នគរបាល ថា​ជន​ល្មើស​«កំពុង​ស៊ី​សាច់​»មុខ​ជន​រង​គ្រោះ

បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ថាមានបទល្មើស បង្កឡើងដោយជនប្រដាប់កាំបិទ នៅក្នុងតំប​ន់មួយ នៃ​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិករួច ភ្នាក់ងារនគរបាលម្នាក់ ត្រូវបានបញ្ជូនយ៉ាង​ប្រញាប់ប្រញាល់ ទៅកាន់​កន្លែង​កើត​ហេតុ។ ទៅ​ដល់​ទីនោះ ភ្នាក់ងារ​នគរបាល បានប្រទះឃើញជនម្នាក់ កំពុងស៊ីសាច់មុខ របស់ជន​រង​គ្រោះ។ បញ្ជាក់៖ អត្ថបទនេះ មិន​សម្រាប់​អ្នកអានណា ដែលមានបញ្ហាខាងអារម្មណ៍។
នគរបាល ថា​ជន​ល្មើស​«កំពុង​ស៊ី​សាច់​»មុខ​ជន​រង​គ្រោះ
យុវជន «Austin Harrouff» ដែលជានិស្សិតអាយុ ១៩ឆ្នាំ និងទិដ្ឋភាពជំនួស បង្ហាញពីការស៊ីសាច់ឆៅ របស់​មនុស្ស​លោក។ (រូបភាពលើហ្វេសប៊ុក)
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 17, 2016
  • ប្រធានបទ: ស៊ីសាច់មនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីយប់ថ្ងៃចន្ទ កន្លងមកនេះ និស្សិត​អាយុ១៩ឆ្នាំម្នាក់ បានប្រើកាំបិត​ចាក់ឲ្យរបួស បុរសស្ត្រីពីរនាក់ប្ដី​ប្រពន្ធ នៅក្នុងក្រុង ម៉ាតាំង (Martin) នៃរដ្ឋផ្លរីដា (Florda) ភាគខាងត្បូង​សហរដ្ឋអាមេរិក។ បន្ទាប់មកភ្លាមៗនោះ យុវជន​ល្មើស​ដែលក្រោយមក ត្រូវបានស្គាល់ឈ្មោះ «Austin Harrouff» បានប្រើធ្មេញរបស់ខ្លួន ខាំទាញ​សាច់​មុខ​របស់​បុរសជាប្ដី យកមកទំពារលេប ជាមួយនឹងសម្លេងគ្រហឹម ហាក់ដូចជាសត្វដ៏​សាហាវ​មួយ​ក្បាល។

បន្ទាប់ពីទទួលសេចក្ដីរាយការណ៍ ពីអ្នកនៅជិតខាង ទាក់ទងនឹងហេតុការណ៍នេះ ក្រុមនគរបាលបានប្រញប់​ប្រញាល់ ទៅកាន់កន្លែងកើតហេតុ ហើយបានប្រទះករណីនេះ ដែលសឹងមិនគួរឲ្យជឿ ប្រសិនជាមិនបាន​ឃើញ​ផ្ទាល់​ភ្នែក៖ យុវជន «Austin Harrouff» កំពុងប្រើធ្មេញ ខាំហែកស៊ី​មុខលោក «John Stevens» ដែល​ជា​ជន​រងគ្រោះម្នាក់ ពីក្នុងចំណោមជនរងគ្រោះពីរនាក់ (ម្នាក់ទៀតជាភរិយា គឺអ្នកស្រី «Michelle Mishcon»)។ កង​កម្លាំង​អាជ្ញាធរ បានប្រើភ្នាក់ងារជាច្រើនរូប ឆ្កែមួយក្បាល និងកាំភ្លើេងខ្លីមួយដើមផង ដើម្បីបង្ខំឲ្យ​យុវជន​នោះ ព្រលែង​សាច់​មនុស្ស ពីក្នុងមាត់របស់ខ្លួន។

គ្មានអារម្មណ៍ថាឈឺចាប់...

