹទ្ធសភា​​រូបណាក៏ដោយ មិនអាចត្រូវបានចោទប្រកាន់ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុ ពីបានសំដែង​យោបល់ ឬបញ្ចេញមតិ ក្នុងការបំពេញមុខងារ របស់ខ្លួនសោះឡើយ។ ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់​ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយ នៃព្រឹទ្ធសភា នឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រម ពីព្រឹទ្ធសភា ឬពីគណៈកម្មាធិការអចិន្ត្រៃយ៍ របស់ព្រឹទ្ធសភា ក្នុងចន្លោះសម័យប្រជុំនៃព្រឹទ្ធសភា វៀរលែង តែក្នុងករណី​បទ​ល្មើសព្រហ្មទណ្ឌជាក់ស្ដែង។»

មាត្រានេះ បានចែងបន្តទៀតថា៖ «ក្នុងករណីចុងក្រោយនេះ ក្រសួងមានសមត្ថកិច្ច ត្រូវធ្វើសេចក្ដីរាយការណ៍​ជូន​ព្រឹទ្ធសភា ឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍ របស់ព្រឹទ្ធសភាជាបន្ទាន់ ដើម្បីសម្រេច។ សេចក្ដីសម្រេច របស់​​គណៈកម្មាធិការអចិន្ត្រៃយ៍ របស់ព្រឹទ្ធសភា ត្រូវដាក់ជូនសម័យប្រជុំព្រឹទ្ធសភាខាងមុខ ដើម្បី​អនុម័ត​តាម​មតិ​​ភាគ​ច្រើន​ពីរ​ភាគបី នៃសមាជិកព្រឹទ្ធសភាទាំងមូល។»។

កាល​ពីថ្ងៃទី១​ ខែសីហា លោក គី តិច មេធាវីតំណាងឲ្យលោក ហ៊ុន សែន បានដាកពាក្យបណ្ដឹងមួយ ចូល​មក​សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក សម រង្ស៊ី និងអ្នកស្រី​ ថាក់ ឡានី ជុំវិញការចោទប្រកាន់​លោក​នាយក​រដ្ឋមន្ត្រី ថាបាននៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា កន្លង​មក។ ពាក្យបណ្ដឹងនោះ បានស្នើសុំទៅតុលាការ ឲ្យធ្វើការផ្ដន្ទាទោសភាគីចុងចោទ ទៅតាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត ក្នុងម្នាក់ ១០០រៀល។

ភ្លាមៗ នៅក្នុងថ្ងៃទី១ ខែសីហា ដដែលនោះ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូង និងជា​អ្នក​នាំ​ពាក្យ បានចេញដីកា​កោះភាគីចុងចោទទាំងពីរ ឲ្យចូលខ្លួនមកបំភ្លឺ ជុំវិញពាក្យបណ្ដឹងនេះ។ ប៉ុន្តែអ្នកស្រី ថាក់ ឡានី បានបដិសេធ​ការចូលខ្លួននេះ​ម្ដងហើយ កាលពីថ្ងៃទី៨ ខែសីហា ហើយតុលាការ​បានចេញ​ដីកា​កោះ​​ជា​លើក​ទីពីរ បញ្ជាឲ្យចូលខ្លួន ក្នុងថ្ងៃទី១៧ ខែសីហានេះ។

លោក លី សុផាណ បានថ្លែងតាមប្រព័ន្ធ «Telegram» ថា ការមិនចូលខ្លួនតាមកាលបរិច្ឆេទ នៃការកោះ​ហៅ​លើកទី២ អយ្យការអមសាលាដំបូង សម្រេច​បន្ត​ចំណាត់​ការស៊ើបអង្កេត រឿងក្តីនេះទៀត ដោយពិនិត្យលើ​ពាក្យ​បណ្តឹង ភស្តុតាង និងសាក្សី ដែល​មាន​ប្រយោជន៍ ដល់ចំណាត់ការរឿងក្តីនេះ។

ចំពោះការចោទប្រកាន់ខាងលើ ដែលលោក ហ៊ុន សែន បានលើកឡើងក្នុងបណ្ដឹង ដោយយោងលើវីដេអូ ទាក់​ទង​នឹង​ការថ្លែង​របស់អ្នកស្រី ថាក់ ឡានី ដែលត្រូវបាន​យកមកបង្ហោះ នៅតាមបណ្ដាញសង្គមនោះ ត្រូវបាន​សមាជិក​ព្រឹទ្ធសភារូបនេះ ច្រានចោល ដោយអះអាងថា សំដីអ្នកស្រីនៅក្នុង​វីដេអូនោះ ត្រូវបានគេ​យក​មក​កាត់​ត ខុសពីការពិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...