នាយនគរបាលតំបន់ ម៉ាតាំង បានពន្យល់ក្រោយពេលកើតហេតុថា យុវជនល្មើស ដែលកំពុងស៊ី​សាច់​មនុស្ស​នោះ មានកម្លាំងខ្លាំងក្លាណាស់ ហាក់ដូចជាមានអ្វីសណ្ឋិត ឬត្រូវថ្នាំ។ លោកបានអះអាងថា៖ «ជននោះ មិន​ទទួល​អារម្មណ៍ឈឺចាប់ទេ ហើយក៏មិនខ្វល់ខ្វាយ ពីការខាំប្រតាយប្រតប់ ពីសំណាក់សត្វឆ្កែបង្វឹក ឬពី​សំណាក់​កាំភ្លើង​ឆក់ ​របស់នគរបាលដែរ។ នគរបាលត្រូវបានប្រើកម្លាំង ដល់ទៅ៤នាក់ ដើម្បីបង្ក្រាប​ជន​នេះ​បាន។»

ការត្រួតពិនិត្យឈាម របស់យុវជនចម្លែក មិនបានរកឃើញថា យុវជននេះ រងឥទ្ធិពលពីគ្រឿងញៀន ដូច​យ៉ាង​ម្សៅ​កូកាអ៊ីន ឬហេរ៉ូអ៊ីនឡើយ។ ហើយការបង្ហើបឲ្យដឹង ពីមូលហេតុដែលឈានទៅដល់ការសម្លាប់ ដើម្បីស៊ី​សាច់​ជន​រង​គ្រោះ​នេះ ក៏នៅមិនទាន់ត្រូវបាននគរបាលទម្លាយឲ្យដឹងដែរ ដោយហេតុថាការស៊ើបអង្កេត ទើប​នឹង​ចាប់​ផ្ដើម​ធ្វើ។ ប៉ុន្តែនគរបាលបានសង្ស័យថា យុវជនទំនង​ជាបាន​ប្រើប្រាស់ថ្នាំញៀន ដែល​មាន​តម្លៃ​ថោក និង​ផលិត​នៅ​ប្រទេស​ចិន មានឈ្មោះថា «flakka»។ ថ្នាំញៀនប្រភេទនេះ ដែលកំពុងចរាចរណ៍​ដោយ​ខុស​ច្បាប់ នៅ​ក្នុង​តំបន់​នោះ បានផ្ដល់ទៅឲ្យអ្នកប្រើប្រាស់វា មានកម្លាំងដ៏ខ្លាំងក្លា និងភាពវង្វេងវង្វាន់ បាត់​បង់​សតិ លែង​គ្រប់គ្រង​ខ្លួន​បាន​ត​ទៅទៀត។

ករណីស៊ីសាច់មនុស្ស ក្រោមឥទ្ធិពលនៃថ្នាំញៀនស្រវឹង មិនមែនទើបនឹងកើតជាលើកទីមួយទេ នៅសហរដ្ឋ​អាមេរិក ជាពិសេសនៅក្នុងរដ្ឋផ្លរីដា​នេះតែម្ដង។ កាលពីខែឧសភា ឆ្នាំ២០១២ បុរសម្នាក់ បានធ្វើ​អោយ​រំជួល ពេញ​ទាំង​ទីក្រុង មីអាមី (Miami) ក្នុងរដ្ឋផ្លរីដា បន្ទាប់ពីបុរសនេះ បានធ្វើ​សកម្មភាព​​ស៊ីសាច់មុខ របស់ជន​គ្មាន​លំនៅដ្ឋាន​ម្នាក់ នៅកណ្ដាលដងផ្លូវ។ នៅពេលនោះ បុរសល្មើសខាងលើ ដែលត្រូវបាននគរបាល​បាញ់សម្លាប់ នៅ​ផ្ទាល់​កន្លែង បានជាប់ឈ្មោះ​ពីអ្នកផងថាជា «Miami Zombie (ឬមនុស្សខ្មោច នៅមីអាមី)»៕

» សន្និសីទសារព័ត៌មាន របស់នាយនគរបាលតំបន់ ម៉ាតាំង ស្ដីពីករណីយុវជន «Austin Harrouff» ដូច​ខាង​ក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...